ភ្នំពេញ៖ ទិវា​រត់​ប្រណាំង​ស្ត្រី​ចម្ងាយ ១០ គីឡូម៉ែត្រ ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ក្រសួង​ទេសចរណ៍ គ្រោង​រៀបចំ​ដូច​រាល់​ឆ្នាំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិនារី អន្តរជាតិ ៨ មីនា ឆ្នាំ ២០២១ នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ផ្អាក​សិន ដោយ​រង់ចាំ​សេចក្តី​ជូនដំណឹង​ជា​ថ្មី​ពី​ស្ថាប័ន​ជំនាញ និង​រាជរដ្ឋាភិបាល ជុំវិញ​ការ​ផ្ទះ​ឡើងជា​ថ្មី​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។

ជាមួយ​គ្នា​នេះ ព្រឹត្តិការណ៍​មួយ​ចំនួន​ទៀត មាន​ដូចជា​ការ​ប្រកួត​កីឡា​បាល់ទាត់ ការ​ប្រកួត​កីឡា​ហុកគី និង​កិច្ចប្រជុំ​មួយ​ចំនួន រួមទាំង​សកម្មភាព​លេង​កីឡា​ជា​លក្ខណៈ​ប្រមូល​ផ្តុំ មាន​អ្នក​ចូលរួម​ច្រើន​នោះ ក៏​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ដែល​ធ្វើ​ទៅ​តាម​លិខិត​ប្រកាស​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ដោយ​តម្រូវ​ឱ្យ​ផ្អាក​អាជីវកម្ម​ក្លិប​ហាត់ប្រាណ និង​ផ្អាក​ការ​លេង​កីឡា ឬ​ហាត់ប្រាណ​គ្រប់​ប្រភេទ នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​នៅ​ក្រុង​ព្រះសីហនុ នៃ​ខេត្ត​ព្រះសីហនុ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ថ្លែង​ថា៖ «គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួងទេសចរណ៍ ស្នើ​ដល់​កីឡាករ កីឡាការិនី និង​អ្នក​ឧបត្ថម្ភ​គាំទ្រ ទាំង​អស់​មាន​ការ​យោគយល់ និង​ចូលរួម​អនុវត្ត​តាម​សភាពការណ៍​ជាក់​ស្តែង នៃ​មូលហេតុ​ផ្អាក​ជា​បណ្តោះអាសន្ន ដោយ​បញ្ហា​កូវីដ ១៩ ផ្ទុះ​ជា​ថ្មី ជា​លក្ខណៈ​សហគមន៍​នេះ ខណៈ​ទិវា​រត់​ប្រណាំង​ស្ត្រី ៨ មីនា នេះ មាន​មហាជន​ចូលរួម​ច្រើន​ជាង​គេ អ៊ីចឹង​យើង​ត្រូវ​ពន្យាពេល​ និង​ផ្អាក​សិន ដើម្បី​ការពារ​សុខភាព និង​សុវត្ថិភាព​របស់​កីឡាករ​កីឡាការិនី​ទាំងអស់ និង​អនុវត្ត តាម​សេចក្តី​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្រសួង​សុខាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាលា​រាជធានីភ្នំពេញ»។

ជាមួយ​គ្នា​នេះ​ សហព័ន្ធ​កីឡា​ បាល់ទាត់​កម្ពុជា (FFC) ក៏​បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​ការ​ប្រកួត​ជម្រើស​ជើង​ឯក​លីគ​នារី ឆ្នាំ ២០២១ វគ្គ​ផ្តាច់ព្រ័ត្រ កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ព្រម​ទាំង​ផ្អាក​ការ​ប្រកួត​ជម្រើស​ជើងឯក​យុវជន អាយុ​ក្រោម ១៥ ឆ្នាំ និង​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម ១៨ ឆ្នាំ រហូត​ដល់​មាន​ការ​ជូនដំណឹង​ជាថ្មី​ផង​ដេរ។

បន្ថែម​លើ​នេះ គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ក៏​បាន​ផ្អាក​មិន​ឱ្យ​មាន​ទស្សនិកជន​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់ នៅ​កីឡដ្ឋាន​ក្នុង​ការ​ប្រកួត​ពានរ​ង្វាន់​សម្តេច ហ៊ុន សែន (ថ្នាក់​ខេត្ត) ដែល​កំពុង​ដំណើរការ និង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ឆ្នាំ ២០២១ ដែល​គ្រោង​នឹង​ប្រកួត​នៅ​ថ្ងៃទី ៦ ខែ​មីនា ចុង​សប្តាហ៍​នេះ ហើយ FFC ក៏​បាន​ប្រកាស​ពន្យារពេល​នៃ​សិក្ខាសាលា​ស្តីពី «វគ្គ​បណ្តុះបណ្តាល​មន្ត្រី​គ្រប់គ្រង​ព្រឹត្តិការណ៍​ប្រកួត» ជា​បណ្តោះអាសន្ន​ផង​ដែរ។

ទន្ទឹមនឹង​នេះ ការ​ប្រកួត​កីឡា​ហុកគី​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំ​ឆ្នាំ ២០២០ ដែល​សហព័ន្ធ​កីឡា​ហុកគី​កម្ពុជា​បាន​គ្រោង​រៀបចំ​ជាថ្មី​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក៏​ត្រូវ​បាន​ផ្អាក​ផង​ដែរ ហើយ NOCC ដែល​គ្រោង​ធ្វើ​មហាសន្និបាត​របស់​ខ្លួន ក៏​ត្រូវ​បាន​ផ្អាក និង​លើក​ពេល ចំណែក​កម្មវិធី​របស់ CAMSOC ផ្សេង​ទៀត សុទ្ធតែ​ត្រូវ​ផ្អាក និង​ពន្យារពេល​សិន​ដូចគ្នា៕