ភ្នំពេញៈ អ្នក​ប្រដាល់ ធី តុងហ៊ី ដែល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​ជិត​ ១០ ​ឆ្នាំ តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ល្អ​គាប់ចិត្ត​ទេ ទោះ​បាន​ប្តូរ​ចេញ​ពី​ក្លិប​សាលវ័ន្ត​កីឡា និង​ក្លិប​វិបុល​ពោធិ៍​សែនជ័យ​នោះ​ក្តី​។ បច្ចុប្បន្ន​គេ​បាន​ផ្លាស់​មក​នៅ​ក្លិប​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​វិញ និង​បាន​ឈាន​ជើង​ចូល​ហ្វឹកហាត់​នៅក្នុង​ក្លិប​ឈឆាមពាន​ខេត្ត​ស្រះកែវ នៅលើ​ទឹក​នៃ​ប្រទេស​ថៃ ហើយ​រូបគេ​ត្រូវ​ចំណាយ​ពេល​ជាង​ ២ ​ខែ ដើម្បី​ហ្វឹកហាត់ និង​ប្រកួត​នៅលើ​ទឹកដី​ថៃ​ក្នុង​កម្មវិធី​របស់​សង្វៀន Max Muythai ចំនួន​ ៣ ​​លើក ដើម្បី​ស្រង់​យក​បច្ចេកទេស និង​បទពិសោធ​ជាមួយ​កីឡាករ​ដែល​ជា​ជនបរទេស​។

កីឡាករ​មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ធី តុងហ៊ី មាន​បងប្អូន​ ៨ ​នាក់ ហើយ​គេ​ជា​កូន​ទី​ ៧ ឯ​បងប្រុស​ ៣ ​នាក់​ទៀត​ក៏​ជា​អ្នក​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ​ដែរ ដោយ​ក្នុង​នោះ​បងប្រុស​របស់​គេ​ម្នាក់​ឈ្មោះ ឡុង គឹមសែន ក៏​ជា​កីឡាករ​ឆ្នើម​ល្បីល្បាញ​លំដាប់​ជួរមុខ​ ១ ​រូប​ដែរ​នៅក្នុង​អំឡុង​ឆ្នាំ​ ២០០៤ ដែល​ជា​សិស្សគណ​នៅ​ក្លិប​សាលវ័ន្ត​កីឡា​ជាមួយ​លោកគ្រូ ឡុង សាលវ័ន្ត​។

កីឡាករ ធី តុងហ៊ី បាន​និយាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ខេត្ត​ឈុនបុរី ក្រុង​ប៉ាតាយ៉ា ប្រទេស​ថៃ​កាលពី​សប្តាហ៍​មុន​ចំពោះ​ការចាកចេញ​ពី​មាតុភូមិ​មក​ហ្វឹកហាត់​ប្រទេស​ថៃ​ថា​៖ «​បច្ចុប្បន្ន​ទម្ងន់​ពិត​របស់​ខ្ញុំ​ ៧២ ​គីឡូក្រាម​គឺ​លំបាក​ស្វែងរក​ចាប់​គូប្រកួត​ណាស់​នៅ​ស្រុក​ខ្មែរ ហើយ​សូម្បីតែ​ផ្លាស់ប្តូរ​ក្លិប​អស់​ ២ ​ហើយ​នៅតែ​ចាប់​គូប្រកួត​មិន​បាន​ដែរ ព្រោះ​តាម​សង្វៀន​មួយ​ចំនួន​រើសអើង​ចំពោះ​ខ្ញុំ បើ​ទោះបី​ជា​ខ្ញុំ​ធ្លាប់​បាន​លេខ​ ២ ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ Ganzberg នៅ​សង្វៀន​ខេត្ត​សៀមរាប​របស់ CTN ក៏ដោយ​»​។

តុងហ៊ី បាន​បន្ថែម​ថា​៖ «​ពេលនេះ​ខ្ញុំ​សម្រេច​ចិត្ត​មក​ហ្វឹកហាត់​នៅ​ស្រុកថៃ សុំ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​មាន​ថៃ និង​ប្រេស៊ីល​មួយ​រយៈ​សិន ដើម្បី​មាន​បទពិសោធ​ល្អ ហើយ​វិល​ទៅ​ប្រកួត​ដណ្តើម​យក​ខ្សែក្រវាត់​នៅ​ស្រុក​ខ្មែរ​យើង​វិញ​ឲ្យ​បាន ព្រោះ​កន្លង​មក​មាន​ក្រុម​លេង​ហ្វេសប៊ុក​បាន​រិះគន់ និង​ជេរ​ខ្ញុំ​។ ហេតុនេះ​ក្នុង​ពេល​ហាត់ និង​ប្រកួត​ក្នុង​ប្រទេស​ថៃ ខ្ញុំ​មិន​សំដៅ​លុយ​តម្លៃ​ខ្លួន​ទេ​គឺ​ឲ្យ​តែ​បាន​ត្រឹម​ហូបចុក ស្នាក់នៅ និង​បាន​ហ្វឹកហាត់​លក្ខណៈ​ស្តង់ដា​ឡើង​ប្រកួត​បាន​គិត​ថា​ល្អ​ពេញចិត្ត​ណាស់​ហើយ​»​។

អ្នក​ប្រដាល់​ចូលចិត្ត​ប្រើ​ជង្គង់​រូបនេះ​បាន​បន្ថែម​ថា​៖ «​ការចេញ​មក​ហាត់ និង​ប្រកួត​នៅ​ប្រទេស​ថៃ​នេះ​ទទួល​បាន​ការឧបត្ថម្ភ​ពី​លោក ថៃ អ៊ូ ប្រធាន​សមាគម​កីឡាប្រដាល់​គុន​ខ្មែរ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ពង្រឹង​សមត្ថភាព​ឲ្យ​បាន​ល្អ​ត្រៀម​ឡើង​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ក្នុង​ខែ​មិថុនា ឆ្នាំ​ ២០១៩ ខាង​មុខ​»​។

តាម​ការអះអាង​របស់ ធី តុងហ៊ី គឺ​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​នេះ​រូបគេ​ប្រកួត​បាន​ ១៨០ ​ដង​ឈ្នះ​ ១៥២ ចាញ់​ ២៨ ​ដង​ក្នុង​នោះ​ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​បាន​ ៥០ ​ដង ហើយ​គោលបំណង​ធំ​របស់​គេ​គឺ​ហាត់​ឲ្យ​បាន​ល្អ ដើម្បី​ចង់​វ៉ៃ​ជាមួយ​កីឡាករ វង្ស ណយ បាន​ម្តង ហើយ​បើ​ចាញ់​មិន​យក​តម្លៃ​ខ្លួន​ទេ​។ ប៉ុន្តែ តុងហ៊ី បាន​ស្នើសុំ​បងប្អូន​រួម​ជាតិ​មេត្តា​សូមកុំ​សើច​ចំអក​ជេរប្រទេច​អី ទោះបី​ការប្រកួត​ចាញ់​ព្រោះ​គ្រាន់​ដើម្បី​ដកស្រង់​បច្ចេកទេស និង​បទពិសោធ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ហេតុ​នេះ​បើ​មិន​គាំទ្រ សូមកុំ​យក​ជើង​រាទឹក ។

លោក ថៃ អ៊ូ អ្នកគ្រប់គ្រង ធី តុងហ៊ី បាន​និយាយ​ថា​នៅ​រាត្រី​ថ្ងៃទី​ ២៣ ខែ​ឧសភា ឆ្នាំ​ ២០១៩ ​នេះ តុងហ៊ី នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​ប៉ុស្តិ៍​លេខ​ ៨ ​របស់​ថៃ នាទី​ក្រុង​បាងកក ហើយ​នៅក្នុង​គម្រោង​ប្រកួត​នៅ​ស្រុក​ថៃ​ចំនួន​ ៣ ​លើក​គឺ​នៅ​សល់​តែ​ ១ ​ប្រកួត​នេះ​ទៀត​ទេ ខណៈ​ ២ ​ប្រកួត​កន្លងមក គឺ​កាលពី​លើក​ទី​ ១ ​ចាញ់​ម្ចាស់​ខ្សែក្រវាត់​មកពី​ប្រទេស​ប្រេស៊ីល Danier Morales ដោយ​ពិន្ទុ​នៅ​ក្រុង​ប៉ាតាយ៉ា និង​លើក​ទី​ ២ បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ នៅ​ខេត្ត​ស្រះកែវ​។

ចំណែក​លោកគ្រូ​ប្រដាល់​ហេង ប៊ុនឃីម ដែល​នាំ​កីឡាករ​ទៅ​ប្រកួត​នៅ​ថៃ បាន​និយាយ​ថា​៖ «​យើង​ដឹង​ហើយ​នៅ​ស្រុក​ថៃ ការផ្គូផ្គង​ភាគច្រើន​កីឡាករ​ថៃ មាន​សមត្ថភាព​ល្អ​ជាង ហើយ​លទ្ធផល​ប្រកួត បើ​យើង​វាយ​ឈ្នះ​មិន​ដាច់ មិន​បាន​ទេ​។ ជាក់ស្តែង​ការប្រកួត​របស់ ធី តុងហ៊ី លើក​ទី​ ២ កាលពី​រាត្រី​ថ្ងៃទី​ ១៩ ខែ​ឧសភា​ជាមួយ​កីឡាករ​ថៃ​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ គឺ តុងហ៊ី មាន​ប្រៀប​ឈ្នះ ប៉ុន្តែ​បាន​ដួល​នៅ​ចុង​ទឹក​ ២ ​ដង​ក៏​នាំ​ឲ្យ​ចាញ់ គឺ សោកស្តាយ​ណាស់​»៕