បារាំងៈ ក្រុម​នារី​ជម្រើស​ជាតិ​ន័រវែស​បាន​ឡើង​ដល់​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup នារី​ជាមួយ​ប្រទេស​ចិន និង​អេស្ប៉ាញ​កាលពី​ថ្ងៃ​ចន្ទ​ក្រោយពី​បាន​ឈ្នះ​កូរ៉េ​ខាងត្បូង ២-១ ខណៈ​ប្រទេស​បារាំង និង​អាល្លឺម៉ង់​មាន​ពិន្ទុ​ច្រើន​ជាង​ប្រទេស​ទាំង​ ៣​ ​នេះ​ក្រោយពី​បាន​ឈ្នះ​នីហ្សេរីយ៉ា និង​អាហ្វ្រិក​ខាង​ត្បូង​។

ក្រុម​ជម្រើស​ជាតិ​ន័រវែស​រក​បាន​ ២ ​គ្រាប់​នាំមុខ​គូប្រកួត​ខ្លួន​ដោយ​ការស៊ុត​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​ទាំង​​ ២ ​ដង​ដែល​គ្រាប់​ទី​ ១ ​ស៊ុត​ដោយ​កីឡាការិនី C. G. Hansen នៅ​នាទី​ទី​ ៥ ហើយ​គ្រាប់​ទី​ ២ ​ស៊ុត​ដោយ​កីឡាការិនី I. Herlovsen នៅ​នាទី​ទី​ ៥១ ហើយ​លុះ​ដល់​នាទី​ទី​ ៧៨ ក្រុម​នារី​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​រក​បាន​ ១ ​គ្រាប់​វិញ​ ប៉ុន្តែ​នៅតែ​មិន​អាច​តាម​ស្នើ​បាន​ដែល​ធ្វើឲ្យ​ការប្រកួត​កាលពី​ថ្ងៃ​ចន្ទ​បញ្ចប់​ទៅ​នៅក្នុង​លទ្ធផល ២-១​។

ការប្រកួត​នេះ​បាន​ធ្វើឲ្យ​ខ្សែប្រយុទ្ធ Hansen លេង​នៅ​ក្លិប Barcelona នោះ​បាន​រងរបួស ហើយ​ត្រូវ​ព្យាបាល​នៅ​ក្រៅ​ទីលាន​ប្រកួត​ក្រោយពី​រក​បាន​គ្រាប់​បើក​ឆាក​មុន​គេ​។

នៅពេល​ក្រុម​អ្នកកាសែត​បាន​សួរ​នាង​ថា តើ​នាង​អាច​នឹង​ចូលរួម​ការប្រកួត​នៅ​ជុំ​បន្តបន្ទាប់​ទៀត​បាន​ដែរ​ឬ​យ៉ាងណា​នោះ នាង​បាន​ឆ្លើយ​ថា​៖ «​ខ្ញុំ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ គឺ​វា​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​ក្រុម​គ្រូពេទ្យ​»​។

ខ្សែប្រយុទ្ធ​រូបនេះ​បាន​បន្ថែម​ថា​៖ «​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​គឺ​លេង​បាន​ល្អ​ជាង​ការ​ដែល​យើង​នឹក​គិត​ទៅ​ទៀត ប៉ុន្តែ​យើង​លេង​មិន​ល្អ​ទេ​ថ្ងៃនេះ តែ​ទោះ​ជា​យ៉ាង​ណា យើង​សប្បាយចិត្ត​ដែល​យើង​អាច​ឆ្លង​ផុត​វគ្គ​នេះ​»​។

នៅក្នុង​ការប្រកួត​ជា​បន្ត​ទៀត​នេះ​ក្រុម​របស់​កីឡាការិនី Martin Sjogren នៃ​ជម្រើសជាតិ​ន័រវែស​នឹង​ត្រូវ​ប៉ះ​ជាមួយ​ប្រទេស​អ៊ីតាលី ឬ​ប្រេស៊ីល ឬ​ក៏​អូស្ត្រាលី ខណៈ​ប្រទេស​ទាំង​ ៣ ​នេះ​កំពុង​ប្រជែង​គ្នា​នៅក្នុង​ពូល C ដើម្បី​ឡើង​ទៅ​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​ស្របពេល​អ៊ីតាលី ខ្វះ​តែ​ ១ ​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ដើម្បី​ឈរ​នៅ​លើ​កំពូល​តារាង​នៅក្នុង​ពូល C ។

កីឡាការិនី Sjogren បាន​និយាយ​ថា​៖ «​យើង​ត្រូវ​រង់ចាំ​មើល​សិន​ថា ក្រុម​ណា​នឹងត្រូវ​ជួប​យើង ប៉ុន្តែ​ខ្ញុំ​គិត​ថា ក្រុម​អ៊ីតាលី​ពិតជា​ធ្វើឲ្យ​ខ្ញុំ​មាន​ការចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​»​។

ទន្ទឹម​នេះ​ដែរ​ក្រុម​ជម្រើសជាតិ​បារាំង​នឹង​ប៉ះ​ជាមួយ​ក្រុម​ណា​មួយ​នៅក្នុង​ចំណោម​ ៤ ​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​ ៣ ក្រោយពី​បាន​ឈ្នះ ១-០ ទៅលើ​ប្រទេស​នីហ្សេរីយ៉ា​ដោយ​ការស៊ុត​បាល់​ពិន័យ​ ១១ ​ម៉ែត្រ ប៉ុន្តែ​បារាំង​អាច​នឹង​ប៉ះ​ជាមួយ​ម្ចាស់​ជើងឯក​សហរដ្ឋ​អាមេរិក​នៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ ខណៈ​សហរដ្ឋអាមេរិក​ត្រូវ​គេ​រំពឹង​ថា នឹង​ឈរ​នៅ​លើ​កំពូល​តារាង​នៅក្នុង​ពូល F និង​អាច​បន្ត​ឈ្នះ​នៅ​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​ទៀត​ផង​។

កីឡាការិនី​បារាំង Renard បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​គិត​ចំពោះ​ខ្លួនឯង​ថា នេះ​មិនមែន​ជា​ថ្ងៃ​របស់​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ទទួល​ខុសត្រូវ ហើយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទទួល​យក​វា​ម្ដង​ទៀត​។ នៅក្នុង​វិស័យ​កីឡា​កម្រិត​ខ្ពស់​បែប​នេះ ប្រសិន​បើ​អ្នក​មិន​បាន​ត្រៀម​ផ្លូវចិត្ត​ទេ គឺ​គ្មាន​ពិន្ទុ​ណាមួយ​ដែល​អ្នក​នឹង​ទទួល​បាន​វា​នោះ​ឡើយ​»​។

ទន្ទឹម​នេះ​ដែរ​វា​ច្បាស់​ណាស់​ថា ប្រទេស​អាល្លឺម៉ង់​នឹង​មិន​បាន​ជួប​ជាមួយ​សហរដ្ឋអាមេរិក​ទេ​នៅ​ជុំ​ក្រោយ​នេះ​បន្ទាប់ពី​ពួកគេ​បាន​ឈរ​នៅ​លើ​កំពូល​តារាង​នៅក្នុង​ពូល B មាន​ ៩ ​ពិន្ទុ​ដាច់​តែ​ម្ដង​ក្រោយពី​បាន​ឈ្នះ​ទៅ​លើ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ៤-០ កាលពី​ថ្ងៃ​ចន្ទ​។

ផ្ទុយ​ទៅវិញ​អាល្លឺម៉ង់​អាច​នឹង​ប៉ះ​ប្រទេស​អេស្ប៉ាញ​ដែល​នឹង​ប្រកួត​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​ ២ ​បន្ទាប់ពី​អាល្លឺម៉ង​នៅក្នុង​ការប្រកួត​លើក​ក្រោយ​បន្ទាប់ពី​អេស្ប៉ាញ​បាន​ប្រកួត​ស្មើ​គ្នា​នឹង​ប្រទេស​ចិន​៕ SN