ក្រុង​​ម៉ូស្គូ: បារាំង នឹង​ត្រូវ​ទទួល​ស្វាគមន៍​ការ​វិល​ត្រឡប់​ទៅ​មាតុ​ភូមិ​វិញ​របស់​​វី​រ​បុរស​ខ្លួន នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោយពី​បាន​​​លើក​ពាន World Cup ជាលើក​ទី​២ តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធ​ផល ៤-២ លើ​ក្រុម​ជម្រើស​ជាតិក្រូ​អាស៊ី ដែល​ក៏​នឹង​ទទួល​ការ​អបអរ​​យ៉ាង​ខ្លាំង​ក្លា​នៅ​ប្រទេស​របស់​ពួក​គេ​ផងដែរ​។

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Kylian Mbappe បាន​បំពេញ​ជ័យ​ជម្នះ​របស់​ក្រុម​ខ្លួន​ក្នុង​ទីក្រុង​ ​ម៉ូស្គូ ខណៈ​ដែលក្រុម​ជម្រើស​ជាតិ​បារាំង ដែល​​ត្រូវ​បាន​ជួយ​ដោយ​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទីខ្លួន​ឯង និង​វី​ដេអូ​ជំនួយ​ការអាជ្ញា​កណ្តាល បាន​យកឈ្នះ​លើ​គូ​ប្រកួត​ប្រកប​ដោយ​ស្មារតី​ប្រយុទ្ធ ក្នុង​ការ​ប្រកួត​មួយ​ក្នុង​ចំណោម​ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដ៏​រំភើប​បំផុត​នៃ​យុគ​សម័យ​កាល​ទំនើប​។

Mbappe វ័យ​ត្រឹម​តែ​១៩​ឆ្នាំ បាន​​រក​គ្រាប់​បាល់​​ទី​៤​របស់​បារាំង និង​ត្រូវ​បាន​បោះ​​ឆ្នោត​ឲ្យ​ជាប់​ជា​កីឡាករ​វ័យ​​ក្មេង​ឆ្នើម​បំផុត​ប្រចាំ​យុទ្ធ​នា​ការ ដែល​រូប​គេ​បាន​បង្ហាញ​ថា ​គេ​ជា​តារា​ឆ្នើម​ម្នាក់​។

ជ័យ​ជម្នះ​នេះ ក៏​បាន​ធ្វើ​ឲ្យ​លោក Didier Deschamps ដែលបាន​ធ្វើ​ជា​ប្រធាន​ក្រុម​នៃ​ក្រុម​បារាំង​ក្នុង​ពេល​ពួក​គេ​លើក​ពាន World Cup នៅ​លើ​ទឹកដីខ្លួន​ឯង​កាលពីឆ្នាំ​១៩៩៨​នោះ ចូល​រួម​ជា​មួយ​នឹង​លោក Mario Zagallo និង​លោក Franz Beckenbauer ក្នុង​នាម​ជា​បុរស​ទី​៣​ក្នុង​ការ​ឈ្នះ​ពាន​ World Cup ទាំង​ជា​កីឡាករ​ និង​គ្រូបង្វឹក​ម្នាក់​។

ប្រធា​នា​ធិបតី​បារាំង​លោក​ Emmanuel Macron ដែល​បាន​អប​អរ​រាល់​គ្រាប់​បាល់​បញ្ចូល​ទី​​នា​កីឡដ្ឋាន Luzhniki ក្នុង​ទីក្រុង​ម៉ូស្គូ បាន​ទទឹក​ខ្លួន​ជោគ​ដោយ​សារ​តែ​ភ្លៀង​យ៉ាង​ខ្លាំង​ក្លា អំឡុង​ពេល​ការ​​ប្រគល់​ពាន និង​​បាន​ព្យា​យាម​ស្វាគមន៍​កីឡាករ​ក្នុង​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​៕ IS