រុស្ស៊ី: ស្របពេលដែលគូប្រជែងខ្លាំងៗមិនអាចបង្ហាញពីទម្រង់លេងដ៏អស្ចារ្យ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានសន្យាថា នឹងបង្កើនទម្រង់លេងរបស់ខ្លួន និងបង្ហាញពីភាពខ្លាំងរបស់ពួកគេក្នុង World Cup តាមរយៈការយកឈ្នះលើក្រុមជម្រើសជាតិប៉េរូ នៅរាត្រីនេះ។
ក្រុមរបស់លោក Didier Deschamps មិនបានស្ថិតក្នុងកម្រិតកំពូលរបស់ខ្លួនឡើយ នៅពេលដែលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងការប្រកួតបើកឆាករបស់ពួកគេក្នុងប្រទេសរុស្ស៊ី ដោយពួកគេត្រូវការជំនួយពីប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ដើម្បីទទួលបាល់ប៉េណាល់ទីសម្រាប់ Antoine Griezmann បន្ទាប់មក គ្រាប់បាល់បញ្ចូលទីនៅរយៈពេល ១០ នាទីចុងក្រោយ ដើម្បីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១។
ប៉ុន្តែ បើទោះបីមិនបានបង្ហាញពីទម្រង់លេងដ៏គួរឲ្យជឿជាក់ក៏ដោយ ប៉ុន្តែ ក្រុមបារាំង ដែលមានខ្សែប្រយុទ្ធដ៏មុតស្រួច ៣ នាក់រួមមាន Griezmann ក៏ដូចជាតារាឆ្នើមវ័យក្មេង Kylian Mbappe និង Ousmane Dembele យ៉ាងហោចណាស់បានគេចផុតពីភាពអាម៉ាស់។
ស្របពេលដែលក្រុមម្ចាស់ការពារតំណែងជើងឯក អាល្លឺម៉ង់ ចាញ់ក្រុមជម្រើសជាតិម៉ិកស៊ិក ហើយក្រុមអេស្ប៉ាញ អាហ្សង់ទីន និងប្រេស៊ីល សុទ្ធសឹងបានបញ្ចប់ក្នុងលទ្ធផលស្មើ ការប្រកួតជាមួយនឹងក្រុមជម្រើសជាតិប៉េរូ គឺជាឱកាសដ៏ល្អមួយសម្រាប់ក្រុមបារាំង ក្នុងការបង្ហាញពីភាពខ្លាំងរបស់ខ្លួនក្នុងប្រទេសរុស្ស៊ី។
ខ្សែការពារ Raphael Varane របស់ក្លិប Real Madrid ដែលជាអនុប្រធានក្រុមរបស់បារាំង បានឲ្យដឹងកាលពីថ្ងៃអង្គារថា៖ «យើងបានទទួលនូវអ្វីដែលយើងធ្វើបានល្អ ឬមិនធ្វើបានល្អ និងមានការយល់ស្របថា យើងនឹងត្រូវតែបង្កើនភាពរឹងមាំផ្នែករាងកាយរបស់យើង និងបង្ហាញពីទម្រង់លេងជាទូទៅឲ្យបានល្អ។ យើងដឹងពីទិសដៅដែលយើងត្រូវតែធ្វើ»។
លោក Deschamps ដែលជាសមាជិកឈ្នះពាន World Cup ក្នុងនាមជាកីឡាករកាលពីឆ្នាំ ១៩៩៨ នោះ មានខ្សែប្រយុទ្ធដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនក្នុងការជ្រើសរើស និងអាចនឹងដាក់ឲ្យ Olivier Giroud លេងក្នុងជម្រើសដំបូង។
ក្នុងពេលនិយាយក្នុងសន្និសីទសារព័ត៌មាននៅមុនពេលការប្រកួតពូល C ក្នុងទីក្រុង Yekaterinburg កីឡាករ Varane បានចេញមុខការពារ Mbappe ដែលមិនបានបង្ហាញពីទម្រង់លេងល្អឡើយ ក្រោយពីលេងបានល្អនៅដើមតង់ក្នុងពេលប្រកួតជាមួយនឹងអូស្ត្រាលី។
កីឡាករ Varane វ័យ ២៥ ឆ្នាំ បានប្រាប់ឲ្យដឹងថា៖ «នេះគឺជាកីឡាករម្នាក់ដែលមានវ័យត្រឹមតែ ១៩ ឆ្នាំ ហើយដែលបានធ្វើអ្វីដែលកីឡាករតិចតួច ឬក៏មិនអាចធ្វើបាន តាមរយៈការលេងឲ្យក្រុមបារាំងក្នុងវ័យក្មេងបែបនេះ។ រូបគេមានទេពកោសល្យជាច្រើន»។
ខ្សែការពាររូបនេះ ក៏បានគាំទ្រខ្សែបម្រើ Paul Pogba របស់ក្លិប Manchester United ដែលក៏បានជួបភាពត្រដាបត្រដួសលើភាពរឹងមាំផងដែរ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន និងភាគច្រើនលេងជាកីឡាករបម្រុង។
ស្របពេលជាមួយគ្នានេះ ក្រុមបាល់ទាត់ជម្រើសជាតិប៉េរូ នឹងស្រេកឃ្លានជ័យជម្នះ ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុមជម្រើសជាតិដាណឺម៉ាក ក្នុងការប្រកួត World Cup បើកឆាករបស់ពួកគេ៕
ម្មវិធីប្រកួតរាត្រីនេះ
ដាណឺម៉ាក v អូស្ត្រាលី -7 យប់
បារាំង v ប៉េរូ - 10 យប់
អាហ្សង់ទីន v ក្រូអាស៊ី -1 រំលងអាធ្រាត្រ
លទ្ធផលកាលពីថ្ងៃអង្គារ
កូឡុំប៊ី 1-2 ជប៉ុន
ប៉ូឡូញ 1-2 សេណេហ្គាល់
រុស្ស៊ី 3-1 អេហ្ស៊ីប