បារាំងៈ ប្រទេស​បារាំង​ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍ World Cup នារី​បាន​ឡើង​ទៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​ បន្ទាប់ពី​ឈ្នះ​ប្រេស៊ីល ខណៈ​អង់គ្លេស​ឡើង​ទៅ​វគ្គ​នេះ​ដែរ​ក្រោយពី​ឈ្នះ​កាម៉េរូន​ទាំង​ចម្រូងចម្រាស​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ចេញ​នៅក្នុង​ព្រឹត្តិការណ៍​នេះ​កាលពី​ថ្ងៃ​អាទិត្យ​។

ក្នុង​ការប្រកួត​ ៩០ ​នាទី​ពេញ​លទ្ធផល​ប្រកួត​ស្មើគ្នា ១-១ ដោយ​បារាំង​រកបាន​ ១ ​គ្រាប់​មុន​នៅ​នាទី​ទី​ ៥៦ ​ដោយ​កីឡាការិនី V. Gauvin ហើយ​នៅ​នាទី​ទី​ ៦៣ ប្រេស៊ីល​រក​បាន​ ១ ​គ្រាប់​វិញ​ដោយ​កីឡាការិនី Thaisa ប៉ុន្តែ​នៅ​ម៉ោង​បន្ថែម​ ១៥ ​នាទី ២ ​ដង បារាំង​រកបាន​ ១ ​គ្រាប់​ទៀត​នៅ​នាទី​ទី​ ១០៧ ​ដោយ​ប្រធាន​ក្រុម​បារាំង Amandine Henry ធ្វើឲ្យ​ឈ្នះ​ប្រេស៊ីល ២-១​។

ប្រធាន​ក្រុម​រូបនេះ​បាន​និយាយ​ថា នាង​ត្រូវការ​សំណាង​ខ្លះៗ​ដើម្បី​រកបាន​ ១ ​គ្រាប់​នៅ​ក្នុង​ម៉ោង​បន្ថែម​នេះ​ដើម្បី​ជួយ​ឲ្យ​ម្ចាស់ផ្ទះ​ឡើង​ទៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup នារី​នេះ​។

ខ្សែបម្រើ​ការពារ​វ័យ​ ២៩ ​ឆ្នាំ​រូបនេះ​បាន​ប្រាប់ Canal ថា​៖ «​ខ្ញុំ​បានឃើញ Amel ទាត់​បាល់ free-kick ហើយ​ខ្ញុំ​បាន​រត់​ទៅ​ទាត់​បញ្ចូល​តែម្ដង គឺ​ខ្ញុំ​មាន​សំណាង​តិចតួច​ដែរ​។ បន្ទាប់មក​ខ្ញុំ​មិន​ដឹង​ថា មាន​អ្វី​កើតឡើង​ទេ ខណៈ​ខ្ញុំ​គ្មាន​ទាំង​មាន​កម្លាំង​ក្រោកឈរ​នោះ​»​។

គ្រូបង្វឹក​ជម្រើស​ជាតិ​បារាំង​លោកស្រី Corinne Diacre បាន​និយាយ​ថា​៖ «​វា​តឹងតែង​គឺ​ពិតជា​តឹងតែង​មែនទែន​នៅពេល​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​បែប​នេះ ខណៈ​យើង​បាន​ប្រើ​បច្ចេកទេស​ទាំងអស់ និង​ព្យាយាម​ជានិច្ច​»​។

ក្រុម​ជម្រើស​ជាតិ​បារាំង​នឹង​ត្រូវ​ប្រកួត​ជាមួយ​ជម្រើស​ជាតិ​សហរដ្ឋអាមេរិក​ដែល​កំពុង​គ្រង​ជា​ម្ចាស់​ជើងឯក​នៃ​ពាន​នេះ ឬ​ក៏​ជាមួយ​អេស្ប៉ាញ​នៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នៅ​កីឡដ្ឋាន Parc des Princes នៅ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​។

ទន្ទឹម​នេះ​ដែរ​ក្រុម​របស់​លោក Phil Neville គ្រូបង្វឹក​ជម្រើស​ជាតិ​អង់គ្លេស​បាន​ឡើង​ទៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​ ក្រោយពី​ឈ្នះ​ជម្រើស​ជាតិ​កាម៉េរូន​ទាំង​ចម្រូងចម្រាស ៣-០ នៅ​តំបន់ Valenciennes​។

ជុំវិញ​ការប្រកួត​រវាង​អង់គ្លេស និង​កាម៉េរូន​នេះ​ប្រធាន​ក្រុម​អង់គ្លេស Steph Houghton រកបាន​ ១ ​គ្រាប់​មុនគេ​នៅ​នាទី​ទី​ ១៤ បន្ទាប់មក​គ្រាប់​ទី​ ២ ​រក​បាន​ដោយ​កីឡាការិនី Ellen White នៅ​នាទី​ទី​ ៤៥ ហើយ​គ្រាប់​ចុងក្រោយ​រក​បាន​ដោយ Alex Greenwood នៅ​នាទី​ទី​ ៥៨ ធ្វើឲ្យ​អង់គ្លេស​ឡើង​ទៅ​វគ្គ​បន្ត​ដែល​នឹង​ជួប​ជាមួយ​ជម្រើសជាតិ​ន័រវែស​។

ទោះ​ជា​យ៉ាងណា​ការប្រកួត​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​នេះ​នឹង​ធ្វើឲ្យ​ក្រុម​ជម្រើស​ជាតិ​កាម៉េរូន​ចងចាំ​បំផុត​ចំពោះ​ការ​កាត់សេចក្ដី​មួយ​ចំនួន​របស់​អាជ្ញាកណ្ដាល រួម​ទាំង​ការគំរាម​ដើរ​ចេញ​ពី​ទីលាន​ប្រកួត​នៅ​ចំណុច​ណា​មួយ​នោះ​ផង​ដែរ​។

លោក Neville បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​អង្គុយ​មើល​ការប្រកួត​ពេញ​ ៩០ ​នាទី​នៅ​ទីនោះ​ទាំង​អារម្មណ៍​ខ្មាស់អៀន​ផង និង​មោទនភាព​ផង​ចំពោះ​កូនក្រុម​របស់​ខ្ញុំ​នៅ​ក្រោម​កាលៈទេសៈ​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​នៅ​លើ​ទីលាន​ប្រកួត​ពីមុន​មក​នេះ​ទេ ព្រោះ​ខ្ញុំ​ពិតជា​ខ្មាស់អៀន​ជា​ទីបំផុត​ចំពោះ​អាកប្បកិរិយា​របស់​គូប្រជែង​នេះ​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ថា​៖ «​វា​ធ្វើឲ្យ​អ្នក​នឹកឃើញ​ដល់​កាល​អ្នក​នៅ​ក្មេង​គឺ​នៅពេល​អ្នក​បាន​ចាញ់ ហើយ​អ្នក​បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះ​ទាំង​ទឹកភ្នែក​ជាមួយ​បាល់​របស់​អ្នក​»​។

ចំណែក​គ្រូបង្វឹក​កាម៉េរូន​លោក Alain Djeumfa បាន​អះអាង​ថា​ក្រុម​របស់​គាត់​គឺជា​ជនរងគ្រោះ​នៃ​ភាព «​អយុត្តិធម៌​» ហើយ​ពួកគេ​ពិតជា​ធ្វើ​បាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​នៃ​ការប្រកួត ប៉ុន្តែ​អាជ្ញាកណ្ដាល​បាន​ពិន័យ​យើង​ទៅវិញ​ដែល​ធ្វើឲ្យ​អង់គ្លេស​មាន​ឱកាស​រក​បាន​ ១ ​គ្រាប់​មុន​នៅ​នាទី​ទី​ ១៤ ​នោះ​៕ SN