ភ្នំពេញ៖ ​យុវជន​កម្ពុជា ជា​សិស្ស​វិទ្យាល័យ​ចំនួន ​១២ ​នាក់ (ស្រី ​៦ នាក់) និង​អ្នក​ដឹកនាំ ​៣ នាក់​ទៀត ត្រូវ​បាន​ក្រសួង​ការ​បរទេស​ជប៉ុន អញ្ជើញ​ឲ្យ​​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​ជប៉ុន ​ពី​ថ្ងៃទី ​១៣ ដល់​ថ្ងៃទី ​២១ ខែ ​កញ្ញា​ ឆ្នាំ ​២០១៩ ក្រោម​កម្មវិធី​ផ្លាស់ប្តូរ​យុវជន «JENESYS 2019»។

កម្មវិធី​ក្រោម​ប្រធាន​បទ «កីឡា​បាល់​ឱប» នេះ​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ចូលរួម​អបអរ​សាទរ​ដល់​ការ​ប្រកួត​ពាន​រង្វាន់​កីឡា​បាល់​ឱប​ពិភព​លោក ​ឆ្នាំ ​២០១៩ ដែល​រៀបចំ​ដោយ​ជប៉ុន​ ចាប់​ពី​ថ្ងៃទី ​២០ ​ខែ ​កញ្ញា​ ដល់​ថ្ងៃទី ២​ ខែ ​វិច្ឆិកា ​ឆ្នាំ ​២០១៩។

ជាមួយ​គ្នា​នេះ​ អ្នក​ចូលរួម​នឹង​ទទួល​បាន​នូវ​បទពិសោធ​ទាក់ទង​នឹង​កីឡាបាល់​ឱប​ជាមួយ​សិស្ស​វិទ្យាល័យ​ជប៉ុន ​និង​អ្នក​ចូលរួម​ផ្សេងៗ​ទៀត​ ដែល​មក​ពី​បណ្តា​ប្រទេស​អាស៊ាន ​និង​ប្រទេស ​ទីម័រ​ខាង​កើត​ នៅ​ក្នុង​ខេត្ត​ស៊ីហ្សឹអុកា ហើយ​នៅ​ថ្ងៃទី ​២០ ​ខែ ​កញ្ញា​ ក្រុម​យុវជន​ទាំង​នេះ នឹង​បាន​ទៅ​​ទស្សនា​ការ​ប្រកួត​ពាន​រង្វាន់​កីឡា​បាល់​ឱប​ពិភព​លោក​ ឆ្នាំ ​២០១៩ ​នៅ​ទីក្រុង​តូក្យូ ​ប្រទេស ​ជប៉ុន។

ជុំវិញ​គោល​បំណង​សំខាន់​ក្នុង​កម្មវិធី​ JENESYS ​ក្រសួង​ការ​បរទេស​ជប៉ុន​បាន​លើក​ឡើង​ថា៖ ​«យើង​មាន​គោល​បំណង​ជំរុញ​ការ​យល់​ដឹង និង​ការ​កសាង​ទំនុក​ចិត្ត​ទៅ​វិញ​ទៅ​មក ​ក្នុង​ចំណោម​ប្រជាជន​ជប៉ុន និង​បណ្តា​ប្រទេស​ចូល​រួម ដើម្បី​កសាង​មូលដ្ឋាន​គ្រឹះ​នៃ​កិច្ច​សហ​ប្រតិបត្តិការ និង​ចំណង​មិត្តភាព​នា​ពេល​អនាគត»។​

តាមរយៈ​កម្មវិធី​នេះ​ ក្រសួង​ការ​បរទេស​ជប៉ុន ​បាន​អញ្ជើញ​យុវជន​កម្ពុជា​​ជាង ​​២ ០០០ ​នាក់ ​ហើយ ​តាំង​ពី​ឆ្នាំ ​២០០៧ ​មក។

ក្រសួង​ការ​បរទេស​ជប៉ុន​បាន​បន្ថែម​ថា៖ ​«យើង​ខ្ញុំ​សង្ឃឹម​ថា​ អ្នក​ចូលរួម​ នឹង​អាច​យល់​ដឹង​អំពី​ប្រទេស ​ជប៉ុន ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​ ព្រម​ទាំង​ចែក​រំលែក​នូវ​បទពិសោធ​របស់​ខ្លួន​ឲ្យ​បាន​ទូលំទូលាយ​ ទៅ​កាន់​ប្រជាជន​កម្ពុជា​បន្ទាប់​ពី​ពួក​គេ​​វិល​ត្រឡប់​មក​វិញ»៕