ភ្នំពេញៈ ក្រុម​បឹងកេត របស់​កម្ពុជា ចង់យក​ឈ្នះ​ក្រុម​របស់​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា Shan United សម្រាប់​ការ​វិល​មក​ជួប​គ្នា នៅ​រសៀល​ម៉ោង ៤:៣០ ថ្ងៃ​ពុធ​នេះ មុន​ពេល​ពួកគេ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ពាន​រង្វាន់ AFC Cup 2018 ហើយ​ក្រុម Ceres-Negros មក​ពី​លីក​កំពូល​ហ្វីលីពីន ក៏ត្រូវ​បើក​ទ្វារ​ពហុកីឡដ្ឋាន Panaad Park and Stadium ដើម្បី​ទទួល​ក្រុម​ភ្ញៀវ Home United របស់​សិង្ហបុរី ផង​ដែរ។

ការ​ឈ្នះ ១ និង​ចាញ់ ៤ ប្រកួត​ដូចគ្នា ក្នុងការ​ប្រកួត ៥ លើក​កន្លងមក បានធ្វើ​ឲ្យ​ក្រុម​បឹងកេត និង Shan United ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ ប្រចាំ​ពូល F ដូចគ្នា ហើយ​ការ​វិល​មក​ជួប​គ្នា​នៅ​កីឡដ្ឋាន Thuwunna នា​រសៀល​ម៉ោង ៤:៣០ ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ BTV ផង​នោះ គឺ​វា​គ្រាន់​តែ​ជា​ការ​ប្រកួត​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ លោក កែវ កុសល ដែលមាន​ភារកិច្ច​ដឹកនាំ​ក្រុម​បឹងកេត ក្នុងការ​ប្រកួត​ពាន AFC Cup 2018 នេះ ចង់​ឃើញ​ក្រុម​បឹងកេត ទទួល​បាន​ជ័យជម្នះ ក្នុង​ការ​ប្រកួត​នេះ។ លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ មុន​ចេញ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​យប់​ថ្ងៃ​ចន្ទ​ថា៖ « ការ​ប្រឹង​ប្រែង​របស់​យើង​គឺ ដើម្បី​ឈ្នះ។ យើង​ពិត​ជា​ចង់​ឈ្នះ​ការ​ប្រកួត​មួយ​នេះ បើ​ទោះបី​ជា នេះ​គ្រាន់​តែ​ការ​បង្គ្រប់​កិច្ច​ក៏​ដោយ»។

លោក​បា​នប​បន្ថែមថា៖ «ការត្រៀមខ្លួន​របស់​យើង​បានល្អ បញ្ហា​របួស​កីឡាករ​ក៏​អត់​មាន​ដែរ ហើយ​ខ្សែ​ប្រយុទ្ធ Gbenga ដែល​ទទួល​បាន​កាត់​ក្រហម កាល​ជួប​ក្រុម Home United កន្លង​មក​នោះ ក៏​អាច​ចូល​លេង​វិញ​បាន​ដែរ។ បន្ថែម​លើ​នេះ យើង​ក៏បាន​ដឹង​ពី​សមត្ថភាព​ប្រកួត​របស់​គេ​ដែរ អ៊ីចឹង​យើង​សង្ឃឹម​ឈ្នះ ប៉ុន្តែ​ការ​ទៅ​លេង​នៅ​លើ​ទឹកដី​របស់​គេ វា​រាង​ពិបាក​ដែរ»។

ជាមួយនឹង​ការចង់​យកឈ្នះ Shan United ដែល​បឹងកេត ធ្លាប់​ចាញ់ ២-១ ក្នុង​ទឹកដី​ខ្លួនឯង​នេះ លោក កែវ កុសល គ្រោង​នឹង​ដាក់​ខ្សែ​ការពារ ៥ នាក់ សម្រាប់​ការ​ប្រកួត​លើក​នេះ។ លោក​បាន​បញ្ជាក់​ថា៖ «យើង​អាច​នឹង​ដាក់​ខ្សែ​ការពារ ៥ នាក់ ព្រោះ​វា​ណែន​ចង្អៀត​ល្អ និង​មាន​ភាព​រឹងមាំ​ជាង​ការ​ដាក់ ៤ នាក់ ហើយ​បើ​យើង​ការពារ​បាន​ល្អ​ហើយ គឺ​យើង​អាច​មាន​ឱកាស​រក​បាន​គ្រាប់​បាល់ ព្រោះ​យើង​មាន​ខ្សែ​ប្រយុទ្ធ អាច​វាយ​បក​បាន​លឿន»។

ចំណែក​ក្រុម Home United ក៏ត្រូវ​ការ​ឈ្នះ​ក្រុម Ceres ដែល​ពួកគេ​ធ្លាប់​ស្មើ ១-១ នៅ​លើ​ទឹកដី​កន្លង​មក​ផងដែរ។ បើ​ទោះបី​ជា Home មិន​អាច​ដណ្តើម​យក​លេខ ១ ពី​ក្រុម Ceres ដែល​កំពុង​ឈរ​នៅ​លេខ ១ ស្រាប់ មាន ១៣ ពិន្ទុ និង​មាន​គ្រាប់​បាល់​ចំណេញ​រហូត​ដល់ ១៦ គ្រាប់ ប៉ុន្តែ​បើ​សិន​ជា Home អាច​ឈ្នះ​បាន ៣ ពិន្ទុ បន្ថែម​ទៅ ១០ ពិន្ទុ​ដែល​ពួកគេ​មាន​ស្រាប់​នោះ គឺ​ក្រុម​តំណែង​ឲ្យ​សិង្ហបុរី មួយ​នេះ មាន​ភាគរយ​ខ្ពស់ ក្នុងការ​បាន​ឡើង​ទៅ​វគ្គ​បន្ត ក្នុង​នាម​ជា​ក្រុម​លេខ ២ ល្អ តំណាង​ឲ្យ​តំបន់ ASEAN Zone ខណៈ​ពេល​នេះ Home United ឈរ​នៅ​លេខ​រៀង​ទី ១ ក្នុង​នាម​ជា​ក្រុម​លេខ ២ ល្អ រួម​ជាមួយ​ក្រុម Song Lam Nghe An របស់​វៀតណាម ឈរ​នៅ​លេខ ២ និង​ក្រុម Bali United របស់​ឥណ្ឌូនេស៊ី ដែល​កំពុង​ឈរ​នៅ​លេខ​រៀង​ទី ៣៕