ភ្នំពេញ៖ ​ក្រុម​ខ្លាំង​ទាំង ​២ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ជំហរ​ដណ្តើម​ជើងឯក​លីក​កំពូល​កម្ពុជា​ឆ្នាំ ​២០២០ ​បឹងកេត និង​ព្រះខ័នរាជ​ស្វាយរៀង នឹង​ត្រូវ​វិល​មក​ជួប​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ គឺ​ស្រប​ពេល​ដែល​ក្រសួង​សុខាភិបាល​បាន​​អនុញ្ញាត​ឲ្យ​ទស្សនិកជន​អាច​ចូល​រួម​ការ​ប្រកួត​​បាល់​ទាត់​វិញ ចំណែក​ការ​ប្រកួត​លីក​បាល់​ទាត់​នារី ក៏​នឹង​ចាប់​ប្រកួត​តាម​​លក្ខណៈ​ស្តង់ដា​ជា​លើក​ដំបូង នា​ថ្ងៃ​អាទិត្យ​នេះ​ដែរ។

ដោយ​យោង​តាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចុះ​ថ្ងៃទី ​២៣ ខែ ​កញ្ញា ឆ្នាំ ​២០២០ លោក​ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ បាន​ចេញ​សេចក្តី​ប្រកាស​ពី​ការ​អនុញ្ញាត​ឲ្យ​ទស្សនិកជន​ចូល​ទស្សនា​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​សម្តេច ហ៊ុន សែន និង​លីក​កំពូល​កម្ពុជា ឆ្នាំ ២០២០ បាន​វិញ។

យ៉ាង​ណា​ក៏​ដោយ​ក្រសួង​សុខាភិបាល​បាន​បើក​ឲ្យ​មាន​អ្នក​ទស្សនា​ត្រឹម​ក្របខ័ណ្ឌ​ធំៗ​ទាំង ២ ​នេះ​ទេ និង​​អនុញ្ញាត​ឲ្យ​មាន​អ្នក​ទស្សនា​ផ្ទាល់​ត្រឹម ​១០ ​ភាគរយ​នៃ​ចំនួន​កៅអី​សរុប នៅ​ក្នុង​ពហុកីឡដ្ឋាន ឬ​កីឡដ្ឋាន​នីមួយៗ​ប៉ុណ្ណោះ ហើយ​ក្លិប​នីមួយៗ ក៏​​ត្រូវ​គោរព​​វិធានការ​​ទប់ស្កាត់​ជំងឺ​កូវីដ ​១៩ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​បាន​កំណត់​ផង​ដែរ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ បាន​ក្លាយ​ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់​ទាត់​កម្ពុជា ដើម្បី​អាច​ទៅ​ទស្សនា​ការ​ប្រកួត​បាល់​ទាត់​ដោយ​​​ផ្ទាល់​វិញ បន្ទាប់​ពី​មាន​បម្រាម​ផ្អាក​មិន​ឲ្យ​មាន​អ្នក​ចូលរួម​ទស្សនា​ផ្ទាល់​អស់​​រយៈ​ពេល​ជា​ច្រើន​ខែ ដោយសារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩។

ជាមួយ​គ្នា​នេះ ការ​អនុញ្ញាត​ឲ្យ​ទស្សនិកជន​ចូល​ទស្សនា​នេះ គឺ​ចំពេល​ដែល​​ក្រុម​ខ្លាំង​ទាំង ​២ គឺ​បឹងកេត និង​ព្រះខ័នរាជ​ស្វាយរៀង ត្រូវ​វិល​មក​ជួប​គ្នា ហើយ​ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ នៅ​ក្នុង​ការ​ប្រកួត​នេះ​នឹង​អាច​ឈាន​ទៅ​លើក​ពាន​នៅ​រដូវ​កាល​នេះ ព្រោះ​តាម​លទ្ធផល​ប្រកួត​នៅ​តំបន់ Top6 ពេល​នេះ គឺ​មាន​តែ បឹងកេត និង ​ស្វាយរៀង ប៉ុណ្ណោះ មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​​ប្រជែង​គ្នា​យក​ពាន ខណៈ​ក្រុម ​៤ ទៀត សឹងតែ​លែង​មាន​ឱកាស​ទៅ​ហើយ។

យ៉ាង​ណា​ក៏​ដោយ ក្រុម​បឹងកេត ដែលកំពុង​ឈរ​នៅ​លេខ ​១ ​ស្រាប់​មាន​ប្រៀប​ខ្ពស់​ជាង​ក្រុម​ស្វាយរៀង ព្រោះ​ពេល​នេះ​ពួក​គេ​មាន ​៣៦ ពិន្ទុ ច្រើន​ជាង ស្វាយរៀង ដែល​មាន ​៣៤ ពិន្ទុ ហើយ​ការ​ប្រកួត​ដ៏​សំខាន់​នេះ​ក៏​ត្រូវ​ធ្វើ​នៅ​លើ​ទឹក​ដី បឹងកេត ផង​ដែរ ខណៈ​ការ​ប្រកួត​ជើងទី​១ បឹងកេត បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ ស្វាយរៀង​ក្នុង​លទ្ធផល ៤-២។

ជាមួយ​គ្នា​នេះ ក្រុម​កំពុង​ឈរ​នៅ​លេខ ​៣ មាន ​២៦ ពិន្ទុ ភ្នំពេញ​ក្រោន ត្រូវ​ជម្រះ​បញ្ជី​ចាស់​ជាមួយ ក្រុម​កង​យោធពល​ខេមរភូមិន្ទ (ទ័ព) ដែល​ពួក​គេ​ធ្លាប់​ចាញ់ ៣-២ នៅ​ក្នុង​ទឹក​ដី ចំណែក​​​លោក មាស ចាន់ណា នឹង​ដឹងនាំ​ក្រុម​ណាហ្គាវើល ទៅ​ជួប​ក្រុម​វិសាខា ដែល​បាន​តាម​ស្មើ​ពួក​គេ ១-១ ទាំង​សោកស្តាយ​កាល​ជើងទី​១ ប៉ុន្តែ លោក ចាន់ណា ធ្លាប់​និយាយ​ថា សុបិន​អាក្រក់​ដែល​ត្រូវ​បាន​ក្រុម​គេ​តាម​ស្មើ​នៅ​ចុង​ម៉ោង​នេះ នឹង​បញ្ចប់​នៅ​ក្រោយ​ភ្ជុំ​បិណ្ឌ គឺ​មាន​ន័យ​ថា ចាប់​ពី​ជំនួប​ជាមួយ​ វិសាខា នេះ​ទៅ។

ដោយ​ឡែក​ការ​ប្រកួត​លីក​បាល់​ទាត់នារី (Women''s League 2020) នឹង​រៀបចំការ​ប្រកួត ស្រប​តាម​លក្ខណៈ​ស្តង់ដា​ជា​លើក​ដំបូង ដោយ​​មាន ១០ ​ក្រុម​ចូល​រួម ហើយ​ចាប់​ផ្តើម​​ពី​ថ្ងៃ​អាទិត្យ​នេះ​ទៅ តាម​រូមមន្ត​វិល​ជុំ។ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​​គោល​បំណង​ចម្រាញ់​រក​កីឡាការិនី​ល្អៗ ត្រៀម​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០២១ នៅ​វៀតណាម ព្រម​ទាំង​រក​អ្នក​មាន​ទេពកោសល្យ​ចេញ​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ប្រទេស​ចិន ​ត្រៀម​​ស៊ីហ្គេម ឆ្នាំ ​២០២៣ នៅ​កម្ពុជា៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃសៅរ៍

-យុវជន​បាទី v អាស៊ីអឺរ៉ុប នៅ​​មណ្ឌលសាលា​បាល់​ទាត់ជាតិ​បាទី ៣:៣០

-នគរបាលជាតិ v អគ្គិសនី​កម្ពុជា កីឡដ្ឋាន AEU ៣:៣០

-ទ័ព v ភ្នំពេញ​ក្រោន កីឡដ្ឋាន​ស្តាតចាស់ ៦:០០

៣ ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

-គិរីវង់ v សូលទីឡូ​អង្គរ កីឡដ្ឋាន​គិរីវង់​សុខសែនជ័យ ៣:៣០

-បឹងកេត v ស្វាយរៀង កីឡដ្ឋាន​ខេមបូឌា​អ៊ែរវ៉េ ៣:៣០

-វិសាខា v ណាហ្គាវើល កីឡដ្ឋាន​ព្រីនស៍ ៦:០០