ភ្នំពេញៈ ក្រុមបឹងកេត បានចាត់ទុកការយកឈ្នះក្រុមវិសាខា ១-០ ជាជ័យជម្នះដ៏រំភើប ដែលបានផ្តល់កម្លាំងចិត្តដល់កីឡាកររបស់ខ្លួន ក្នុងការជម្នះការលំបាកដើម្បីរក្សាតំបន់កំពូលតារាងជាបន្តទៀត ប៉ុន្តែក្រុមក្រសួងការពារជាតិ (ទ័ព) បានជួបរឿងក្តៅក្រហាយនៅខេត្តសៀមរាប ហើយចាត់ទុកការស្មើជាមួយក្រុមសូលទីឡូអង្គរ ថា ជាលទ្ធផលដែលមិនអាចទទួលយកបាន។
លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បានប្រាប់កាលពីថ្ងៃចន្ទថា៖ «យើងបានទទួលរងនូវសម្ពាធច្រើន ព្រោះប្រយុទ្ធរបស់គេល្អមែនទែន គ្រាន់តែគេគ្មានសំណាងក្នុងការរកគ្រាប់បាល់ ហើយការយកឈ្នះក្រុមវិសាខា នៅចុងម៉ោងនេះ វាបានក្លាយជាជ័យជម្នះដ៏រំភើបមួយ។ ខ្ញុំសូមសរសើរទៅដល់កីឡាកររបស់យើង ដែលប្រឹងប្រែងបានល្អ ទៅតាមការរៀបចំ ទោះបីជាកីឡាករខ្មែរមួយចំនួនមានកម្លាំងមិនគ្រប់ ព្រោះទើបជួបក្រុមណាហ្គាវើល ក្នុងពានសម្តេច ហ៊ុន សែន»។
តាមរយៈការប្រកួតនៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអាទិត្យនោះ ក្រុមវិសាខា បានបង្កើតឱកាសជាច្រើន តែពួកគេធ្វើមិនបានសម្រេច។ ផ្ទុយពីនេះការលើកបាល់ជ្រុងយ៉ាងល្អរបស់ Maycon នាំឲ្យខ្សែបម្រើជប៉ុន Mizuno Hikaru លោតទៅតែតបាល់នោះបញ្ចូលទីយ៉ាងស្អាត ជួយឲ្យបឹងកេតឈ្នះ ១-០ នៅនាទីទី ៨២ ដើម្បីលុបចោលការស្មើ ១-១ នឹងក្រុមវិសាខា កាលពីជើងទី ១។
ការឈ្នះបាន ៣ ពិន្ទុនេះ បានជួយឲ្យក្រុមបឹងកេត បន្តឈរនៅលេខ ១ មាន ៤២ ពិន្ទុ និងបានរុញទម្លាក់ក្រុមណាហ្គាវើល ដែលឡើងទៅឈរនៅលេខ ១ កាលពីថ្ងៃសៅរ៍ ក្រោយពួកគេបានបន្តយកឈ្នះក្រុមវេស្ទើន ៣-០ ដើម្បីមាន ៤១ ពិន្ទុនោះ ឲ្យមកឈរនៅលេខ ២ ដដែល ខណៈក្រុមវិសាខា បន្តឈរនៅលេខ ៣ មាន ៣៨ ពិន្ទុ។
នៅពេលសួរពីភាគរយនៃការឆ្ពោះទៅកាន់ការឈ្នះពានរដូវកាលនេះ លោក ហៅ សុជាតិ បានឆ្លើយតបថា៖ «មកដល់ពេលនេះ យើងនៅមិនទាន់អាចនិយាយបានទេ ដោយសារយើងនៅប៉ះជាមួយណាហ្គាវើល ស្វាយរៀង អង្គរថាយហ្គឺរ និងភ្នំពេញក្រោន ដែលសុទ្ធតែក្រុមខ្លាំង ហើយពេលនេះក្លិបយើង ក៏មានបញ្ហាប្រឈមជាមួយកីឡាកររបួស ប៉ុន្តែការយកឈ្នះក្រុមវិសាខាលើកនេះបានផ្តល់កម្លាំងចិត្តដល់កីឡាកររបស់យើងមួយផ្នែកធំ ក្នុងការជំរុញឲ្យពួកគាត់បន្តយកឈ្នះការប្រកួតក្រោយៗទៀត»។
យ៉ាងណាមិញ ក្រុមទ័ព បានជួបភាពក្តៅក្រហាយ សម្រាប់ការជួបក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ កាលពីថ្ងៃអាទិត្យនោះដែរ។ ទ័ព បាននាំមុខ ២-០ មុន តែ ឡុង ភារ៉ាត់ បានទាត់ ហ្រ្វីឃីកបញ្ចូលទីរកគ្រាប់បាល់ទី ១ ឲ្យសូលទីឡូអង្គរ នៅនាទីទី ៧២។
នៅក្នុងនាទីបន្ថែម ៩០+៤ ក្រុមសូលទីឡូអង្គរទទួលបានឱកាសទាត់បាល់ ហ្រ្វ៊ីឃីកម្តងទៀត ហើយ James Kwame បានតែតបាល់នោះបញ្ចូលទី ប៉ុន្តែគ្រាប់នោះ បានបង្កឲ្យមានភាពចម្រូងចម្រាសគ្នាព្រោះលោកអាជ្ញាកណ្តាលខ្សែបន្ទាត់ បានលើកទង់ បង្ហាញពីការលេងបាល់ក្រៅល្បែង ចំពោះការតែតបាល់បញ្ចូលទីនេះ។
ប៉ុន្តែក្រោយការតវ៉ារបស់ក្រុមសូលទីឡូអង្គរ លោកអាជ្ញាកណ្តាលក្នុងទីលាន ក៏បានសម្រេចផ្តល់បាល់នោះឲ្យក្រុមម្ចាស់ផ្ទះ ធ្វើឲ្យក្រុមទ័ពមានការខឹងសម្បាយ៉ាងខ្លាំង និងបានធ្វើការតវ៉ារហូតមានការអន្តរាគមន៍ពីសមត្ថកិច្ច ទើបការប្រទូសរ៉ាយនោះ បានស្ងប់ស្ងាត់ទៅវិញ។
លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមទ័ព បានច្រានចោលលទ្ធផលស្មើនេះ។ លោកបាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្រោយការប្រកួតថា សម្រាប់ផ្លូវចិត្តរបស់លោក គឺលោកអត់ទទួលយកការប្រកួតនេះទេ ព្រោះលោកគិតថា ក្រុមទ័ពស្មើ ២-២ ដោយសារអាជ្ញាកណ្ដាលជាអ្នកតែតបញ្ចូលទីឲ្យក្រុមសូលទីឡូអង្គរ។
ជាមួយការចែក ១ ពិន្ទុ ទាំងក្តៅក្រហាយជាមួយសូលទីឡូអង្គរនេះ បានធ្វើឲ្យក្រុមទ័ព បន្តឈរនៅលេខ ៤ មាន ៣៥ ពិន្ទុ។ ប៉ុន្តែក្រុមអាស៊ីអឺរ៉ុប បានលត់ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ៦-១ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុមទាំង ២ នេះ មាន ២១ ពិន្ទុ ចំណែកក្រុមភ្នំពេញក្រោន បានលត់ក្រុមអគ្គិសនីកម្ពុជា ៤-០ ដើម្បីដណ្តើមយកទីតាំងលេខ ៥ របស់ក្រុមប៉ូលិស ព្រោះប៉ូលិស បានចាញ់ក្រុមអង្គរថាយហឺ្គរឈរ ៣-១ ធ្វើឲ្យពួកគេមាន ២៤ ពិន្ទុដដែល ខណៈភ្នំពេញក្រោន មាន ២៧ ពិន្ទុ៕