ភ្នំពេញៈ ក្រុម​បឹងកេត​បាន​វាយបក​តាម​ស្មើ​ក្រុម​វិសាខា ទាំង​លំបាក ប៉ុន្តែ​លទ្ធផល​នេះ​វា​ប្រសើរ​ជាង​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​ដែល​កាន់តែ​ឃ្លាតឆ្ងាយ​ពី​តំបន់​កំពូល​តារាង​ទាំង​ ៤ ឯ​ក្រុម​ទ័ព​បាន​ឈ្នះ​ ៣ ​ពិន្ទុ​បន្ថែម​ដូច​ក្រុម​ប៉ូលិស​ដែរ​។

សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​អាទិត្យ​នោះ​ក្រុម​វិសាខា​រក​បាន​គ្រាប់​បាល់​មុន ដែល​រក​បាន​ដោយ​ខ្សែប្រយុទ្ធ​កូរ៉េ​ខាង​ជើង Myong Ho តាំងពី​នាទី​ទី​ ១២ ប៉ុន្តែ​ការព្យាយាម​វាយបក​របស់​បឹងកេត​បាន​ផ្តល់​ឱកាស​ឲ្យ Oiboh Julius អាច​តែ​តបាល់​បញ្ចូល​ទី​តាម​ស្មើ ១-១ នៅ​នាទី​ទី​ ៧៧​។

ការប្រកួត​នេះ​មាន​ភាព​តានតឹង​ខ្លាំង​បំផុត ហើយ​ការផ្តោត​ខ្លាំង​ទៅ​លើ​ការ​ដណ្តើមបាន​ ៣ ​ពិន្ទុ​នេះ​ធ្វើឲ្យ​ក្រុម​ទាំង​ ២ ហាក់​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​អាជ្ញាកណ្តាល​កាត់​សេចក្តី​ផង​ដែរ​។ ប៉ុន្តែ​អ្វីៗ​បាន​ប្រសើរ​វិញ​ក្រោយ​ចប់​ការប្រកួត​ដោយ​បឹងកេត បាន​ ១ ​ពិន្ទុ​បន្ថែម ដើម្បី​មាន​ ២៤ ​ពិន្ទុ ហើយ​វិសាខា បាន​ ១ ​ពិន្ទុ ដើម្បី​មាន​ ២០ ​ពិន្ទុ​។

ផ្ទុយ​ពី​នេះ​ក្រុម​ស្វាយរៀង​បាន​ឃ្លាត​កាន់តែ​ឆ្ងាយ​ពី​តំបន់​កំពូល​តារាង​ទាំង​ ៤ ក្រោយ​ពេល​ពួកគេ​បន្ត​ចាញ់​ក្រុម​អាស៊ី​អឺរ៉ុប ២-១ កាលពី​ថ្ងៃ​សៅរ៍​។ ខ្សែ​ប្រយុទ្ធ Shane Booysen រក​បាន​គ្រាប់​បាល់​បើក​ឆាក​ឲ្យ​ស្វាយរៀង​បាន​មុន​នៅ​នាទី​ទី​ ៣៥ ប៉ុន្តែ​អាស៊ី​អឺរ៉ុប​បាន​វាយបក​បាន​ ២ ​គ្រាប់​វិញ​ដែល​រក​បាន​ដោយ​ខ្សែប្រយុទ្ធ Privat នៅ​នាទី​ទី​ ៤៦ និង​ទី​ ៨៥​។

លទ្ធផល​នេះ​បាន​ធ្វើឲ្យ​ក្រុម​ស្វាយរៀង​មាន​ ១១ ​ពិន្ទុ​ដដែល ឯ​អាស៊ី​អឺរ៉ុប​មាន​ ១៥ ​ពិន្ទុ ខណៈ Privat កំពុង​មាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​គឺ​ ១៥ ​គ្រាប់​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ប្រជែង​យក​ស្បែកជើង​មាស​ក្នុង​រដូវកាល​នេះ​។

ចំណែក​ក្រុម​ក្រសួង​ការពារជាតិ (​ទ័ព​) ​បាន​យក​ឈ្នះ​ក្រុម​សូលទីឡូ​អង្គរ ៣-១ ដើម្បី​មាន​ ១៨ ​ពិន្ទុ និង​បន្ត​ឈរ​នៅ​លេខ​ ៤ ឯ​ក្រុម​ប៉ូលិស​បាន​ឈ្នះ​អង្គរថាយហ្គឺរ ២-១ ដើម្បី​ ១៧ ​ពិន្ទុ​។

ដោយឡែក​ក្រុម​ណាហ្គាវើល​បាន​ឈ្នះ​វេស្ទើន ១០-១ ហើយ​ភ្នំពេញ​ក្រោន បាន​ត្រឹម​ស្មើ​អគ្គិសនី​កម្ពុជា ០-០ ប៉ុណ្ណោះ​កាលពី​ម្សិលមិញ​៕