ភ្នំពេញ៖ ​អ្នក​ប្រដាល់​មក​ពី​ជាយ​ដែន​ខេត្ត​បន្ទាយមានជ័យ ឃីម បូរ៉ា ដែល​កំពុង​ឡើង​ជើង​ខ្លាំង និង​ទើប​តែ​ឈ្នះ​បាន​ខ្សែ​ក្រវាត់​​នៅ​សង្វៀន CNC នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​បេក្ខភាព​មាន​សមត្ថភាព​ខ្ពស់​ជាង​គេ ក្នុង​ចំណោម​​បេក្ខភាព​ទាំង ​៤ ​នាក់ ដែល​កម្មវិធី Mas Fight Cambodia ដាក់ឲ្យ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ​៦០ ​គីឡូក្រាម នៅ​លើ​សង្វៀន​ថោន​ថ្ងៃ​អាទិត្យ។

បើ​ទោះបី​ជា​ពេល​នេះ ឃីម បូរ៉ា នៅ​មិន​ទាន់​ដឹង​ថា រូប​គេ​នឹង​ត្រូវ​ចាប់​ឆ្នោត​ប៉ះ​កីឡាករ​រូប​ណា នៅ​វគ្គ​ជម្រុះ ​៣ ​ទឹក ប៉ុន្តែ​បេក្ខភាព ​៣ នាក់​ទៀត​​មាន តាញ់ មករា, សោម វិឆ័យ និង គង់ ហូវ សុទ្ធ​តែ​ធ្លាប់​​បាន​ចាញ់ ឃីម បូរ៉ា កន្លង​មក ហើយ​​តាម​រយៈ​ការ​សម្ភាស​ជាមួយ​គ្រូ​បង្វឹក​​របស់​កីឡាករ​ទាំង ​៣ ​នាក់ សម្រាប់​ការ​ប្រកួត​លើក​នេះ គឺ​ពួក​គាត់​​សុទ្ធ​តែ​សម្តែង​​ការ​​ខ្លាច​ពី​​សមត្ថភាព​របស់​ ​ឃីម​ បូរ៉ា​ ​ដូច​គ្នា។

យ៉ាង​ណា​ក៏ដោយ ​លោក ​ហេង​ ប៊ុន​ឃីម ជា​ឪពុក និង​ជា​​គ្រូ​បង្វឹក​របស់ ​ឃីម ​បូរ៉ា ហាក់​បាន​លាក់​បាំង​នូវ​ភាព​ខ្លាំង​កូន​ប្រុស​របស់​ខ្លួន ដោយ​លោក​បង្ហើប​​ថា បូរ៉ា ​សង្ឃឹម​ឈ្នះ​តិច​ទៅ​វិញ ​ព្រោះ​សុខភាព ​និង​កម្លាំង ​មិន​ល្អ​បរិបូរណ៍​ដូច​មុន​។​ លោក​ ហេង ​ប៊ុន​ឃីម បាន​ប្រាប់​ពី​ថ្ងៃ​ពុធ​ថា៖​ «​នៅ​ក្នុង​ចំណោម​បេក្ខភាព​ទាំង ៣ ​នាក់ ​ដែល ​ឃីម បូរ៉ា​ ត្រូវ​ប្រកួត​គឺ​យ៉ាប់​ឈ្នះ​ទាំង​អស់»។

គ្រូ​បង្វឹក​មិន​សូវ​អួត​អាង​ពី​សមត្ថភាព​របស់​កូន​មុន​ការ​ប្រកួត លោក ហេង ប៊ុនឃីម បាន​បញ្ជាក់​ថា៖ ​«​បើ​រំឭក​ការ​ប្រកួត​កន្លង​មក គឺ​​អ្នក​ ​៣ ​នាក់​នេះ​ ធ្លាប់​ចាញ់​ ឃីម បូរ៉ា​ ដោយ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​ដូច​គ្នា​ ប៉ុន្តែ​កម្លាំង​របស់​ បូរ៉ា ពេលនេះ ​គឺ​ធ្លាក់​ចុះ​ជាង​មុន ​ដោយ​បញ្ហា​មាន​ប្រពន្ធ ​និង​សុខភាព ​មិន​សូវ​ល្អ​ដូច​កាល​នៅ​កំលោះ​​ឡើយ​។​ យ៉ាង​ណា​ក៏​ដោយ ទោះ​​ចាញ់ ​ឬ​ឈ្នះ​ គឺ​បូរ៉ា ធានា​វ៉ៃ​អស់​ពី​សមត្ថភាព»។

តាម​ការ​លើក​ឡើង​របស់​លោក ហេង ប៊ុនឃីម បង្ហាញ​ថា លោក​គ្រាន់​តែ​មិន​ហ៊ាន​អួត​ពី​ភាព​ខ្លាំង​របស់ ឃីម បូរ៉ា ព្រោះ​បេក្ខភាព​ទាំង​​ ៣ នាក់​នេះ គឺ​បាន​ចាញ់​នៅ​ពេល បូរ៉ា មាន​ប្រពន្ធ​ទៅ​ហើយ​ជាក់​ស្តែង តាញ់ មករា ទើប​តែ​បាន​ចាញ់​ពិន្ទុ ឃីម បូរ៉ា ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ​សង្វៀន CNC កាល​ពី​ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ​២០២០ ចំណែក គង់ ហូវ ទើប​តែ​ចាញ់​ បូរ៉ា ដោយ​ពិន្ទុ​ដាច់​នៅ​សង្វៀន PNN កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ។

លោក​ ធន់ ​សុភា​ គ្រូ​បង្វឹក ​តាញ់​ មករា បាន​​និយាយ​ថា៖ ​«​ឃីម បូរ៉ា ជា​ឧបសគ្គ​ធំ​ជាង​គេ​ ប៉ុន្តែ​បើ​ជួប គង់ ​ហូវ ​ឬ ​សោម​ វិឆ័យ​ នៅ​វគ្គ​ជម្រុះ​​នោះ​ តាញ់​ មករា​ មាន​សង្ឃឹម​​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ដោយ​មិន​ព្រួយ​ឡើយ​ ព្រោះ ​មករា ​ហ្វឹកហាត់​បាន​ជាប់​លាប់​ល្អ​ មាន​កម្លាំង​ល្អ ​ធានា​ឈ្នះ​ ឬ​ចាញ់​មិន​អាច​សន្លប់​ទេ»​។​

ចំណែក​លោក​ ជា​ រិទ្ធ​ គ្រូ​បង្វឹក​ ​គង់ ​ហូវ​ បាន​ប្រាប់​ថា៖​ ​«ខ្ញុំ​គិត​ថា​ វត្តមាន​របស់​ ឃីម​ បូរ៉ា​ អាច​នឹង​លំបាក​ប្រកួត​ជាង​គេ ​​ព្រោះ​គេ​រហ័ស​ និង​វាយ​ឆក់​ដោយ​ក្បាច់​ជង្គង់​បាន​លឿន​ ព្រម​ទាំង​គេច​លឿន​ទៀត​។ ​បើ​និយាយ​ឲ្យ​ចំ ​​អ្នក​ទាំង​ ​៣ ​នាក់​នេះ​ គឺ​លំបាក​ឈ្នះ​ដូច​គ្នា​ ​ព្រោះ​សុទ្ធ​តែ​ជា​កីឡាករ​​លំដាប់​ប្រកួត​ជាមួយ​អន្តរជាតិ​ ​និង​មាន​បទពិសោធ​ឡើង​សង្វៀន​បាន​ច្រើន​ឆ្នាំ​ដូច​គ្នា​ ហេតុ​នេះ​​ខ្ញុំ​សង្ឃឹម​ឈ្នះ​តិច​ណាស់​ ​ដ្បិត​អី​ការ​ហ្វឹកហាត់​របស់ គង់​ ហូវ​ មិន​សូវ​បាន​ល្អ​ទេ​ ដោយ​រវល់​ច្រើន ​គឺ​ឪពុក​ទើប​តែ​ស្លាប់»​។

ចំពោះ​លោក ​ឡុង ​វិបុល ​គ្រូ​បង្វឹក​របស់ ​សោម ​វិឆ័យ បាន​​និយាយ​ថា​៖ «​ក្នុង​ចំណោម​កីឡាករ ​៣​ នាក់​ ដែល​ផ្គូផ្គង​ឲ្យ​មក​ប្រកួត​ដណ្តើម​ប្រាក់​លាន​នេះ សោម ​វិឆ័យ ទៅ​​ប៉ះ​ជាមួយ​អ្នក​ណា​ក៏​លំបាក​ឈ្នះ​ដែរ​ ​ព្រោះ​សុទ្ធ​តែ​ជា​អ្នក​ប្រដាល់​ចាស់​វស្សា​ដូច​គ្នា​ ហេតុ​នេះ​ខ្ញុំ​សង្ឃឹម​ឈ្នះ​តិច​ទេ​ ត្រឹម​ ៥០ ​ភាគរយ​ប៉ុណ្ណោះ​»៕