រុស្ស៊ី: លោក Adam Nawalka គ្រូ​​បង្វឹក​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​ប៉ូឡូញ បាន​​សន្យា​ថា នឹង​​​ធ្វើ​​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​ប៉ូឡូញ ធ្លាក់​ចេញពី World Cup នៅ​ពេល​ដែល​ក្រុម​ទាំង​​២ ​ជួប​គ្នា​ក្នុង​ការប្រកួត «ដ៏​តាន​តឹង​មួយ» នៅ​ថ្ងៃ​អាទិត្យ​នេះ ទោះ​បី​ខ្សែ​ការ​ពារ​ដ៏​មាន​ឥទ្ធិ​ពល Kamil Glik ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល​ក៏ដោយ​។

ការ​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ២-១ ក្រោមស្នា​ដៃ​​ក្រុម​ជម្រើស​ជាតិ​សេ​ណេ​ហ្គាល់ ក្នុង​ការប្រកួត​បើកឆាក​នៃ​ពូល H របស់​ពួក​គេ បាន​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ ត្រូវ​​ការ​ដណ្តើម​ឲ្យ​បាន​៣​ពិន្ទុ​​ដំបូង​របស់​ពួក​គេក្នុង​​យុទ្ធ​នា​ការ​នេះ​​នា​កីឡដ្ឋាន Kazan Arena​។

ក្រុម​ជម្រើស​ជាតិ​កូ​ឡុំ​ប៊ី ដែល​បាន​ឈាន​ទៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​ជាលើក​ទី​ ១ ក្នុង​ប្រទេស​ប្រេស៊ីល កាល​ពី​ ៤ ​ឆ្នាំ​មុន​ នៅ​មុន​ពេល​​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​នោះ កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រដៀង​គ្នា ក្រោយពី​បាន​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ២-១ ក្រោម​ស្នា​ដៃ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ខណៈ​ដែល​ពួក​គេ​ត្រូវ​បាន​​បង្ខំ​ឲ្យ​លេង​​​ជា​មួយ​នឹង​សមា​ជិក​ត្រឹម​តែ​ ១០​ នាក់​សម្រាប់​ការ​ប្រកួត​ទាំងមូល​។

កីឡាករ​នៃក្រុម​ប៉ូឡូញ ហ្វឹក​ហាត់​ត្រៀម​សម្រាប់​ការ​ប្រកួតដ៏សំខាន់​នៅ​ថ្ងៃ​អាទិត្យ​នេះ ជាមួយ​នឹងក្រុម​កូឡុំ​ប៊ី​។ AFP

លោក Nawalka បាន​កោត​សរសើរ​ក្រុម​របស់​លោក Jose Pekerman ប៉ុន្តែ បាន​បញ្ជាក់​ថា បើ​ធ្វើ​ការ​វិភាគ​ទៅលើ «ទេព​កោស​​ល្យ​ជា​របស់​​កីឡាករ​ម្នាក់ និង​ជាក្រុម» របស់​ក្រុម​អាមេរិក​ខាង​ត្បូង​មួយ​នេះ មាន​ន័យ​ថា ប៉ូឡូញ មាន​ប្រៀប​ច្រើនជាង​ក្នុង​ការ​ឈ្នះ បើ​ទោះ​បី​​កំពុង​តែ​បង្ហាញ​​ខ្លួន​ក្នុង World Cup ជា​លើក​ទី​១​របស់​ពួក​គេ​ក្នុង​​រយៈ​ពេល​១២​ឆ្នាំ​ក៏ដោយ​។

លោក Nawalka បាន​ឲ្យ​ដឹង​ថា៖ «ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កូឡុំ​ប៊ី មាន​ក្រុម​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ ជា​មួយ​នឹង​គ្រូបង្វឹក​ដ៏អស្ចារ្យ​ម្នាក់​។ ពួក​គេ​បាន​ស្ថិត​នៅ​ជាមួយ​គ្នា​​រយៈ​ពេល​ជាយូរ​មក​ហើយ និង​បាន​ត្រៀម​ផ្នែក​បច្ចេក​ទេស​យ៉ាងល្អ​អស់​រយៈ​ពេល​ជា​​យូរ​មក​ហើយ​។ ប៉ុន្តែ ខ្ញុំ​ចង់​សង្កត់​ធ្ងន់​ថា ខ្ញុំ​ជឿជាក់​ថា យើង​​នឹង​ឈ្នះ​នៅ​ថ្ងៃ​ស្អែក​នេះ​»​៕ IS

កម្ម​វិធី​ប្រកួត​ថ្ងៃ​នេះ

England v Panama ម៉ោង 7 យប់

Japan v Senegal ម៉ោង 10 យប់

Poland v Colombia ម៉ោង 1 រំលង​អធ្រាត្រ