ភ្នំពេញៈ ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ Khmer Rally Raid ឆ្នាំ​ ២០១៩ ក្រោម​ប្រធានបទ «​រួម​គ្នា​ដើម្បី​ថែរក្សា​បរិស្ថាន និង​ធនធាន​ធម្មជាតិ​» ហើយ​បាន​ឆ្លងកាត់​ដែនជម្រក​សត្វព្រៃ «​ព្រៃឡង់​» ព្រមទាំង​ដែនជម្រក​សត្វព្រៃ និង​តំបន់​ការពារ​ធម្មជាតិ​ដែល​មាន​នៅក្នុង​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប​បាន​បញ្ចប់​ដោយ​ជោគជ័យ បន្ទាប់ពី​បើក​ការប្រកួតប្រជែង​គ្នា​អស់​រយៈពេល​ ៣ ​ថ្ងៃ​។

លោក ហូរ សិទ្ធិគុណ អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា និង​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ Khmer Rally Raid នេះ​បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​សារប្រយោជន៍​ដែល​ទទួល​បាន​ពី​ការប្រកួត​នេះ ហើយ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​តំណាង​ឲ្យ​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​នៅក្នុង​ពិធី​បិទ​ការប្រកួត​ដែល​បាន​ធ្វើ​នៅ Pub Street ខេត្ត​សៀមរាប​កាលពី​ថ្ងៃ​ចន្ទ​នោះ​ដែរ​។

លោក ហូរ សិទ្ធិគុណ បាន​ថ្លែង​ថា​៖ «​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​នេះ​ទទួល​បាន​ជោគជ័យ ព្រោះ​មាន​ការគាំទ្រ​ពី​បណ្តា​ខេត្ត​ទាំង​ ៣ ជាពិសេស​ការចូលរួម​យ៉ាង​ច្រើន​ពី​កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ​មកពី​ជាង​ ១០ ​ប្រទេស ហើយ​ពួកគាត់​បាន​ព្យាយាម​ប្រកួតប្រជែង​គ្នា​ដោយ​ភាព​អត់ធន់​ជាមួយ​ការប្រើ​នូវ​បច្ចេកទេស​ប្រណាំង និង​ការមើល​សៀវភៅ​ផែនទី​រហូត​ទៅ​ដល់​ទី​ផ្តាច់ព្រ័ត្រ បើ​ទោះបី​ជា​ស្ថានភាព​ផ្លូវ​ប្រណាំង​រយៈពេល​ ៣ ​ថ្ងៃ​លើ​ចម្ងាយ​ផ្លូវ​សរុប​ ៦២៤ ​គីឡូម៉ែត្រ​មាន​ការពិបាក​ដោយ​ឆ្លង​កាត់ទឹក ភក់ ជង្ហុក​ធំៗ ចម្ការ និង​ព្រៃ​ក្រាស់ៗ​ក៏ដោយ​»​។

លោក​បាន​បន្ថែម​ថា​៖ «​ឯកឧត្តម សាយ សំអាល់ បាន​យល់​ឃើញ​ថា​ការផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ធម្មជាតិ​ដែនជម្រក​សត្វព្រៃ និង​តំបន់​ការពារ​ធម្មជាតិ​តាមរយៈ​ការប្រណាំង​យានយន្ត​នេះ​ពិតជា​មាន​ប្រសិទ្ធភាព​ទើប​លោក​សហការ​ជាមួយ​ព្រឹត្តិការណ៍​ដ៏ធំ​មួយ​នេះ ព្រោះ​តំបន់​បរិស្ថាន​មួយ​ចំនួន​តំបន់​ព្រៃ និង​តំបន់​អភិរក្ស​មួយ​ចំនួន​ទៀត​គឺ​មាន​តែ​យានយន្ត និង​អត្តពលិក ដែល​ជា​អ្នក​ចូលចិត្ត​ផ្សងព្រេង​ដំណើរ​កម្សាន្ត​ទាំង​នោះ​ទេ​ទើប​អាច​ឆ្លងកាត់​បាន ដូច្នេះ​តាមរយៈ​ការប្រកួត​នេះ វា​បាន​ជះឥទ្ធិពល​ល្អ និង​បាន​ជួយ​បំផុស​បង្ហាញ​ទៅលើ​ការផ្សព្វផ្សាយ​តំបន់​អភិរក្ស​ទាំងនោះ​បាន​ល្អ​»​។

សូមបញ្ជាក់​ថា​ក្រៅពី​ការប្រណាំង​យានយន្ត​ចំនួន​ ២៨ ​គ្រឿង​អម​ដោយ​រថយន្ត Service ចំនួន​ ១៥ ​គ្រឿង​នោះ​គឺ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​នេះ​ក៏​មាន​ក្រុម​ម៉ូតូ​ប្រណាំង​ចំនួន​ ២០ ​គ្រឿង​បាន​ចូលរួម​ប្រកួត​ប្រជែង​គ្នា​ផង​ដែរ ហើយ​ការ​ផ្តិត​រូបភាព​ល្អ​ពី​ក្រុមហ៊ុន​រៀបចំ KARA ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុម​អត្តពលិក​ត្រូវ​បាន​លោក នេត្រ ភក្ត្រា រំពឹង​ថា​នឹង​បាន​លាតត្រដាង​ពី​សម្រស់​ធម្មជាតិ​នៃ​ដែនជម្រក​សត្វព្រៃ «​ព្រៃឡង់​» ដែនជម្រក​សត្វព្រៃ «​ព្រៃ​បឹងពែ​» ដែនជម្រក​សត្វព្រៃ «​ព្រៃ​ព្រះរកា​» និង​តំបន់​ការពារ​ធម្មជាតិ​ជាច្រើន​ទៀត​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក​។

លោក នេត្រ ភក្ត្រា បាន​និយាយ​មុន​ការប្រកួត​ចាប់ផ្តើម​ថា​៖ «​តាមរយៈ​ការផ្តិត​រូបភាព​របស់​អ្នក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ KARA យើង​ជឿជាក់​ថា​រូបភាព​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ធនធាន​ធម្មជាតិ​ក៏​ដូចជា​ជីវភាព​របស់​ប្រជាសហគមន៍​នៅ​ទី​នោះ​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​គឺ​មិនមែន​ត្រឹម​តែ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​តាមរយៈ​កីឡាករ​មកពី​ក្រៅ​ប្រទេស គាត់​នឹង​បញ្ចេញ​រូបភាព​តាម​ហ្វេសប៊ុក​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម ឬ​តាម​បណ្តាញ​ព័ត៌មាន ដើម្បី​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​បាន​ដឹង​ថា តើ​ប្រទេស​កម្ពុជា​សម្បូរ​ធនធាន​ធម្មជាតិ​យ៉ាងម៉េច​ខ្លះ​! ព្រឹត្តិការណ៍​នេះ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការចូលរួម​ទាញ​ការចាប់​អារម្មណ៍​របស់​សាធារណជន​ឲ្យ​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ផង​ដែរ​»៕