ក្រុង​អាប៊ូចា៖ មន្ត្រី​អាជ្ញាធរ​នីហ្សេរីយ៉ា​ ពី​ថ្ងៃ​ចន្ទ​បាន​រឹប​អូស​ទ្រព្យ​សម្បត្តិ​​ពី​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​​នៃ​សមាគម​​បាល់​ទាត់​​កំពូល​​នៅ​ប្រទេស ​នីហ្សេរីយ៉ា ​រួម​ទាំង​ប្រធាន​របស់​សមាគម​​នេះ ​គឺ​លោក Amaju Pinnick នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​អំពើ​ពុក​រលួយ​ថ្មីៗ​នេះ​។​ ​

គណៈកម្មការ​បង្ក្រាប​អំពើ​ពុក​រលួយ​ឯករាជ្យ​ (ICPC) បាន​រឹប​អូស​អចលនទ្រព្យ ​១២ ​កន្លែង ​ក្នុង​នោះ​​​ពាក់​កណ្ដាល ​គឺ​ជា​កម្មសិទ្ធិ​របស់​លោក Pinnick រួម​ទាំង​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ផង​ដែរ​ ​ក្នុង​ការ​ស៊ើប​អង្កេត​ថ្មី​បំផុត​ដោយ​សំដៅ​រក​​មន្ត្រី​ជាន់​ខ្ពស់​​សហព័ន្ធ​បាល់​ទាត់​នីហ្សេរីយ៉ា​ (NFF) ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លាង​លុយ​កខ្វក់​រាប់​លាន​ដុល្លារ​។

មន្ត្រី​នាំ​ពាក្យ​គណៈកម្មការ​ ICPC លោក Rasheedat Okoduwa បាន​និយាយ​ថា៖ «​មន្ត្រី​ជា​ច្រើន​រូប​​នៅ​សហព័ន្ធ​ NFF កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ព្រោះ​​អ្វី​ដែល​ពួក​គេ​មាន ​គឺ​លើស​ពី​អ្វី​ដែល​ពួក​គេ​រក​​បាន​ទៅ​ទៀត»។​​

ប្រធាន​មួយ​ចំនួន​របស់​សហព័ន្ធ NFF ​ដឹកនាំ​ដោយ​លោក Pinnick ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ​៣ ​ដាច់​ដោយ​ឡែក​ពី​គ្នា​រួម​ទាំង​ការ​ចោទ​ប្រកាន់ ​១៧ ​ករណី ​នៅ​តុលាការ​​ចាប់​ពី​ការ​មិន​ប្រកាស​​ទ្រព្យ​សម្បត្តិ​រហូត​ដល់​ការ​កិបកេង​ប្រាក់​ចំនួន ​៨,៤ ​លាន​ដុល្លារ ​របស់​សហព័ន្ធ​បាល់​ទាត់​ពិភព​លោក FIFA ​ដែល​ត្រូវ​ចំណាយ​ទៅ​ឲ្យ​សហព័ន្ធ​ជាតិ​នេះ​ផង​ដែរ​។​

ករណី​នេះ​នឹង​បន្ត​​ដល់​ថ្ងៃទី ​២៦​ ខែ​កញ្ញា​។​ ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត លោក Pinnick និង​លោក Mohammed Sanusi ព្រម​ទាំង​គណនេយ្យករ​ ​៣ ​នាក់​ទៀត ​នៅ​សហព័ន្ធ NFF នេះ​ត្រូវ​បាន​​ចោទ​ប្រកាន់​ពី​បទ​កិបកេង​ប្រាក់​​ជំនួយ​ជាង ​១០ ​លាន​ដុល្លារ ​របស់​សហព័ន្ធ​ FIFA និង​សហព័ន្ធ​បាល់​ទាត់​​អាហ្រ្វិក ​(CAF) ដែល​ជា​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​បាល់​ទាត់​នៅ​​នីហ្សេរីយ៉ា​។​

កាល​ពី​ខែ​កក្កដា ​សហព័ន្ធ​ CAF បាន​បណ្ដេញ​លោក Pinnick ចេញ​ពី​តំណែង​អនុប្រធាន​សហព័ន្ធ​នេះ​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​​៕ AFP/SN