ភ្នំពេញៈ ​ប្រធាន​សហព័ន្ធ​កីឡា​វាយសី​កម្ពុជា លោក លី កុសល បាន​ក្រើន​រំឭក​ទៅ​ដល់​អត្តពលិក ដែល​ទើប​​​ដណ្តើម​បាន​មេដាយ ពី​ការ​ប្រកួត​កីឡា​វាយសី​ដណ្តើម​ពាន​រង្វាន់​ឯកឧត្តម​ប្រធាន​សហព័ន្ធ លើក​ទី​៥ ឆ្នាំ ​២០១៩ កុំ​ឲ្យ​សប្បាយ ឬ​អបអរ​ជ័យជម្នះ​របស់​ខ្លួន រហូត​​ភ្លេច​ខ្លួន​ឯង ជា​កីឡាករ កីឡាការិនី ​ដែល​ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែម​ឲ្យ​បាន​ខ្លាំង​ជាង​នេះ ដើម្បី​ឆ្ពោះ​ទៅ​ដណ្តើម​មេដាយ នៅ​លើ​ឆាក​អន្តរជាតិ ជូន​ជាតិ ពិសេស​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី ​៣២ ឆ្នាំ ​២០២៣ នៅ​កម្ពុជា។

លោក​ឧត្តមសេនីយ៍ឯក លី កុសល ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បិទ ការ​ប្រកួត​កីឡា​វាយសី​ដណ្តើម​ពាន​រង្វាន់​ឯកឧត្តម​ប្រធាន​សហព័ន្ធ លើក​ទី​៥ នៅ​ទីលាន​វាយសី​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា៖ ​«គោល​បំណង​ដែល​សហព័ន្ធ​រៀបចំ​ការ​ប្រកួត​នេះ​ឡើង គឺ​ដើម្បី​ជ្រើសរើស​​យក​ថ្នាល​ល្អៗ មក​បង្កើន​ជំនាញ ត្រៀម​លក្ខណៈ និង​​លើក​កម្ពស់​ ពង្រឹង​សមត្ថភាព​អត្តពលិក​ពី ​១ ថ្ងៃ ទៅ ​១ ​ថ្ងៃ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ដើម្បី​ឈាន​ទៅ​យក​មេដាយ​មាស​ឲ្យ​បាន ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០២៣»។

លោក​បាន​បន្ថែម​ថា៖​ «​សហព័ន្ធ​កីឡា​វាយសី​កម្ពុជា បាន​ខិតខំ​ជំរុញ​ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​ឲ្យ​បាន​ច្រើន ក្នុង ​១ ឆ្នាំៗ ដូច្នេះ​កីឡាករ កីឡាការិនី​ជយលាភី​ទាំងឡាយ កុំ​អបអរ​សាទរ​នឹង​ជ័យជម្នះ​ភ្លេច​ខ្លួន គឺ​ត្រូវ​ខិតខំ​សម្រួច​ជំនាញ​ជា​បន្ត​ទៀត ដើម្បី​រក្សា​សមិទ្ធផល​ដែល​ទទួល​បាន និង​ឈាន​ទៅ​យក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ធំៗ​បន្ថែម​ទៀត ព្រោះ​ទិសដៅ​របស់​យើង មិនមែន​ត្រឹម​ការ​ដណ្តើម​មេដាយ នៅ​ក្នុង​ស្រុក​នោះ​ទេ គឺ​ការ​ដណ្តើម​មេដាយ​នៅ​លើ​ឆាក​អន្តរជាតិ​ជូន​​ប្រទេស​ជាតិ​របស់​យើង»។

សម្រាប់​ការ​ប្រកួត​កីឡា​វាយសី​ដណ្តើម​ពាន​រង្វាន់​ឯកឧត្តម​ប្រធាន​សហព័ន្ធ លើក​ទី​៥ ឆ្នាំ ​២០១៩ ដែល​បាន​បើក​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍ និង​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ គឺ​មាន​​កីឡាករ​ចំនួន ​១១៧ នាក់ កីឡាការិនី ​២២ ​នាក់ និង​ប្រតិភូ ៣៥ ​នាក់ មក​ពី​ក្លិប​សមាគម​ចំនួន ​១៨ នៅ​ទូទាំង​ប្រទេស ​កម្ពុជា បាន​ចូលរួម​ប្រកួត​ប្រជែង​គ្នា។

អត្តពលិក​ទាំង ​១៣៩ ​នាក់​នេះ បាន​​ប្រកួត​ប្រជែង​គ្នា នៅ​លើ​វិញ្ញាសា​ ចំនួន ​៦ មាន​វាយ​គូ​បុរស​ពិសេស​អាយុ ​៣៣ ​ឆ្នាំ​ឡើង វាយ​គូ​បុរស​អាយុ ​៥០ ​ឆ្នាំ​ឡើង វាយ​គូ​បុរស​ពី​អាយុ ​៤០ ដល់ ​៤៩ ​ឆ្នាំ វាយ​គូ​បុរស​អាយុ ​១៩ ​ឆ្នាំ​ឡើង វាយ​គូ​បុរស​អាយុ​ក្រោម ​១៨ ​ឆ្នាំ និង​ការ​ប្រកួត​វាយគូ​នារី​មិន​គិត​អាយុ ហើយ​តាមរយៈ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ក្នុង​រយៈពេល ​២ ​ថ្ងៃ​នេះ អត្តពលិក​​របស់​ក្លិប​វាយសី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ បាន​ឈ្នះ​មេដាយ​មាស ​៣ ក្នុង​ចំណោម​មេដាយ​មាស​សរុប​ទាំង ​៦ ដើម្បី​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ​១។

ចំណែក​អត្តពលិក​របស់​ក្លិប​វាយសី​ព្រះ​ខ័នរាជ បាន​ឈ្នះ​មេដាយ​មាស ​១ ប្រាក់ ​២ និង​សំរឹទ្ធ ​១ ដើម្បី​ឈរ​នៅ​លេខ ​២ លើ​ក្លិប​វាយសី​ខេត្ត​កំពង់ឆ្នាំង ដែល​ឈ្នះ​បាន​មេដាយ​មាស ​១ ប្រាក់ ​១ រីឯ​ក្លិប​​វាយ​សីពហុកីឡដ្ឋាន​ជាតិ ​ឈ្នះ​បាន​មាស ​១ សំរឹទ្ធ ​១ ក្លិប​ខេត្ត​មណ្ឌលគិរី ឈ្នះ​បាន​មាស ​១ ក្លិប​ខេត្ត​ប៉ៃលិន ឈ្នះ​បាន​ប្រាក់ ​១ សំរឹទ្ធ ២ ក្លិប​ខេត្ត​កំពង់ចាម បាន​ប្រាក់ ១ សំរឹទ្ធ ១ ក្លិប​ខេត្ត​រតនគិរី បាន​ប្រាក់ ១ និង​ក្លិប​វាយសី​រាជធានី​ភ្នំពេញ ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ ​១។

ជាមួយ​ការ​ប្រកួត​នេះ គណៈកម្មការ​បច្ចេកទេស​រៀបចំ​ការ​ប្រកួត​នេះ បាន​វាយ​តម្លៃ​ជា​រួម​ថា៖ ​«សម្រាប់​ការ​ប្រកួត ​២ ថ្ងៃ​នេះ យើង​ទទួល​បាន​ការ​​សហការ​​ល្អ​ពី​ប្រធាន​ប្រតិភូ គ្រូ​បង្វឹក​​ និង​អត្តពលិក​ទាំង​អស់ ដោយ​ពួក​គាត់​បាន​បញ្ចេញ​អស់​នូវ​កម្លាំង​កាយ​ចិត្ត ព្រមទាំង​គោរព​​វិន័យ និង​បទ​បញ្ជា​​បច្ចេកទេស ក្នុង​ការ​ប្រកួត​​បាន​ត្រឹមត្រូវ ហើយ​អាជ្ញា​កណ្តាល​ចៅ​ក្រម បាន​កាត់​សេចក្តី​ដោយ​ប្រកាន់​ខ្ជាប់​នូវ​យុត្តិធម៌ មិន​លម្អៀង ដែល​​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ ប្រព្រឹត្ត​​ទៅ​បាន​រលូន និង​បាន​បញ្ចប់​ដោយ​ជោគជ័យ»៕​