ក្រុង​ឡុងដ៍: អ្នក​ចាំ​ទី​​អន្តរ​ជាតិ​ប្រេស៊ីល Alisson ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចុះហត្ថលេខា​​ឲ្យ​ក្លិប Liverpool ក្នុង​កុង​ត្រា​រយៈពេល​​៥​ឆ្នាំ ក្នុង​តម្លៃខ្លួន​ ៧៥ ​លាន​អឺ​រ៉ូ (ស្មើនឹង ៨៧,៣​ លានដុល្លារ​អាមេរិក) ដែល​ជា​តម្លៃខ្លួន​ជា​កំណត់​ត្រា​ពិភព​លោក​សម្រាប់​អ្នក​ចាំ​ទីម្នាក់​។ នេះ​បើ​យោង​ទៅ​តាម​បណ្តាញ​​​សារ​ព័ត៌​មាន​នា​នា​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​។

អ្នក​ចាំ​ទី​វ័យ​២៥​ឆ្នាំ​រូបនេះ ដែល​បច្ចុប្បន្ន​លេង​ឲ្យ​ក្លិប Roma ក្នុង​ប្រទេស​អ៊ីតាលី នឹង​កាត់​​បន្ថយ​ថ្ងៃ​វិស្សម​កាល​របស់​​ខ្លួន ដើម្បី​ទទួល​ការ​ត្រួត​ពិនិត្យ​សុខ​ភាព នៅ​ទីក្រុង Merseyside ក្រោយពី​ត្រូវ​បាន​​ផ្តល់​ការ​អនុ​ញ្ញាត​ឲ្យ​ពិភាក្សា​ជា​មួយ​នឹង ក្លិប Liverpool​។

កា​សែត Liverpool Echo​ បាន​ធ្វើ​ការ​​អះ​អាង​ថា៖ «ការ​ប្រកាស​ជាផ្លូវ​ការ​មួយ គួរ​តែ​ធ្វើ​ឡើង​ក្នុង​រយៈពេល​២៤​​ម៉ោង ទៅ​៤៨​ម៉ោង​ទៀត​»​។

ការ​ផ្ទេរ​នេះ​នឹង​ធ្វើ​ឲ្យ​ក្លិប​យក្ស​មាន​មូលដ្ឋាន​នៅ Anfield មួយ​នេះ ចំណាយ​ប្រាក់​៧៥​លាន​​អឺ​រ៉ូ ដើម្បី​បំ​បែក​កំណត់​ត្រា​​ចំនួន​ទឹក​ប្រាក់​៤០​លាន​អឺ​រ៉ូ ដែល​ក្លិប Manchester City បាន​ចំណាយ​ប្រាក់​ទិញ​មិត្ត​រួម​ជាតិ​របស់ Alisson គឺ Ederson ពី​ក្លិប Manchester City កាល​ពី​រដូវក្តៅ​មុន​។

ក្លិប Liverpool សង្ឃឹម​ថា នឹង​ចុះហត្ថលេខា​ជាមួយ​នឹង​អ្នក​ចាំ​ទី​ថ្មីម្នាក់ ដើម្បីជំនួស​កន្លែង​របស់ Loris Karius ក្រោយពី​ការ​បង្ហាញពី​ទម្រង់​លេង​យ៉ាង​ខក​ចិត្ត​របស់​គេ​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​៕ IS