ក្រុងសាំងភីធើស្ប៊ើក: តារា​ឆ្នើម Neymar នឹងមាន​បំណង​ធ្វើ​ឲ្យ​យុទ្ធនាការ World Cup របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល វិល​ទៅ​កាន់​ភាព​ល្អ​ប្រសើរ​ឡើង​វិញ នៅ​យប់​នេះ ខណៈ​ដែល​ក្រុម​យក្ស​មួយ​នេះ សម្លឹង​រក​ការ​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ក្នុង​នាម​ជា​ក្រុម​ប្រជែង​ដណ្តើម​ពាន តាមរយៈ​ការ​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​កូស្តារីកា។

Neymar ត្រូវបានធ្វើ​ឲ្យ​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុងពេល​ក្រុម​ប្រេ​ស៊ី​ល បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​រង​នូវ​ការ​ប្រព្រឹត្ត​កំហុស​ពី​លើ ១០ លើក អំឡុង​ពេល​នៃ​ការ​ប្រកួត​នោះ ដែល​ជា​អត្រា​ដ៏​ច្រើន​បំផុត​សម្រាប់​កីឡាករ​ម្នាក់ ក្នុង​ការ​ប្រកួត​មួយ​នៃ World Cup ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លង​មក​នេះ។

បន្ទាប់មក កីឡាករ​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​របស់​ពិភពលោក​រូបនេះ បានធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ផ្សេងៗ នៅ​ពេល​ដែល​រូបគេ​ហាក់​បាន​ដើរ​ទាំង​មាន​របួស​ក្នុង​ពេល​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​អង្គារ នៅ​ពីមុខ​កាមេរ៉ា​ជា​ច្រើន។ ទោះបី​ជា​យ៉ាង​ណា រូបគេ​បាន​វិល​ទៅ​ហ្វឹក​ហាត់​វិញ ក្នុង​រយៈពេល ៤៨ ម៉ោង នៅ​មុន​ពេល​ការ​ប្រកួត​ក្នុង​ទីក្រុង Saint Petersburg ដែល​នាំ​ឲ្យ​មាន​ក្តី​សង្ឃឹម​ថា រូប​គេ​នឹង​ចូល​លេង។

នៅមុន​ពេល​ជួប​ការខកចិត្តថ្មីៗនេះ មានការ​សង្ស័យ​ជាច្រើន​ទៅលើ​ភាពរឹងមាំ​របស់ Neymar នៅ​មុន​ពេល​ឈាន​ទៅ World Cup នេះ ក្រោយ​ពី​ការ​អវត្តមាន​រយៈពេល ៣ ខែ។

ស៊ែ​ប៊ី សម្លឹង​រក​កៅអី​ក្នុង​វគ្គ ១៦ ពេល​ប៉ះ ស្វ៊ីស

ក្រុមបាល់ទាត់​ជម្រើសជាតិ​ស៊ែប៊ី នឹង​ព្យាយាម​ប្រជែង​យក​កៅអី​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup នៅ​រាត្រី​នេះ ខណៈ​ដែល​ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស ដែល​កំពុង​តែ​មាន​ការ​ជឿ​ជាក់ ក្រោយ​ពី​ដណ្តើម​បាន​លទ្ធផល​ស្មើ​ជាមួយ​នឹង​ប្រេស៊ីល។ ក្រុម​ជម្រើស​ជាតិ​ស៊ែប៊ី កំពុង​គ្រប់គ្រង​ជោគ​វាសនា​របស់​ខ្លួន​ក្នុង​ពូល E ក្រោយ​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​កូស្តារីកា ក្នុង​លទ្ធផល ១-០ កាល​ពី​ថ្ងៃ​អាទិត្យ ដែល​បាន​កើត​ឡើង​ពី​ការ​ស៊ុត​បាល់​ពិន័យ Free-kick យ៉ាង​ល្អ​របស់ Aleksandar Kolarov។

ការដណ្តើម​បាន​ជ័យជម្នះ​លើ​ក្រុម​ជម្រើសជាតិ​ស្វ៊ីស ក្នុង​ទីក្រុង Kaliningrad នឹងធ្វើ​ឲ្យ​ក្រុម​ស៊ែប៊ី ឈ្នះ​កៅអី​មួយ​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ បើ​ទោះបី​ពួកគេ ចាញ់ ឬ​ឈ្នះ​ក្នុងការ​ប្រកួត​ចុង​ក្រោយ​របស់​ពួកគេ​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល នៅ​សប្តាហ៍​ក្រោយ ក៏ដោយ។

Kolarov បានដឹងថា ស៊ែ​ប៊ី កំពុងស្ថិត​ក្នុង​ទីតាំង​ដ៏​រឹងមាំ​ក្នុងការ​ឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត ជា​លើក​ទី ១ ចាប់​តាំង​ពី​ពួកគេ​បាន​ប្រកួត​រួម​គ្នា​ជាមួយ​ក្រុម​ម៉ុងតេណេហ្រ្គោ​ក្នុង​ឆ្នាំ ១៩៩៨៕ AFP/IS

កម្មវិធី​ប្រកួត​ចុង​សប្តាហ៍

ថ្ងៃ​សុក្រ ទី ២២ ខែមិថុនា

ប្រេ​ស៊ី​ល v កូ​ស្តា​រី​កា-7យប់

នី​ហ្សេ​រី​យ៉ា v អ៊ីស្លង់-10យប់

ស៊ែ​ប៊ី v ស្វ៊ី​ស-1រំលងអាធ្រាត្រ

ថ្ងៃ​សៅរ៍ ទី ២៣ ខែមិថុនា

បែលហ្ស៊ិក v ទុយ​នី​ស៊ី-7យប់

កូរ៉េខាងត្បូង v ម៉ិ​ក​ស៊ិ​ក-10យប់

អាល្លឺម៉ង់ v ស៊ុយអែត-1អាធ្រាត្រ

ថ្ងៃអាទិត្យ ទី ២៤ ខែមិថុនា

អង់គ្លេស v ប៉ា​ណា​ម៉ា-7យប់

ជប៉ុន v សេ​ណេ​ហ្គា​ល់-10យប់

ប៉ូឡូញ v កូ​ឡុំ​ប៊ី-1រំលងអាធ្រាត្រ