ភ្នំពេញៈ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​ក្លិប​បាល់ទាត់​បឹងកេត​បាន​ឈានដល់​ការឯកភាព​គ្នា​ក្នុង​ការបង្កើត​ឲ្យ​មាន​ការប្រកួត​បាល់ទាត់​ដ៏ថ្មី​សន្លាង​មួយ​ឈ្មោះ​ថា «​ពានរង្វាន់​ជើងឯក​វិទ្យាល័យ​ឆ្នាំ​ ២០១៩» ដើម្បី​ស្វែងរក​កីឡាករ​មាន​សមត្ថភាព​នៅក្នុង​ស្រទាប់​សិស្សានុសិស្ស​ឲ្យ​ទទួល​បាន​ឱកាស​ចូលប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​ក្នុង​នាម​ជា​កីឡាករ​អាជីព នាពេល​អនាគត​។ រីឯ​ប្រាក់រង្វាន់​ផ្តល់​ជូន​ដល់​ក្រុម​ម្ចាស់​ជយលាភី​វិញ​គឺ​មាន​ចំនួន​ស្មើ​នឹង​ក្រុម​ម្ចាស់​ជយលាភី​នៃ​ការប្រកួត​លីក​កំពូល​កម្ពុជា​។

លោក បែ មករា អ្នក​ចាត់ការ​ទូទៅ​ក្លិប​បឹងកេត​បាន​និយាយ​ថា​៖ «​យើង​តែងតែ​ចង់​បាន​កីឡាករ​ល្អៗ ហើយ​គោលបំណង​របស់​ក្លិប​ដែល​បាន​ចូលរួម​រៀបចំ​ពានរង្វាន់​នេះ​គឺ​យើង​ចង់​បាន​កីឡាករ​ល្អៗ ថ្មីៗ គឺ​មិនមែន​កីឡាករ​ដដែល​នោះ​ទេ ហើយ​អ្នក​ទាំងនោះ​ជា​កីឡាករ​វ័យក្មេង​ដែល​មាន​សមត្ថភាព​ល្អៗ អ៊ីចឹង​យើង​មាន​ក្រុម​បច្ចេកទេស​ជំនាញ​សម្រាប់​តាមដាន​គ្រប់​ការប្រកួត ដើម្បី​ជ្រើសរើស​បាន​កីឡាករ​ល្អ​ពិតប្រាកដ​»​។

ការលើក​ឡើង​បែប​នេះ​របស់​លោក បែ មករា បាន​ធ្វើ​ឡើង​នៅក្នុង​សន្និសីទ​កាសែត​ស្តីពី​ការប្រកួត​ពានរង្វាន់​ជើងឯក​វិទ្យាល័យ ឆ្នាំ​ ២០១៩ ​នេះ​នៅ​ទីស្នាក់ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ភាគី​ពាក់ព័ន្ធ និង​តំណាង​ក្រុម​ដែល​បាន​ចូលរួម​ក៏​មាន​វត្តមាន​នៅក្នុង​សន្និសីទ​កាសែត​នោះដែរ ដើម្បី​ស្តាប់​ពី​បទបញ្ជា និង​លក្ខខណ្ឌ​ប្រកួត​ផ្សេងៗ​ដែល​មាន​ការពន្យល់ និង​បកស្រាយ​ពី​គណៈកម្មការ​រៀបចំ​តែម្តង​។

យ៉ាងណា​ក៏ដោយ​លោក បែ មករា ក៏​បាន​បង្ហាញ​ពី​ផលវិបាក​មួយ​ចំនួន​ជុំវិញ​ការជ្រើសរើស​កីឡាករ​ល្អៗ​ចេញ​ពី​ការប្រកួត​នេះ ដើម្បី​ឲ្យ​ទៅ​ចូល​លេង​នៅ​ក្លិប​បឹងកេត​ផង​ដែរ​។ លោក​បញ្ជាក់​ថា​៖ «​មាន​ពេល​ខ្លះ​យើង​សន្យា​ថា​នឹង​យក តែ​បែរ​ជា​អត់​យក​ពួកគេ​វិញ ដោយសារ​ទី​ ១ សមត្ថភាព​របស់​ពួកគេ​មិន​ដល់​កម្រិត​ដែល​យើង​ចង់​បាន ហើយ​ទី​ ២ វា​មាន​លក្ខខណ្ឌ​ច្រើន​ទៀត​ដូចជា ឪពុកម្តាយ មិន​ឯកភាព ឬ​កីឡាករ​ខ្លួនឯង មិន​ចង់​ធ្វើ​ជា​កីឡាករ​អាជីព​ជាដើម​។ តែ​ទោះបី​ជា​យ៉ាង​ណា យើង​មាន​ការប្តេជ្ញាចិត្ត​យក​កីឡាករ​ថ្មីៗ​ឲ្យ​បាន​ច្រើន ដើម្បី​មក​រួមរស់​ជាមួយ​ក្រុម​បឹងកេត​របស់​យើង​»​។

លោក បែ មករា ពេល​និយាយ​នៅក្នុង​សន្និសីទ​កាសែត​។ រូប ឈន ណន

ការប្រកួត​ពាន​រង្វាន់​ជើងឯក​វិទ្យាល័យ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​​នៅ​រៀងរាល់​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ៦ ខែ​មិថុនា​តទៅ ហើយ​ក្រុម​មកពី​គ្រឹះស្ថាន​ចំណេះ​ទូទៅ​របស់​រដ្ឋ និង​ឯកជន​ចំនួន​ ៩ បាន​​ដាក់ពាក្យ​ចូលរួម​ក្នុង​នោះ​មាន​ក្រុម​វិទ្យាល័យ​ជាស៊ីម​ច្បារអំពៅ​, វិ.ឥន្ទ្រទេវី​, វិ.ចាក់អង្រែ​, វិទ្យាល័យ​ឫស្សីកែវ​, វិទ្យាល័យ​ជាស៊ីម​សាមគ្គី​, វិទ្យាល័យ​បឹងត្របែក​, សាលា វេស្ទឡាញន៍​, វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​វិ. សម្តេច​ហ៊ុនសែន ភ្នំពេញ​ថ្មី​។

ក្រុម​ទាំង​ ៩ ​នេះ​ត្រូវ​បាន​តម្រូវ​ឲ្យ​មាន​ការប្រកួត​តាម​រូបមន្ត​លីក​កំពូល​កម្ពុជា គឺ​ប្រកួត​វិលជុំ​ចំនួន​ ២ ​ជើង ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​នឹង​ក្លាយ​ជា​ម្ចាស់​ជើងឯក​តែម្តង​។ បើ​បូកសរុប​តែ​ថ្ងៃ​ប្រកួត​គឺ​ព្រឹត្តិការណ៍​នេះ​ប្រើ​ពេល​តែ​ ៣៦ ​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ប្រាក់​រង្វាន់​ដែល​នឹង​ត្រូវ​ប្រគល់​ជូន​ដល់​ក្រុម​ម្ចាស់​ជយលាភី​គឺ​មាន​ចំនួន​ស្មើ​នឹង​ការប្រកួត​ប្រាក់​រង្វាន់​លីក​កំពូល​កម្ពុជា​ផង​ដែរ គឺ​ក្រុម​លេខ​ ១ នឹង​ទទួល​បាន​ ៦០ ​លាន​រៀល ក្រុម​លេខ​ ២ បាន​ ៤០ ​លាន​រៀល និង​ក្រុម​លេខ​ ៣ បាន​ ២០ ​លាន​រៀល​។

ជាមួយ​គ្នា​នេះ​ក្រុម​នីមួយៗ​អាច​ចុះបញ្ជី​កីឡាករ​យ៉ាង​តិច​ ១៨ ​នាក់ និង​​យ៉ាងច្រើន​ ៥០ ​នាក់ ប៉ុន្តែ​កីឡាករ​ដែល​បាន​ចុះបញ្ជី​ចូលរួម ត្រូវ​តែ​មាន​បណ្ណសម្គាល់​ខ្លួន​ជា​សិស្ស​នៃ​វិទ្យាល័យ ឬ​គ្រឹះស្ថានសិក្សា​របស់​ក្រុម​ចូលរួម​ប្រកួត និង​លិខិតបញ្ជាក់​សុខភាព​ថា​អាច​លេង​កីឡា​បាន​។

ចំណែក​កីឡាករ​បរទេស​អាច​លេង​បាន លុះត្រា​តែ​បាន​ចុះបញ្ជី​ជាមួយ​គណៈកម្មការ​ប្រកួត​តាមរយៈ​ក្រុម​ចូលរួម​ប្រកួត​ត្រូវ​មាន​លិខិត​ឆ្លងដែន ដែល​មាន​ទិដ្ឋាការ​រយៈពេល​យ៉ាង​តិច​ ៦ ​ខែ​មាន​លិខិតបញ្ជាក់​សុខភាព​ថា​អាច​លេង​កីឡា​បាន និង​មាន​បណ្ណសម្គាល់​ខ្លួន​ជា​សិស្ស​របស់​វិទ្យាល័យ ឬ​គ្រឹះស្ថាន​របស់​ក្រុម​ចូលរួម​ប្រកួត​។

ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​នៅ​ត្រង់​ចំណុច​ទាំងនេះ​លោក បែ មករា បាន​បញ្ជាក់​បន្ថែម​ថា កីឡាករ​ដែល​មាន​ឈ្មោះ​លេង​នៅ​លីក​កំពូល​កម្ពុជា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ការប្រកួត​ពាន​រង្វាន់​ជើងឯក​វិទ្យាល័យ​នេះ​ទេ បើ​ទោះបី​ជា​អ្នក​នោះ​មាន​បណ្ណ​សម្គាល់​ខ្លួន​​ជា​សិស្សសាលា​ក៏ដោយ ហើយ​លោក​បាន​សុំ​ឲ្យ​តំណាង​ក្រុម​ទាំងអស់​រក្សា​ឲ្យ​បាន​នូវ​តម្លាភាព​នៅលើ​ការចុះ​បញ្ជី​ឈ្មោះ​កីឡាករ ពិសេស​ត្រូវ​គោរព​ឲ្យ​បាន​នូវ​បទបញ្ជា និង​លក្ខខណ្ឌ​នៃ​ការប្រកួត ដើម្បី​ធ្វើឲ្យ​ព្រឹត្តិការណ៍​នេះ​ដំណើរការ​ទៅ​បាន​ល្អ និង​ក៏​ដើម្បី​មុខមាត់​របស់​សាលា ឬ​ក្រុម​ដែល​បាន​ចូលរួម​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​លោក ងួន សុភៈ ប្រធាន​គណៈកម្មការ​រៀបចំ​ការប្រកួត​បាន​លើកឡើង​ថា «​ពានរង្វាន់​ជើងឯក​វិទ្យាល័យ​» ​ត្រូវ​បង្កើត​ឡើង​ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ និង​ជំរុញ​ចលនា​កីឡា​បាល់ទាត់​នៅតាម​​សាលារៀន​ឲ្យ​មាន​សមត្ថភាព​កាន់តែ​ផុសផុល ។

លោក ងួន សុភៈ បាន​បញ្ជាក់​ថា​៖ «​យើង​បង្កើត​ពានរង្វាន់​ជើងឯក​វិទ្យាល័យ​នេះ​ត្រូវ​បាន​បង្កើតឡើង​ក្នុង​គោលបំណង​រួមចំណែក​លើក​កម្ពស់​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា​ឲ្យ​មាន​សកម្មភាព​រស់រវើក និង​រីកចម្រើន​កាន់តែ​ប្រសើរ សំដៅ​បណ្តុះ​ស្មារតី​ឲ្យ​ស្រឡាញ់​កីឡា សុខភាព ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ព្រម​ទាំង​អាច​សម្រិតសម្រាំង​បាន​ធនធាន​កីឡាករ​សម្រាប់​បន្តវេន ហើយ​ការប្រកួត​នេះ​ក៏​ដើម្បី​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​សិស្សានុសិស្ស​ដែរ​»៕