ភ្នំពេញៈ ពិធីបើកការប្រកួតកីឡាជាតិ លើកទី ២ ឆ្នាំ ២០១៨ ដែលជាព្រឹត្តិការណ៍ដ៏ធំ ប្លែក ស្របតាមលំនាំស្តង់ដារអន្តរជាតិ នឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិ នាល្ងាច និងយប់ថ្ងៃសុក្រនេះ ហើយប្រភេទកីឡាទាំង ២៧ ក៏នឹងចាប់ផ្តើមប្រជែងគ្នា ដើម្បីស្វែងរកមេដាយឲ្យខេត្ត និងស្ថាប័នរបស់ខ្លួនផងដែរ។
ម្ចាស់មេដាយមាសស៊ីហ្គេមផ្នែកកីឡាគុនខ្មែរ ឃីម ឌីម៉ា នឹងទទួលការព្រះរាជទានភ្លើងគប់ដោយផ្ទាល់ ពីព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង ហើយរូបគេ និងអត្តពលិកល្បីៗ និងមានស្នាដៃមួយចំនួនទៀត នឹងរត់យកភ្លើងគប់នោះ មកប្រគល់ជូនលោកនាយករដ្ឋមន្ត្រី នៅពហុកីឡដ្ឋានជាតិ។
ជាមួយគ្នានោះ ប្រតិភូកីឡា គ្រូបង្វឹក អត្តពលិក សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធរាប់ពាន់នាក់ នឹងរួមគ្នាបង្ហាញចេញនូវរូបភាពប្លែកៗជាច្រើន ហើយតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ និងមាស សុខសោភា ជាដើម ក៏ចូលរួមបង្ហើរសំនៀង ក្នុងពិធីបើកនេះដែរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា៖ «ពិធីបើកការប្រកួតនេះ មានលក្ខណពិសេសខ្លាំងបំផុត ព្រោះយើងមានមនុស្សរាប់ពាន់នាក់ ផ្គុំគ្នា ចេញជាកាយវិការស្របគ្នា និងរូបភាពផ្សេងៗ ហើយកម្លាំងសាមគ្គីរបស់យុវជន សិស្សានុសិស្ស និងកងកម្លាំងរបស់យើង ក្នុងការរួមគ្នាបង្ហាញចេញនូវរូបភាពសម្តែងមហាជនដ៏ធំ»។
លោកបន្តថា៖«បន្ថែមលើនេះ យើងមានសម្តែងចេញនូវសិល្បៈបាញ់កាំជ្រួច ដែលមានលក្ខណៈពិសេស គឺបាញ់កាំជ្រួចចេញជាភ្លេង កាំជ្រួចរាំតាមភ្លេង ហើយយើងនៅមានអ្វីប្លែកៗជាច្រើនទៀត គឺយើងនឹងប្រឹងប្រែងធ្វើឲ្យបានល្អបំផុត ដើម្បីចារទុកជាស្នាដៃប្រវត្តិសាស្ត្រ ដល់កូនខ្មែរជំនាន់ក្រោយ»។
បើតាមកម្មវិធីបើកកីឡាជាតិនេះ គឺប្រតិភូរាជធានី-ខេត្ត នឹងមកដល់ពហុកីឡដ្ឋានជាតិ នៅម៉ោង ៤ រសៀល ហើយតារាចម្រៀង មាស សុខសោភា កញ្ញា សុន ស្រីពេជ្រ កញ្ញា ទៀង មុំសុធាវី និងលោក ជិន វឌ្ឍនា នឹងចាប់ច្រៀងនៅម៉ោង ៥ មុនការមកដល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅម៉ោង ៦ ល្ងាច។
កម្មវិធីចាប់ផ្តើមជាមួយសំនៀង ១ បទទៀតរបស់ លោក ព្រាប សុវត្ថិ មុនឈានដល់ការសម្តែងចម្រៀងកីឡាជាតិពិសេសរៀបរាប់ ដោយក្រុមហ៊ុន Smart (១០ នាទី)។ បន្ទាប់មក ជាការដង្ហែទង់ជាតិ ទង់កីឡាជាតិ ទង់ចលនាអូឡាំពិកកម្ពុជា, បទចម្រៀងកីឡាជាតិ «អច្ឆរិយកីឡាជាតិ» (៥នាទី) ការសម្តែងក្បួនកងទ័ពខ្មែរបុរាណក្រុមល្បុក្កតោ (១០នាទី) សម្តែងចលនាកាយសមស្រប ដោយគរុសិស្សកីឡា (១០នាទី) សម្តែងចលនាកាយសមស្របរបស់ក្រុមកីឡាតេក្វាន់ដូ WTF (១០នាទី) និងការសម្តែងទស្សនីយភាព «យើងខ្មែរ» របស់ស.ស.យ.ក (១០នាទី)។
កម្មវិធីចាប់ពីម៉ោង ៧:៣០ យប់ទៅ រួមមាន ដង្ហែក្បួនព្យុហយាត្រារបស់ប្រតិភូកីឡា ស្ថាប័ន រាជធានី-ខេត្ត (៣០នាទី) រួចទស្សនាព្រះរាជពិធីប្រទានភ្លើងកីឡាជាតិ (៥នាទី) មុនពេលស្តាប់សុន្ទរកថារបស់លោក ថោង ខុន ប្រធាន NOCC និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ បន្ទាប់មកសុន្ទរកថាបើកជាផ្លូវការរបស់លោក ហ៊ុន សែន រួចចូលដល់បាញ់កាំជ្រួច អមដោយរូបអក្សរ The 2nd National games (២នាទី) សច្ចាប្រណិធាន,សម្តែងសិល្បៈបាញ់កាំជ្រួច,ភ្លើងគប់មកដល់ និងពិធីដុតភ្លើងគប់ដោយនាយករដ្ឋមន្ត្រី, បាញ់កាំជ្រួចអបអរ (៥នាទី) និងសិល្បៈចម្រៀងទំនើបបិទកម្មវិធី៕