ភ្នំពេញៈ ​កីឡាករ​​វ័យក្មេង​របស់​កម្ពុជា ពុយ វណ្ណៈ ​បាន​​ប្រើ​​តិច​ជាង​​ ៣ នាទី​ ក្នុង​ការ​ទាត់​បំបែក​កង់​ក្រោម​​អ្នក​ប្រដាល់​​ថៃ Khundeth សម្រាប់ការ​​ប្រកួតបើក​ឆាកដណ្តើមខ្សែ​ក្រវាត់​គោជល់ រដូវ​កាល​ទី ​៩ ​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម នៅ​លើ​សង្វៀន CNC កាល​ពី​យប់​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ សេង ស្រឿន បាន​ភ្លាត់​ត្រូវ​ ​១ កែង​​របស់​ថៃ បណ្តាល​ឲ្យ​សន្លប់​។

​​នៅ​ក្នុង​ការ​ប្រកួតនោះ កីឡាករ​វ័យ​ ​២១ ​ឆ្នាំ ពុយ វណ្ណៈ បាន​ដើរ​ចូល​ទាត់​សន្ធាប់​ខ្លាំង​ៗ​ទៅ​លើ Khundeth ហើយ​ទម្ងន់​ជើង​របស់​គេ​ធ្វើឲ្យ​​ថៃ​ម្នាក់​នេះ​ដួល​ទាំង​ជំហរ​​ជា​ច្រើន​លើកនាំឲ្យ​អាជ្ញាកណ្តាល​ចាប់រាប់ ចំនួន ​២​​ ដង និង​ឈាន​ដល់​បញ្ឈប់​ការ​ប្រកួត នៅ​ចុង​ទឹក​ទី ​ ១នេះ​​​តែ​ម្តង បន្ទាប់​ពី Khundeth ក្រោក​លែង​រួច នៅ​ពេល ពុយ វណ្ណៈ ទាត់​ឲ្យ​​ដួល​​ជា​លើក​ទី ​៨ ​នោះ។

ចំណែក សេង ស្រឿន ក៏​បាន​​ចូល​វាយ​លុក​​ដោយ​កណ្តាប់​ដៃ ទាត់ និង​បុកជង្គង់​ ដើម្បី​យក​ប្រៀប​ដាច់​លើ​​ថៃ Kvangin ផង​ដែរ ប៉ុន្តែ​ការ​ចូល​ម៉ាត់​ដោយ​ខ្វះ​ការ​ប្រុង​​ប្រយ័ត្ន​របស់ ស្រឿន បាន​ធ្វើ​ឲ្យ Kvangin បុក​កែង​ប្តូរ​ចំ​ថ្គាម បណ្តាល​ឲ្យ​សន្លប់ នៅ​ចុង​ទឹក​ទី ​២ ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត។

ការចាញ់​យ៉ាង​ជូរ​ចត់នេះ ​​​ធ្វើ​ឲ្យ​ សេង ស្រឿន មាន​ការ​លំបាក ក្នុងការ​ប្រជែង​ទៅ​​​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ផងដែរ ព្រោះ​ការ​ប្រកួត​ខ្សែ​ក្រវាត់ ដែល​មាន​កីឡាករ​ថៃ​ ៤ ​នាក់ និង​កម្ពុជា ​៤ ​នាក់​នេះ គឺអ្នក​រៀបចំ តម្រូវ​ឲ្យ​ភាគី​ថៃ ​ត្រូវ​ប្រកួត​វិល​ជុំ​ជាមួយ​ភាគី​កម្ពុជា ហើយ​មាន​​តែ​កីឡាករ ​៤ ​នាក់ ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ប៉ុណ្ណោះ ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ដើម្បី​ដណ្តើម​យក​ខ្សែ​ក្រវាត់ ខ្សែ​កមាស អម​ជាមួយ​​ប្រាក់​រង្វាន់ ​​​គឺ​អ្នក​លេខ ​២ ​បាន ២០ ​លានរៀល លេខ ​២ ​បាន ១០ ​លាន​ លេខ​ ៣ ​បាន ​៦ ​លាន និងលេខ​ ៤ ​បាន ​៤ ​លាន​រៀល។

យ៉ាង​ណា​ក៏​ដោយ ក្នុងសន្និសីទ​កាសែត ស្តីពី​ការ​ប្រកួតនេះ ដែល​​ត្រូវ​បាន​ធ្វើ​ឡើង មុន​ការ​ប្រកួត​ចាប់​ផ្តើម​នោះ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ និង​លោក ហួរ រតនៈ ប្រធាន​ទី​ផ្សារ​ទូរទស្សន៍​ CNC សុទ្ធតែ​បាន​​សាទរ និង​អរគុណ​ដល់​​ក្រុមហ៊ុន​ភេសជ្ជៈ​គោជល់ ដែល​​បាន​សម្រេច​បន្ត​ឧបត្ថម្ភ​ធំដល់​ការ​ប្រកួត​ខ្សែ​ក្រវាត់​គោជល់ រដូវ​កាល​ទី ​៩ នេះ។

លោក តែម ម៉ឺន បាន​ថ្លែង​ថា៖ ​«ខ្ញុំ​ពិតជា​សប្បាយ​រីក​រាយ ដែល​គោជល់ បាន​បន្ត​ឧបត្ថម្ភ​ដល់​​ការ​ប្រកួត​ខ្សែ​ក្រវាត់​នេះ ព្រោះ​ព្រឹត្តិការណ៍​នេះ បាន​ចូល​រួម​ជួយអភិវឌ្ឍ​កីឡា​ប្រដាល់​កម្ពុជា ត្រៀម​ទៅ​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ហេតុ​នេះ​មន្រ្តី​បច្ចេក​ទេស​របស់​​សហព័ន្ធ ត្រូវ​បំពេញ​ការងារ​ឲ្យ​អស់​ពី​សមត្ថ​ភាពពិសេស​សុំ​ឲ្យ​កាត់​សេចក្តី​ឲ្យ​មាន​តម្លា​ ភាព និង​យុត្តិធម៌ ដើម្បី​ឲ្យ​គ្រប់​ភាគី និង​អ្នក​គាំទ្រ ទទួល​យក​បាន​ទាំង​អស់​គ្នា»។

ចំណែក​លោក មាន សំអុល នាយក​ចាត់​ការ​ទូ​ទៅ​ភេសជ្ជៈ​គោជល់ នៅ​កម្ពុជា បាន​ថ្លែង​ថា៖ ​«គោជល់ តែង​តែ​គាំទ្រ​ដល់​វិស័យ​កីឡា​ជានិច្ច។ យើង​តែង​តែ​ជួយ​លើក និង​ដុស​ខាត់​សមត្ថភាព​របស់​កីឡាករ​ខ្មែរ ឲ្យ​ឈាន​ដល់​កម្រិត​ស្តង់​ដារ​មួយ ដែល​អាច​ប្រៀបធៀប​ជាមួយ​កីឡាករ​បរទេសជើង ខ្លាំង​ល្បីៗ​បាន។ ហេតុ​នេះ​ យើង​​សង្ឃឹម​ជឿជាក់​ថា ការ​ប្រកួត​នេះ នឹង​នៅ​តែ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​លើស​លប់ពី​ទស្សនិក​ជន​ទាំង​អស់​គ្នា»៕