ភ្នំពេញ៖ ​កីឡាករ​​​វាយ​មិន​សំចៃ​កម្លាំង ពុយ វណ្ណៈ បាន​បង្កើន​ការ​ហ្វឹកហាត់​យ៉ាង​ខ្លាំង ដើម្បី​ត្រៀម​ជួប​ជើង​ខ្លាំង យ៉េន ឌីណា ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ដណ្តើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ​ ទម្ងន់ ​៦៣,៥ ​គីឡូ​ក្រាម​ ​​នៅ​លើ​សង្វៀន SEATV នា​ថ្ងៃ​​សៅរ៍ ដើម្បី​ស្វែងរក​ឈ្នះ​ឡើង​ទៅ​​ប្រកួត​ផ្តាច់​ព្រ័ត្រ​ជាមួយ​អ្នក​ប្រដាល់​ថៃ ដែល​អាច​ជា Loom Leng ឬ Kolap Dam ព្រោះ​អ្នក​ទាំង ​២ ​នេះ ក៏​​ត្រូវ​ប្រជែង​គ្នា​ក្នុង​វគ្គ ​១/២ ​ផ្តាច់​ព្រ័ត្រ​នេះ​ដែរ។

សម្រាប់​ការ​ជួប​គ្នា ក្នុង​វគ្គ​ដ៏​សំខាន់​នេះ ​យ៉េន ​ឌីណា​ ​របស់​​សមាគម​ប្រដាល់​ក្រសួង​កសិកម្ម​ និង ​ពុយ វណ្ណៈ ​ក្លិប​ឃ្លាំង​មឿង​កីឡា​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​កម្រិត​បច្ចេកទេស​ដាច់​ឆ្ងាយ​ពី​គ្នា ​ដោយសារ ​យ៉េន ​ឌីណា​ វ៉ៃ​ក្បាច់​តាម​បច្ចេកទេស ​ឯ ​ពុយ ​វណ្ណៈ​ អាង​កម្លាំង​ច្រើន​ជាង​ ហើយ​អ្នក​ទាំង ​២ ​នេះ ក៏​មិន​ធ្លាប់​បាន​ជួប​គ្នា​ពី​មុន​មក​នោះ​ដែរ ហេតុនេះ​ឱកាស​​ប្រជែង​កៅអី ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ​ពិត​ជា​មាន​ឧបសគ្គ​ធំ​ដូច​គ្នា​។

កីឡាករ ពុយ ​វណ្ណៈ ​ធ្លាប់​ប្រកួត ​៧៥ ​ដង ​ឈ្នះ ​៥៦​ ​ចាញ់ ១៧ និង​ស្មើ​ពិន្ទុ ២ ​ដង​ ចំណែក ​យ៉េន ​ឌីណា​ មាន​ប្រវត្តិ​ប្រកួត​​បាន​ ​៧៦ ​ដង ​ឈ្នះ ​៦៤​ និង​​ចាញ់ ​១២ ​ដង​។​ ឌីណា​ ដែល​កំពុង​ហ្វឹកហាត់​ជាមួយ​ក្លិប​អេ ភូថង ​មិន​អាច​សុំ​ទាក់ទង​សម្ភាស​បាន​ទេ​ពី​ការ​ត្រៀម​ខ្លួន​ក្នុង​វគ្គ​សំខាន់​នេះ​ ប៉ុន្តែ​ចំពោះ ​ពុយ ​វណ្ណៈ ​កំពុង​តែ​ប្រឹងប្រែង​ហាត់​ជា​ប្រចាំ​។

អ្នកស្រី​ ម៉េង​ សុខា​ អ្នក​គ្រប់គ្រង​ក្លិប​ឃ្លាំងមឿង​កីឡា បាន​ប្រាប់​ថា​ ពុយ ​វណ្ណៈ ​កំពុង​ហ្វឹកហាត់​ខ្លាំង​ណាស់ ហើយ​​​តាម​ការ​ហ្វឹកហាត់​នេះ​ អ្នកស្រី​ប្រាប់​ថា ​មាន​សង្ឃឹម​ឈ្នះ ​៦០ ​ភាគរយ។ ​អ្នកស្រី​ ​សុខា បាន​បន្ត​ថា៖ ​«​វណ្ណៈ ​ហ្វឹកហាត់​មាន​កម្លាំង​ត្រៀម​ប្រកួត​បាន​ល្អ ​ធានា​ថា​វ៉ៃ​ល្អ​ចំនួន ​៥ ​ទឹក​ពេញ ប៉ុន្តែ​​បញ្ហា​ចាញ់ ​ឬ​ឈ្នះ ​គឺ​ពិត​ជា​តឹងតែង ​និង​សុទ្ធ​តែ​ឧបសគ្គ​ធំ​ដូច​គ្នា»​។​

ចំណែក​ជំនួប​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​រវាង​កីឡាករ​ថៃ​ដូច​គ្នា គឺ​​ Loom Leng ​និង Kolap Dam នៅ​ថ្ងៃ​សៅរ៍​នោះ​ដែរ គេ​មិន​ហ៊ាន​ទស្សន៍​ទាយ​ទេ​ ព្រោះ​ពួក​គេ​មក​ជាមួយ​គ្នា​ ព្រម​ទាំង​ហូប​ចុក​ស្នាក់នៅ​ជាមួយ​គ្នា ​មិន​អាច​ដឹង​ពី​ជម្រៅ​ចិត្ត​បាន​ថា ​វ៉ៃ​អស់​ពី​សមត្ថភាព ​ឬ​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​ឡើង​។

ចំពោះ​បញ្ហា​នេះ ​លោក ថៃ ​អ៊ូ​ អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​​ឆ្លើយ​តប​ថា​៖ «​សម្រាប់​កីឡាករ​ថៃ ​ទោះ​មក​ជាមួយ​គ្នា​ ក៏​​វ៉ៃ​អស់​ពី​សមត្ថភាព​ដូច​គ្នា​ ​ព្រោះ​ជា​វគ្គ​សំខាន់​ដណ្តើម​កៅអី​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ​មិន​អាច​បន្ធូរ​ដៃ​ឲ្យ​គ្នា​បាន​ទេ​។

ជាមួយ​គ្នា​នេះ​​ ​បើ​សិន​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​​កើត​ឡើង​ត្រូវ​បាន​​រក​ឃើញ​ ឬ​ចាប់​បាន​​ភ័ស្តុតាង​ ​​គឺ​បណ្តេញ​ចេញ​មិន​ឲ្យ​តម្លៃ​ខ្លួន​ទេ»​៕​