ក្រុង​តូក្យូ៖ គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក Tokyo 2020 ឱ្យ​ដឹង​ថា នឹង​មាន​ការ​អនុញ្ញាត​ឱ្យ​មាន​អ្នក​ចូលរួម​ឈរ​អម​តាម​ដង​ផ្លូវ ពេល​ពិធី​រត់​ភ្លើង​គប់​អូឡាំពិក ត្រូវ​ចាប់​ផ្ដើម​នៅ​ទូទាំង​ប្រទេស​ជប៉ុន នា​ខែ​ក្រោយ​តែ​ការ​ស្រែក​អបអរ​នឹង​ត្រូវ​ហាមឃាត់​យ៉ាង​តឹងរ៉ឹង។

ការ​ដង្ហែ​ភ្លើង​គប់​អូឡាំពិក ត្រូវ​លុប​ចោល​តែ​ប៉ុន្មាន​ថ្ងៃ​មុន​កាល​កំណត់​ចាប់​ផ្ដើម​នៅ​ឆ្នាំ​មុន ពេល​មន្ត្រី​របស់​គណៈកម្មាធិការ​អូឡាំពិក និង​ជប៉ុន បាន​ធ្វើ​ការ​សម្រេច​មិន​ធ្លាប់​មាន​ពន្យារពេល​ព្រឹត្តិការណ៍​អូឡាំពិក Tokyo 2020 ដោយសារ​ការ​រាតត្បាត​ពី​វីរុស​កូរ៉ូណា។

ទោះ​ក្ដី​កង្វល់ នៅ​តែ​បន្ត​មាន​អំពី​សុវត្ថិភាព​នៃ​ការ​រៀបចំ​ការ​ប្រកួត​ប្រជែង​នា​រដូវក្ដៅ​នេះ​ក៏​ដោយ ក៏​គណៈកម្មការ​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​នេះ អាច​ដំណើរ​ការ​ធម្មតា ហើយ​ការ​ដង្ហែ​ភ្លើង​គប់ នឹង​ចាប់​ផ្ដើម​តាម​ការ​គ្រោង​នៅ​ថ្ងៃទី ២៥ ខែមីនា។

ការ​រត់​នោះ នឹង​ចេញ​ដំណើរ​ពី​ទីកន្លែង​និមិត្តរូប​ក្នុង​តំបន់ Fukushima ដែល​ធ្វើ​ឱ្យ​ឃើញ​ពី​តួនាទី​របស់ Tokyo 2020 ដូច​នឹង​អ្វី​ដែល​ជប៉ុន​ឱ្យ​ឈ្មោះ​ថា «ការ​ធ្វើ​ឱ្យ​កីឡា​អូឡាំពិក​រស់​ឡើង​វិញ» ពោល​គឺ​បន្ទាប់​ពី​មាន​នូវ​សោកនាដកម្ម​ក្នុង​ឆ្នាំ ២០១១ ដូចជា​ការ​រញ្ជួយ​ដី រលក​ស៊ូណាមិ និង​ការ​លេចធ្លាយ​សារធាតុ​នុយក្លេអ៊ែរ។

តែ​ការ​ដង្ហែ​នេះ នឹង​កា្លយ​ជា​ព្រឹត្តិការណ៍​មិន​សូវ​អធិកអធម​ខុស​ពី​ធម្មតា។ អ្នក​ទស្សនា​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម ដើម្បី​បាន​មើល​ការ​ឆ្លង​កាត់​របស់​អណ្តាត​ភ្លើង​គប់​អូឡាំពិក តែ​តម្រូវ​ឱ្យ​ពាក់​ម៉ាស់ ចៀស​វាង​ការ​ជួបជុំ ហើយ​អាច​ត្រឹម​តែ​មាន​វត្តមាន​នៅ​កន្លែង​ភ្លើង​គប់​ឆ្លង​កាត់ ក្បែរ​ផ្ទះ​ខ្លួន​ប៉ុណ្ណោះ។

នៅ​ក្នុង​គោលការណ៍​ណែនាំ ដែល​បន្ថែម​ពី​លើ​គោលការណ៍​គម្លាត​សង្គម ក្រើន​រំឭក​ថា៖ «អ្នក​ចូលរួម​ត្រូវ​តែ​ធ្វើ​ការ​គាំទ្រ​ដោយ​សំឡេង​ទះដៃ ឬ​ដោយ​ប្រើ​ឧបករណ៍​តំណាង​ជាជាង​ការ​ស្រែក ឬ​ហ៊ោកញ្ជ្រៀវ។ កម្មវិធី​រត់​កាន់​ភ្លើង​គប់​នេះ នឹង​ត្រូវ​ផ្អាក បើ​មាន​ហានិភ័យ​ដោយសារ​មនុស្ស​ច្រើន​លើស​កំណត់»។

អ្នក​កាន់​ភ្លើង​គប់ នឹង​អាច​រត់​ដោយ​មិនបាច់​ពាក់​ម៉ាស់ ដែល​ព័ត៌មាន​នេះ ទំនង​ជា​ទទួល​បាន​ការ​ស្វាគមន៍​ពី​អ្នក​រត់​ទាំង​នោះ ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ពិធី​រត់​ដង្ហែ​ភ្លើង​គប់​អូឡាំពិក​នេះ ខណៈ​កម្ដៅ​នា​រដូវក្ដៅ​នៅ​ជប៉ុន​ចាប់​ផ្ដើម​ក្ដៅ​ឡើង​បណ្ដើរ។

កីឡា​អូឡាំពិក Tokyo 2020 គ្រោង​ចាប់​ផ្ដើម នៅ​ថ្ងៃទី ២៣ ខែ​កក្កដា ហើយ​គណៈកម្មការ​បាន​ដាក់​ចេញ​នូវ​គោលការណ៍ ដែល​ពួក​គេ​ថា នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​កីឡា​ដ៏​ធំ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​សុវត្ថិភាព៕ AFP/VN