ភ្នំពេញ៖ ក្រុមខេត្តព្រៃវែង នៅតែរក្សាបានភាពខ្លាំងក្នុងការបន្តយកឈ្នះលើក្រុមខេត្តកោះកុង ដើម្បីកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៤ (ថ្នាក់ខេត្ត) ឆ្នាំ ២០២០ ហើយក្រុមខេត្តសៀមរាប បានទម្លាក់ក្រុមខេត្តកណ្តាលទាំងព្រលឹងចុងសក់ ចំណែកក្រុមចំនួន ៤ ទៀត នឹងប្រកួតកាត់សេចក្តីជើងទី២ វគ្គ ៨ ក្រុមចុងក្រោយ នៅរសៀលម៉ោង ៣ ថ្ងៃពុធនេះ។
បើទោះបីជាការប្រកួតកាត់ក្តី ជើងទី២ កាលពីថ្ងៃអង្គារ ត្រូវធ្វើនៅលើទឹកដីក្រុមខេត្តកោះកុង ប៉ុន្តែក្រុមខេត្តព្រៃវែង ដែលភាគច្រើនជាយុវជនរបស់ក្លិបវិសាខា នោះ នៅតែរក្សាទម្រង់លេងបានល្អ និងបានឈ្នះ ៣-០ បន្ថែមទៅលើការឈ្នះ ៥-១ កាលពីជើងទី ១ នៅលើទឹកដីខ្លួនឯង។
តាមរយៈការឈ្នះទាំង ២ ជើងជាមួយលទ្ធផលសរុប ៨-១ នេះបានធ្វើឲ្យក្រុមយុវជនដ៏មានសក្តានុពលរបស់ខេត្តព្រៃវែង មួយនេះ បានឡើងទៅកាន់វគ្គ ១/២ ផ្តាច់ព្រ័ត្រ ជាលើកដំបូង ជាមួយការមិនទាន់ស្គាល់ការចាញ់សោះ ព្រោះការប្រកួត ៤ លើកក្នុងវគ្គជម្រុះតាមពូលខេត្តព្រែវែង បានឈ្នះ ២ និងស្មើ ២ ដង ដើម្បីបានលេខ ១ ប្រចាំពូល C។
ចំណែកក្រុមម្ចាស់ផ្ទះ កណ្តាល ដែលបានព្យាយាមយកឈ្នះលើខេត្តសៀមរាប ៣-១ វិញ ដើម្បីលុបចោលការចាញ់ ៣-១ កាលប្រកួតជើងទី១ នោះ នៅតែគេចមិនផុតពីការធ្លាក់ ព្រោះពួកគេបានចាញ់ក្រុមខេត្តសៀមរាប ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ៣-១ នោះ ហើយលទ្ធផលនេះ បានជួយឲ្យក្រុមខេត្តសៀមរាប បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងព្រលឹងចុងសក់។
ដោយឡែកក្រុមខេត្តត្បូងឃ្មុំ ដែលត្រូវបើកទ្វារកីឡដ្ឋានវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេមត់ ដើម្បីស្វាគមន៍ក្រុមខេត្តកំពង់ស្ពឺ នៅរសៀលម៉ោង ៣ ថ្ងៃពុធនេះ ហាក់មិនទាន់មានការជឿជាក់ខ្លាំង ក្នុងការបន្តយកឈ្នះលើខេត្តកំពង់ស្ពឺ ប៉ុន្មានទេ បើទោះបីជាពួកគេបានយកឈ្នះ កំពង់ស្ពឺ ២-០ នៅក្រៅទឹកដីក៏ដោយ។
លោក ផន រស្មីពេជ្រ គ្រូបង្គោលក្រុមខេត្តត្បូងឃ្មុំ បាននិយាយថា៖ «ទោះការប្រកួតលើកនេះ ធ្វើនៅលើទឹកដីយើង ប៉ុន្តែយើងមិនគិតថា ស្រួលជាងជើងទី១ ប៉ុន្មានទេ ព្រោះកីឡាករភាគច្រើននៅឆ្ងាយពីទីលាន ដ្បិតអីភាគច្រើន នៅសួង, តំបែរ និងក្រុងត្បូងឃ្មុំ អ៊ីចឹងទៅដល់តារាងមេមត់ហ្នឹង ត្រូវជិះដល់ខ្ទង់ ៨០ គីឡូម៉ែត្រឯណោះ ហេតុនេះយើងអាចមានបញ្ហាខ្លះដែរ ក្នុងការសម្របលើទីលាន ហើយយើងក៏មានកីឡាករម្នាក់ជាប់ពិន័យថែមទៀត»។
ចំណែកលោក ម៉ុល មរកត គ្រូបង្គោលក្រុមខេត្តកំពង់ស្ពឺ នៅមានសង្ឃឹម ៥០ ភាគរយ ក្នុងការវាយបកក្រុមខេត្តត្បូងឃ្មុំ។ លោកបានប្រាប់ថា៖ «កាលជើងទី១ កីឡាកររបស់យើង លេងអត់យល់ចិត្តគ្នាទេ ប៉ុន្តែជើងទី២ នេះ ខ្ញុំគិតថា ពួកគាត់នឹងលេងស៊ីចង្វាក់គ្នា អ៊ីចឹងយើងនៅមានសង្ឃឹម ៥០ ភាគរយ ក្នុងការវាយបក គឺយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព និងលេងដោយការដាក់សម្ពាធ ព្រោះការលេងដោយការខ្លាចប៉ះទង្គិចគ្នានេះហើយ ទើបធ្វើឲ្យក្រុមខាងគេ ស្រួលលេង និងអាចយកឈ្នះលើក្រុមយើងនៅជើងទី១»។
ជាមួយគ្នានេះ ខេត្តកំពង់ឆ្នាំង នឹងបើកកីឡដ្ឋានវិទ្យាល័យកំពង់ត្រឡាច ដើម្បីស្វាគមន៍ក្រុមខេត្តកែប នៅរសៀលម៉ោង ៣ ថ្ងៃពុធ នេះដែរ ហើយការប្រកួតនេះ អាចនឹងមានភាពស្វិតស្វាញខ្លាំង ព្រោះកាលប្រកួតជើងទី១ ខេត្តកំពង់ឆ្នាំង បានចាញ់ក្រុមម្ចាស់ផ្ទះ ខេត្តកែប ៤-៣៕