ក្រុងរ៉េភីណូ: ស្រប​ពេល​ដែល​ទទួល​បាន​ការកោតសរសើរ​ចំពោះ​ការដឹកនាំ​បែប​សម័យ​ទំនើប ការនិយាយ​ដោយ​បើកចំហ​ជាមួយ​នឹង​ការរិះគន់​យ៉ាងខ្លាំង និង​ការដាក់​ការជឿជាក់​លើ​ក្រុម​យុវជន លោក Gareth Southgate បាន​គេច​ផុត​ពី​ការធ្លាក់​ចូល​ភាព​ត្រដាបត្រដួស​នៅ​មុន​ពេល​យុទ្ធនាការ​ជាច្រើន​ដែល​ផ្ទុយ​ពី​គ្រូបង្វឹក​មុនៗ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ទៅ​នៃ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស​។

ទោះបី​ជា​យ៉ាង​ណា​ការ​សាកល្បង​យ៉ាង​ពិតប្រាកដ​ទៅ​លើ​សមត្ថភាព​របស់​លោក Southgate ក្នុង​ការ​ដឹកនាំ​ប្រទេស​របស់​លោក​នៅ​លើ​ឆាក​ដ៏ធំ​បំផុត​នឹង​កើតឡើង នៅពេល​ដែល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ប៉ះ​ជាមួយ​នឹង​ក្រុម​ទុយនីស៊ី​ក្នុង​ការប្រកួត World Cup បើកឆាក​របស់​ពួកគេ​ក្នុង​ទីក្រុង Volgograd នៅ​រាត្រី​នេះ​។

នៅពេល​ដែល​លោក Southgate ត្រូវ​បាន​ដំឡើង​ឋានៈ​ពី​តួនាទី​របស់​លោក​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ទូទៅ​ក្រុម​យុវជន​អាយុ​ក្រោម​ ២១ ​ឆ្នាំ​ក្រោយ​ពី​រឿង​អាស្រូវ​មួយ​ដែល​បាន​ធ្វើឲ្យ​លោក Sam Allardyce រង​នូវ​ការបណ្តេញចេញ​ក្រោយ​ពី​កាន់​តំណែង​បាន​ត្រឹម​តែ​ ៦៧ ​ថ្ងៃ និង​ការប្រកួត​ ១ ​លើក​កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន ការ​តំណែង​លោក Southgate ត្រូវ​បាន​ចាត់ទុក​ដោយ​អ្នក​គាំទ្រ​ជាច្រើន​ថា ជា​ជម្រើស​គ្មាន​សុវត្ថិភាព និង​គ្មាន​ការលើក​ទឹកចិត្ត​ពី​សំណាក់​សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស (FA)​។ ប៉ុន្តែ​ការដឹកនាំ​របស់​លោក Southgate មក​ទល់​ពេល​នេះ​បាន​ប្រឆាំង​នឹង​ការរំពឹងទុក​ផ្សេងៗ​។

អ្នកចាំទី Joe Hart និង​ខ្សែបម្រើ Jack Wilshere បាន​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​មាន​បទពិសោធ​ដែល​ត្រូវ​បាន​ជម្រុះ​ចេញ​ពី​ក្រុម ខណៈ​ដែល​លោក​បាន​ជ្រើសរើស​ក្រុម​ប្រជុំ​ដោយ​កីឡាករ​វ័យក្មេង​បំផុត​លំដាប់​ទី​ ៣ ប្រចាំ​យុទ្ធនាការ​នៅ​រុស្ស៊ី​។ នៅ​ខាង​ក្រៅ​ទីលាន លោក​បាន​ជួប​បរិយាកាស​ដ៏ធូរស្រាល បើ​ទោះបី​ក៏​ប្រឈមមុខ​នឹង​បញ្ហា​ដ៏លំបាក​មួយ​ចំនួន​ដូចជា ការព្រួយបារម្ភ​ផ្សេងៗ​ជុំវិញ​ការរើសអើង​ជាតិសាសន៍​នៅ​រុស្ស៊ី ហើយ​ខ្សែ​ការពារ​ស្លាប​ឆ្វេង Danny Rose បាន​ប្រកាស​នៅ​មុន​ពេល​យុទ្ធនាការ​ World Cup ១ ​ថ្ងៃ​ថា រូបគេ​មាន​បញ្ហា​ផ្នែក​អារម្មណ៍​។

លោក Dan Ashworth ប្រធាន​បច្ចេកទេស​របស់ FA បាន​ឲ្យ​ដឹង​ថា​៖ «​គាត់​ជា​មនុស្ស​ចេះ​យល់​ចិត្ត ច្បាស់លាស់ ហើយ​គាត់​មាន​ភាព​ឆ្លាតវៃ និង​មាន​ការ​យល់​ដឹង​យ៉ាង​ល្អ​ពី​ទំនាក់ទំនង​ជាមួយ​នឹង​កីឡាករ និង​អាច​ទាញ​យក​ភាព​ខ្លាំង​បំផុត​របស់​កីឡាករ និង​បុគ្គលិក​»​។

បែលហ្ស៊ិក ប្តេជ្ញា​ធ្វើឲ្យ​បាន​ល្អ​ពេល​ប៉ះ​ប៉ាណាម៉ា លោក Roberto Martinez កំពុងតែ​ស្រេកឃ្លាន​ក្នុង​ការដឹកនាំ​ក្រុម​ខ្លាំង​បែលហ្ស៊ិក​ក្នុង​យុទ្ធនាការ World Cup ខណៈ​ដែល​ពួកគេ​ត្រៀម​ជួប​ជាមួយ​នឹង​ក្រុម​ជម្រើសជាតិ​ប៉ាណាម៉ា ក្នុង​ការ​ប្រកួត​បើកឆាក​របស់​ពួកគេ​នៅ​រាត្រី​នេះ​។ ក្រុម​មួយ​ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​ ៣ ​នៅ​លើ​តារាង FIFA និង​ត្រូវ​បាន​គេ​ចាត់ទុក​ថា​កំពុង​តែ​ស្ថិត​ក្នុង​ជំនាក់​មាស​ដោយសារ​តែ​មាន​កីឡាករ​ឆ្នើមៗ​ជាច្រើន​ដូចជា Eden Hazard និង Kevin De Bruyne បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រុស្ស៊ី​ជាមួយ​នឹង​ការរំពឹង​ទុក​ដ៏ខ្ពស់​មួយ​នៅ​លើ​ស្មា​របស់​ពួកគេ​។

ពួកគេ​ពិត​ជា​មាន​ក្តីសង្ឃឹម​ខ្ពស់​ក្នុង​ការ​ឈាន​ទៅ​វគ្គ​បន្ត​ក្នុង​នាម​ជា​ក្រុម​ឈរ​លេខ​ ១ ​ក្នុង​ពូល G បើ​ទោះបី​ត្រូវ​បាន​ចាប់​ឆ្នោត​ឲ្យ​ស្ថិត​ក្នុង​ពូល​រួម​ជាមួយ​នឹង​ក្រុម​អង់គ្លេស​ក៏ដោយ​ហើយ​វា​នឹង​ក្លាយ​ជា​រឿង​ដ៏ខកចិត្ត​ដ៏ធំ​មួយ បើ​ពួកគេ​មាន​ការភ្លាត់ស្នៀត​នៅ​ពេល​ប្រកួត​ជាមួយ​ក្រុម​មួយ​ដែល​នឹង​បង្ហាញ​ខ្លួន​ក្នុង World Cup ជា​លើក​ទី​ ១ ​របស់​ពួកគេ​៕ IS

កម្មវិធី​ប្រកួត​រាត្រីនេះ

ស៊ុយអែត v កូរ៉េខាងត្បូង-7 យប់

បែលហ្ស៊ិក v ប៉ាណាម៉ា -10 ​យប់

ទុយនីស៊ី v អង់គ្លេស-1 ​អធ្រាត្រ