ភ្នំពេញៈ ក្រុម​ភ្នំពេញ​ក្រោន ដែល​កំពុង​តែ​មាន​មោទនភាព​ទៅ​លើ​ភាពរីកចម្រើន​ក្នុង​ការលេង​ជា​ក្រុម​បាន​ល្អ​នោះ គ្រោង​នឹង​លេង​បែប​ការវាយលុក​ទៅ​លើ​ក្រុម​វិសាខា​សម្រាប់​ការវិល​មក​ជួប​គ្នា​ជើង​ទី​ ២ លីក​កំពូល​កម្ពុជា ឆ្នាំ​ ២០១៩ នៅ​កីឡដ្ឋាន​វិសាខា​នា​ថ្ងៃ​អាទិត្យ ដើម្បី​សងសឹក​ចំពោះ​ការចាញ់ ៣-១ កាលពី​ជើង​ទី​ ១ ចំណែក​បឹងកេត​ក៏​នឹង​ត្រូវ​ជម្រះ​ភាពមន្ទិល​ជាមួយ​ក្រុម​អង្គរថាយហ្គឺរ​នៅ​ថ្ងៃ​សៅរ៍​ដែរ​។

ការស្មើ​ក្រុម​បឹងកេត ៤-៤ ដែល​ពួកគេ​ធ្លាប់​ចាញ់ ៣-២ កាលពី​ជើង​ទី​ ១ និង​ការបន្ត​លត់​ក្រុម​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី​រហូត​ដល់ ១២-១ ក្នុង​ការប្រកួត​ជើង​ទី​ ២ ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពរីកចម្រើន​របស់​ក្រុម​ភ្នំពេញ​ក្រោន ហើយ​អ្នកចាត់ការ​ទូទៅ​វ័យក្មេង​របស់​ក្រុម​នេះ​គឺ​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម កែវ សុខង៉ន បាន ចាត់ទុក​ការលេង​បាន​ល្អ​ក្នុង​ជើង​ទី​ ២ ​នេះ​ថា​ជា​ភាពរីកចម្រើន​លើស​ពី​អ្វី​ដែល​ក្រុម​ភ្នំពេញក្រោន​បាន​រំពឹង​ទុក​។

កែវ សុខង៉ន បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា​៖ «​នៅពេល​នេះ​ភ្នំពេញ​ក្រោន លេង​ជា​ក្រុម​បាន​ល្អ​ជាង​មុន ព្រមទាំង​មាន​សាមគ្គី និង​សហការ​គ្នា​ល្អ​ផង​ដែរ អ៊ីចឹង​ការជួប​ក្រុម​វិសាខា​លើក​នេះ វា​នឹង​មិន​ពិបាក​ណាស់ណា​នោះ​ទេ​។ ប៉ុន្តែ​យើង​តែង​មាន​ការបារម្ភ​ចំពោះ​ការប្រកួត​ធំ​បែប​នេះ​ដោយសារ​វិសាខា​ក៏​គេ​រៀបចំ​បាន​ល្អ​ដែរ ហើយ​ក៏​ទទួល​បាន​លទ្ធផល​ល្អ​កាលពី​ពេល​ថ្មីៗ​នេះ​ដូច​គ្នា​»​។

យ៉ាងណា​ក៏ដោយ កែវ សុខង៉ន បាន​បញ្ជាក់​ថា​៖ «​ការលេង​ជាមួយ​ក្រុម​វិសាខា​លើក​នេះ​យើង​ទាមទារ​យក​ឈ្នះ​ ៣ ​ពិន្ទុ​ដាច់ខាត គឺ​យើង​ត្រូវ​តែ​វាយលុក ព្រោះ​ចំណាត់ថ្នាក់​របស់​យើង​ពេល​នេះ​ទោះបី​ជា​យើង​ចាញ់​ក៏ដោយ​​ មិន​រំកិល​ចុះក្រោម​ដែរ អ៊ីចឹង​លទ្ធភាព​របស់​យើង​អាច​លេង​ប្រយុទ្ធ​ច្រើន ហើយ​កម្លាំង​ប្រយុទ្ធ​របស់​យើង​មាន​ជួរមុខ​ ៣ ​ទៅ​ ៤ ​នាក់​ដែល​គិត​ថា​ល្អ​ដែរ ដូចជា Dzarma Bata, Booyen Shane, Mustafa Zazai និង ប្រាក់ ធីវ៉ា ដែល​ពួកគាត់​សហការ​គ្នា​បាន​ល្អ​»​។

តាមរយៈ​ការប្រកួត​ ១៥ ​សប្តាហ៍​កន្លង​មក​នេះ​ភ្នំពេញ​ក្រោន ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ ៦ ដោយមាន​ ២៨ ​ពិន្ទុ ហេតុនេះ​ការប្រជែង​យក​ ៣ ​ពិន្ទុ​ពី​ក្រុម​វិសាខា វា​សំខាន់​ណាស់​សម្រាប់​ពួកគេ​ក្នុង​ការប្រជែង​ឡើង​ទៅ​ឈរ​នៅ​តំបន់​កំពូល​តារាង​ទាំង​ ៤ (Top4) ទៅ​តាម​ទិសដៅ​របស់​ខ្លួន​។

ប៉ុន្តែ​ក្រុម​វិសាខា​ដែល​មាន​ ៣១ ​ពិន្ទុ​ក៏​ត្រូវការ​ឈ្នះ​ដាច់ខាត ដើម្បី​រក្សា​ទីតាំង​លេខ​ ៤ របស់​ពួកគេ ឬ​ក៏​អាច​ឡើង​ទៅ​ឈរ​នៅ​លេខ​ ៣ ​ផង​ដែរ ព្រោះ​នៅ​សប្តាហ៍​នេះ​ក្រុម​កំពុង​ឈរ​នៅ​លេខ​ ៣ មាន ​៣៣ ​ពិន្ទុ អង្គរថាយហ្គឺរ ត្រូវ​ធ្វើ​ដំណើរ​ពី​សៀមរាប​មក​ជួប​ក្រុម​បឹងកេត​នៅ​ភ្នំពេញ​វិញ​ម្តង​។

បើ​ទោះបី​ជា​ក្រុម​អង្គរថាយហ្គឺរ បាន​ស្មើ ១-១ ជាមួយ​បឹងកេត​សម្រាប់​ការប្រកួត​ជើង​ទី​ ១ នៅ​លើ​ទឹកដី​ខ្លួនឯង ប៉ុន្តែ​ការប្រកួត​លើក​នេះ អង្គរថាយហ្គឺរ អាច​នឹង​មាន​ការលំបាក​ច្រើន​។ ផ្ទុយ​ពី​នេះ​ក្រុម​កំពុង​ឈរ​នៅលើ​កំពូល​តារាង​មាន​ ៣៩ ​ពិន្ទុ ព្រះខ័នរាជ​ស្វាយរៀង អាច​នឹង​ឈ្នះ​បាន​ ៣ ​ពិន្ទុ​បន្ថែម​ទៀត ខណៈ​ពួកគេ​ត្រូវ​ស្វាគមន៍​ក្រុម​គិរីវង់​ដែល​ខ្លួន​ធ្លាប់​ឈ្នះ ២-០ នោះ​។ ចំណែក​ក្រុម​ឈរ​នៅ​លេខ​ ២ មាន​ ៣៤ ​ពិន្ទុ ណាហ្គាវើល ត្រូវ​វិល​ទៅ​ជួប​ក្រុម​ប៉ូលិស​ដែល​ពួកគេ​ធ្លាប់​ឈ្នះ ៦-០ ក្នុង​ជើង​ទី​ ១ ដែល​រំពឹង​អាច​ឈ្នះ​បាន​ ៣ ពិន្ទុ​ដូច​គ្នា​៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-​សាលា​កីឡា​បាល់ទាត់​ជាតិ v អគ្គិសនី​កម្ពុជា​នៅ​សាលា​កីឡា បាល់ទាត់​ជាតិ​បាទី ១៥:៣០

-​សូលទីឡូអង្គរ v អាស៊ីអឺរ៉ុប កីឡ.ខេត្ត​សៀមរាប ១៥:៣០

-​បឹងកេត v អង្គរថាយហ្គឺរ កីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉េ ១៥:៣០

៤ ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

-​ស្វាយរៀង v គិរីវង់ កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ១៨:០០

-​ប៉ូលិស v ណាហ្គាវើល កីឡ.អគ្គិសនី​កម្ពុជា ១៥:៣០

-​ខេត្ត​កំពង់ចាម v ក្រសួង​ការពារជាតិ កីឡ.ស្តាតចាស់ ១៥:៣០

-​វិសាខា v ភ្នំពេញ​ក្រោន កីឡដ្ឋាន​វិសាខា ១៨:០០