ភ្នំពេញៈ អតីតអ្នកប្រដាល់ អេ ភូថង ជាគ្រូបង្វឹកក្លិបឯកជន និងជាគ្រូបង្វឹកប្រដាល់គុនខ្មែរជម្រើសជាតិបានដាក់ពាក្យប្តឹងចៅក្រមចំនួន ៥ រូបបន្ទាប់ពីបានផ្តល់ពិន្ទុឲ្យកូនរបស់លោកឈ្មោះ អាំម៉ារីន ភូថង ចាញ់កីឡាករ ជី ឆៃលី មកពីក្លិបកងពលធំអន្តរាគមន៍លេខ ២ នាសង្វៀនប៉ុស្តិ៍លេខ ៥ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
មន្ត្រីជាន់ខ្ពស់ក្នុងសហព័ន្ធប្រដាល់គុនខ្មែរបានហៅការប្តឹងរបស់លោក អេ ភូថង ថាដូចវាយបំបែកឆ្នាំងបាយខ្លួនឯង ខណៈប្រភពខ្លះទៀតក្នុងពិភពប្រដាល់បានហៅលោក អេ ភូថង ថាជាមនុស្សរមិលគុណ និងភ្លេចកំណើតខ្លួន ប៉ុន្តែលោក អេ ភូថង មិនអាចទាក់ទងបានទេដោយលោកចុចបិទទូរស័ព្ទ។
ក្នុងសារបង្ហោះតាមហ្វេសប៊ុកពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៩ លោក អេ ភូថង បានដាក់ពាក្យប្តឹងចៅក្រមចំនួន ៥ រូបដែលកាត់ក្តីឲ្យកូនរបស់លោកចាញ់កីឡាករ ជី ឆៃលី។
ក្នុងពាក្យបណ្ដឹងដែលភ្នំពេញ-ប៉ុស្តិ៍ទទួលបានមានខ្លឹមសារថា៖ «សូមប្តឹងតវ៉ាដាច់ខាតត្រូវតែយកឈ្នះឡើងវិញ» ដោយក្នុងនោះមានថតទឹកប្រាក់ចំនួន ១០ ម៉ឺនរៀលជាតម្លៃសេវាដើម្បីប្តឹងចៅក្រម ៥ រូបរួមមានទី ១ លោក រឿង សារុន ទី ២ លោក មាស យ៉ាម ទី ៣ លោក ច័ន្ទ ធារ៉ា ទី ៤ លោក គិត សារ៉ុម និងទី ៥ លោក រ៉េវ រ័ត្ន។
លោក ឆឹង យ៉ៅយ៉េន អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរទទួលបន្ទុកបច្ចេកទេសបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីព្រឹកម្សិលមិញថា៖ «ឯកឧត្តមប្រធានសហព័ន្ធ តែម ម៉ឺន បានប្រគល់កិច្ចការនេះមកឲ្យខ្ញុំ និងលោក ម៉ិល កាដូ ដើម្បីដោះស្រាយ ប៉ុន្តែអ្វីៗដូចជាជ្រុលពេកហើយ។ ក្នុងវិស័យកីឡា ខ្ញុំគិតថា មានការណែនាំអប់រំច្រើនជាងស្វែងរកជម្រះសេចក្តី ឬចាប់កំហុស»។
លោក យ៉ៅយ៉េន បន្ថែមថា៖ «លោក តែម ម៉ឺន ធ្លាប់លើកស្ទួយ និងយឹតយោង អេ ភូថង ច្រើនណាស់ ហើយអ្វីដែលលោកទទួលបានមកវិញគឺខកចិត្ត។ ពេលនេះលោក តែម ម៉ឺន បានរុញការងារនេះមកខ្ញុំគឺអាចនឹងហួសចិត្តចំពោះ អេ ភូថង ដែលធ្វើអ្វីៗតាមអំពើចិត្ត មិនគោរពគោលការណ៍ ឬច្បាប់នៃសហព័ន្ធ និងមានភាពអំនួតទៅតាមការគិតរបស់ខ្លួន»។
លោកបន្ថែមថា៖ «អេ ភូថង ប្តឹងចៅក្រមទាំង ៥ នោះជារឿងមិនស្របទៅតាមនីតិវិធី និងភ្លេចខ្លួនថា ខ្លួនឯងកំពុងតែវ៉ៃឆ្នាំងបាយខ្លួនឯង»។
លោក ម៉ិល កាដូ អគ្គនាយករងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រឿងនេះកំពុងតែពិនិត្យមើល ហើយអ្វីៗស្ថិតក្នុងដំណើរការ ប៉ុន្តែលោកប្រកាន់ជំហរអហិង្សាមិននិយមស្តីបន្ទោសអ្នកមានកំហុសនោះទេ ភាគច្រើនគឺ Yes និង OK។
លោក និន ភារម្យ អគ្គលេខាធិការដ្ឋានអចិន្រៃ្តយ៍នៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរនិយាយថា៖ «តាមខ្ញុំដឹងប្រហែលជាតម្រូវឲ្យ អេ ភូថង ដកពាក្យបណ្តឹង និងមានការណែនាំស្តីបន្ទោសខ្លះៗពីព្រោះអ្វីៗដែលកើតឡើងណាមួយគឺតែងតែធ្លាក់ទៅលើឯកឧត្តមប្រធានជាអ្នកទទួលខុសត្រូវរួម ព្រោះ អេ ភូថង បានមកដល់ពេលនេះគឺជាការជួយរបស់ឯកឧត្តម តែម ម៉ឺន ច្រើនណាស់»។
គួររំឭកថា អេ ភូថង មិនត្រឹមតែជាគ្រូបង្វឹកប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាមន្ត្រីក្របខ័ណ្ឌរបស់រដ្ឋផងដែរ។
ចៅក្រមចំនួន ៥ នាក់នេះបានអះអាងថា៖ «យើងខ្ញុំធ្វើតាមវិជ្ជាជីវៈ ប្រកាន់យុត្តិធម៌មិនលម្អៀង និងគោរពតាមបទបញ្ជា។ ទាក់ទងទៅនឹងការប្តឹងរឿងណាមួយគឺសម្រេចលើថ្នាក់ដឹកនាំ និងមេៗដែលជាអ្នកគ្រប់គ្រងជាអាណាព្យាបាលដោះស្រាយចុះ ហើយពួកខ្ញុំមិនដឹងទេ»៕