ភ្នំពេញៈ វគ្គ​បណ្តុះ​បណ្តាល​រដ្ឋបាល​កីឡា ​ដែល​ជា​គម្រោង​ដើម​ ឆ្នាំ ​២០១៨​ ​របស់​គណៈ​កម្មាធិការ​អូឡាំពិក​អន្ដរជាតិ​ (IOC) តាម​រយៈ​អង្គការ​សាមគ្គី​អូឡាំពិក​អន្ដរជាតិ ​(OS)​ ដែល​ជា​ស្ថាប័ន​ជំនាញ​បណ្តុះ​បណ្តាល​ផ្នែក​ធនធាន​មនុស្ស​នោះ បាន​ផ្ដល់​ជូន​ដល់​មន្ត្រី​អប់​រំកាយ​ និង​កីឡា ​ប្រចាំ​ខេត្ត​ប៉ៃ​លិន មុន​គេ​ គឺ​មាន​​រយៈ​ពេល ៤ ថ្ងៃ ​ពី​ថ្ងៃ​ទី ​២០​ ដល់​ថ្ងៃទី​ ២៣ ​ខែ​មេសា ​នៅ​ក្រុង​ប៉ៃ​លិន​ ​​ក្រោម​ការ​ផ្តួច​ផ្តើម​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ (NOCC)។​

គ្រូ​ឧទ្ទេស​នាម ​​ជា​មន្ត្រី​ជំនាញ​កីឡា ​ដែល​ទទួល​ស្គាល់​សមត្ថភាព​ពី​ IOC ចំនួន​ ៤ នាក់ គឺ​ជា​អ្នក​បង្ហាត់​បង្ហាញ​ដល់​សិក្ខាកាម ចំនួន ២៥ នាក់ (ស្រី ​១ នាក់) មក​ពី​ការិយាល័យ​អប់​រំ​ យុវជន​ និង​កីឡា​ ថ្នាក់​ស្រុក ខណ្ឌ​ និង​តាម​វិទ្យាល័យ ​ព្រម​ទាំង​មន្ទីរ​អប់​រំ ​យុវជន ​និងកីឡា​ ចំណុះក្នុង​ខេត្ត​ប៉ៃ​លិន ​ ឲ្យ​យល់​ដឹង​​អំ​ពី​សកម្មភាព​កីឡា​សម័យ​ទំនើប ​មាន​ប្រធាន​បទ​ផ្តោត​ទៅ​លើ​រដ្ឋបាល​កីឡា​ និង​ទី​ផ្សារ​ និង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ប្រ​កួត​កីឡា​ ឲ្យ​ត្រឹម​ត្រូវ​តាម​ច្បាប់​។​

លោក ​មាស ​សារ៉េត ​នាយក​រង​ផ្នែក​ព័ត៌មាន​ NOCC ​និង​ជា​នាយ​បេសកកម្ម​គ្រប់គ្រង​វគ្គ​នេះ ​បាន​ឲ្យ​ដឹង​ថា​៖ «​នេះ​ជា​វគ្គ​បណ្តុះ​បណ្តាល​មុន​គេ​បង្អស់​ ក្នុង​គម្រោង​ប្រចាំ​ឆ្នាំ ២០១៨​ ដែល​បាន​ផ្តល់​ជូន​ខេត្ត​ប៉ៃ​លិន​មុន​គេ ​ហើយ​បន្ទាប់​មក​ មាន​គម្រោង​ផ្តល់​ជូន​ដល់​ខេត្ត​៣​ទៀត​ដូច​ជា​ខេត្ត​ព្រៃ​វែង ​ខេត្ត​មណ្ឌល​គិរី​ និង​រាជ​ធានី​ភ្នំពេញ​ នៅ​ចុង​ឆ្នាំ»​។

លោក​បន្ដ​ថា​ វាគ្មិន​សំខាន់ៗ​ ដែល​ចូល​រួម​ជា​គ្រូឧទ្ទេសនាម ​ក្នុង​វគ្គ​នេះ​មាន ​លោក ​វ៉ាត់​ ចំរើន ​អគ្គ​លេខា​ធិការ NOCC។ លោក​ជា​​ គ្រូ​ឧទ្ទេសនាម​ស្តី​ពី​ប្រវត្តិ ​និង​ចលនា​អូឡាំពិក​ ព្រម​ទាំង​អំពី​អង្គការ​សាមគ្គី​អូឡាំពិក​​សម័យបុរាណ​ និង​សម័យ​ទំនើប ជា​ពិសេស​ស្ថាប​និក​​អូឡាំពិក​សម័យ​ទំនើប​ ដោយ​មាន​ទស្សនៈ​អប់រំ​រាង​កាយ​សុខភាព ​ច្រើន​ជាង​ប្រកួត​ ដែល​ប្រើ​ប្រាស់​ដោយ​កម្លាំង​ហិង្សា​ គឺ​សម្រួច​ស្វែង​រក​ផ្នែក​បច្ចេកទេស ​ជា​ចម្បង​ ហើយ​លោក​ ក៏​នឹង​បង្ហាញ​ពី​មូលហេតុ​ ដែល​ធ្វើ​ឲ្យ​មាន​កំណើត​នៃកីឡា​អូឡាំពិក​ ផង​ដែរ​។​

ចំណែក ​លោក ​កែវ​ សារ៉េត ​នាយក​សាលាបាល់​ទាត់​បាទី​ ជា​គ្រូ​ឧទ្ទេសនាម ​ស្តី​ពី​ការ​ប្រកួត​​ដោយ​យុត្តិធម៌​ របៀប​ដោះស្រាយ​បញ្ហា​វិវាទ​ ការ​កំណត់​និស្ស័យ​របស់​កីឡាករ ការ​អភិវឌ្ឍ​គ្រូបង្វឹក​កីឡា​ និង​ការ​អភិវឌ្ឍ​កីឡាករ​កម្រិត​ខ្ពស់​ ដូច​ជា​កីឡា​​ជម្រើស​ជាតិ ​ជា​ដើម​។​

លោក​ បឹង ​គឹម​តោ ​អនុប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​ ជា​គ្រូ​ឧទ្ទេសនាម​អំពី​​របៀប​ធ្វើការ​ជា​មួយ​អ្នក​ស្ម័គ្រ​ចិត្ត​ ការ​រៀបចំ​អង្គ​ប្រជុំ​ ការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡាមួយ ទំនាក់ទំនង​ និង​ចលនា​ស្ត្រី​ និង​កីឡា ​ព្រមទាំង​បង្ហាញពី​ការរៀបចំការ​ប្រ​កួត​ក្នុង​ព្រឹត្តិការណ៍​នីមួយ​ៗ​។

ជា​មួយ​គ្នា​នោះ​ លោក​វេជ្ជ​បណ្ឌិត ​ស្ដើង ​ជា ​ប្រធាន​អនុគណៈ​កម្មការ​វេជ្ជ​សាស្រ្ដ​អម​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ នឹង​បង្ហាញ​​ពី​ការ​ត្រួត​ពិនិត្យ​សារធាតុ​ជំនួយ​កម្លាំង (Doping) ​ការ​បញ្ជាក់​ភេទ ​ការ​សង្គ្រោះ​បឋម​ ពេល​ប្រ​កួត​​មាន​បញ្ហា​ ពិសេស​ស្វែង​យល់​អំពី​វេជ្ជសាស្រ្ដ​កីឡា។​

លោក ​វ៉ាត់ ​ចំរើន ​ បាន​ប្រាប់​ថា​៖«​វគ្គ​បណ្តុះ​បណ្តាល​នេះ ​យើង​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​រួម​គ្នា​ពី​ OS ​ព្រម​ទាំង​គណៈ​កម្មាធិការ​អូឡាំពិក​អន្ដរជាតិ ​អូឡាំពិក​កម្ពុជា ​ស្រប​ពេល​ដែល​នយោបាយ​កីឡា​របស់​ជាតិ ​ក៏​ដូចជា​រាជ​រដ្ឋាភិបាល​កម្ពុជា​ ប្រឹង​ប្រែង​បញ្ជ្រាប​​ជំនាញ​កីឡា​ ឲ្យ​ដល់​មូល​ដ្ឋាន​ខេត្ត​ឆ្ងាយៗ ​ក្នុង​បំណង​​ឲ្យ​កម្ពុជា​ មាន​ធន​ធាន​មនុស្ស​ជំនាញ​ផ្នែក​កីឡា​សម​ស្រប​តាម​ការ​រីក​ចម្រើន​របស់​ជាតិ ​ឆ្ពោះ​ទៅ​រៀប​ចំ​ជា​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម​ ​ឆ្នាំ​២០២៣​ នៅ​កម្ពុជា»​។​

លោក​​បាន​​បន្ថែម​ថា៖​​ «​អ្នក​ដែល​ទទួល​បាន​វគ្គ​បណ្តុះ​បណ្តាល​នេះ​ មាន​សារសំខាន់​ដោយ​ពួក​គេ​អាច​​ទៅ​ចូល​រួម​ក្នុង​សកម្មភាព​កីឡា​អន្តរជាតិ​បាន​ ​ព្រោះ​សិក្ខាកាម​ទាំង​អស់ សុទ្ធ​តែ​ទទួល​បាន​លិខិត​បញ្ជាក់​ពី​ប្រ​ធាន​អូឡាំ​ពិក​អន្តជាតិ»​៕