ភ្នំពេញ៖ អ្នកប្រដាល់ មុត ខ្លឹមខ្មៅ ដែលធ្លាប់ត្អូញត្អែពីជីវភាពលំបាកក្រីក្រក្នុងមុខរបរឡើងប្រកួតប្រដាល់កន្លងមកនោះ បានឈ្នះប្រាក់រង្វាន់ ៣,៤ លានរៀល ពីការប្រកួតដណ្តើមប្រាក់លាននៅលើសង្វៀនថោនជាថ្មី បន្ទាប់ពីរូបគេបានយកឈ្នះពិន្ទុលើគូសត្រូវចាស់ ឆៃ សារ៉ា នៅវគ្គជម្រុះ និងបានផ្តួល រិទ្ធ ប៊ុនម៉ៅ នៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។
ជាមួយគ្នានេះ បើនិយាយពីជីវភាពរបស់ មុត ខ្លឹមខ្មៅ នាពេលបច្ចុប្បន្ន គឺចាប់ផ្តើមប្រែប្រួលឈានឡើងបានធូរធារជាលំដាប់ ដោយមានការជួយឧបត្ថម្ភពីសប្បុរសជន និងការឡើងប្រកួតបានល្អឈានទៅធ្វើផ្ទះសំបែងរស់នៅសមរម្យ ហើយការឡើងប្រកួតមានប្រាក់ចំណូលកាន់តែល្អ ជាមធ្យមក្នុងខែៗ អាចរកបានពី ៨០០ ទៅ ១ ០០០ ដុល្លារ។ ចំណែកការឈ្នះប្រាក់រង្វាន់លើកនេះ កីឡាករ មុត ខ្លឹមខ្មៅ បាននិយាយថា៖ «ខ្ញុំយកទៅបង្ហើយសំយាបផ្ទះ នៅស្រុកកំណើត ឯខេត្តកំពង់ឆ្នាំង ខណៈផ្ទះខ្ញុំនេះបានសង់រួចអស់ជាង ៣ ម៉ឺនដុល្លារឯណោះ»។
មុត ខ្លឹមខ្មៅ ដែលផ្សងព្រេងមកពីខេត្តបាត់ដំបង ដោយបានឆ្លងកាត់មុខរបរជាកម្មករសំណង់ផង និងជាអ្នកប្រដាល់ផងនោះ គឺរូបគេធ្លាប់ជាក្មេងទំនើង ដែលក្លិបប្រដាល់លំបាកគ្រប់គ្រងផ្នែកវិន័យ ប៉ុន្តែ ខ្លឹមខ្មៅ បានសាងឈ្មោះល្បីល្បាញខ្លាំងនៅលើសង្វៀនបាយ័ន ក្នុងអំឡុងឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៥ ដោយឈ្នះបានខ្សែក្រវាត់ និងពានរង្វាន់ជាច្រើនផងដែរ។ បន្ទាប់ ខ្លឹមខ្មៅ បានចាកចេញពីក្លិបរបស់លោកគ្រូ ចាន់ សុផល បន្តមកក្លិបគ្រូ ធី ណារិទ្ធ ហើយចុងក្រោយបានប្តូរមកនៅក្លិបមកុដរាជសីហ៍នៃសមាគមប្រដាល់ក្រសួងមហាផ្ទៃជាមួយលោកគ្រូ គង់ ចាន់ធីណា កាលពីឆ្នាំ ២០១៧ មកដល់បច្ចុប្បន្ន។
មុត ខ្លឹមខ្មៅ បានប្រាប់បន្ថែមថា៖ «ខ្ញុំមកប្រកួតនៅសង្វៀនថោននេះ ចំនួន ៣ លើក ទើបតែឈ្នះពានរង្វាន់លើកនេះម្តង ក្នុងនោះ ខ្ញុំបានឈ្នះពិន្ទុ ឆៃ សារ៉ា តឹងតែងណាស់ គឺខ្ញុំប្រឹងអស់សមត្ថភាពបានត្រឹមឈ្នះពិន្ទុ ៣ ទល់ ២ ប៉ុណ្ណោះ ប៉ុន្តែនៅវគ្គផ្តាច់ព្រ័ត្រ ខ្ញុំស៊ីផុយ ដោយបានទាត់ឱ្យកីឡាករ រិទ្ធ ប៊ុនម៉ៅ ខូចជើងក្នុងទឹកទី១ ដើម្បីយកប្រាក់រង្វាន់ប្រចាំសប្តាហ៍នេះតែម្តង»។
ខ្លឹមខ្មៅ បាននិយាយបន្តថា៖ «ខ្ញុំបានប្រាក់នេះ ទៅធ្វើសំយាបផ្ទះបង្ហើយ និងដោះស្រាយជីវភាពបានល្អ ព្រោះផ្ទះខ្ញុំនៅស្រុក ធ្វើអស់ប្រាក់មួយចំនួនបានពីសប្បុរសជន និងមួយចំនួនទៀតពីការឡើងប្រកួតប្រដាល់នេះ។ ដំណើរជីវិតជាអ្នកប្រដាល់មកដល់បច្ចុប្បន្ន ខ្ញុំមានជីវភាពសមរម្យ ហើយមានផ្ទះឱ្យកូនប្រពន្ធនៅមានប្រាក់ចំណូលបានមកពីប្រដាល់អាចទប់ទល់ជីវភាពបានល្អ ដូចបងប្អូនជិតខាង មិនមែនលំបាកវេទនាដូចមុនទៀតឡើយ ហើយខ្ញុំសូមអរគុណដល់ប្រធានក្លិបខ្ញុំ គឺលោក គង់ ចាន់ធីណា ដែលបានអប់រំ បង្វឹកខ្ញុំ និងចាប់គូប្រកួត ដើម្បីជួយឱ្យខ្ញុំមានប្រាក់ចំណូលជាប្រចាំ»។
ចំណែកកីឡាករ ឆៃ សារ៉ា ដែលបានចាញ់ មុត ខ្លឹមខ្មៅ តាំងតែពីវគ្គជម្រុះនោះ បាននិយាយថា៖ «ខ្ញុំចាញ់ នៅតែមិនអស់ចិត្ត ព្រោះការវាយចេញជង្គង់ និងស្នៀតទាត់បានល្អដូចគ្នា។ ហេតុនេះខ្ញុំនៅចង់ប្រកួតជាមួយគាត់ទៀត បើគេដាក់ឱ្យសងសឹក ព្រោះតាមប្រវត្តិជួបគ្នាចំនួន ៦ លើក ខ្ញុំបានឈ្នះតែ ២ លើក និងចាញ់ ៤ លើក»៕