ក្រុង Rennes: ម្ចាស់ជើងឯកបារាំង Paris Saint-Germain (PSG) បានភ្លាត់ស្នៀតចាញ់ជាលើកទី២ ក្នុងការប្រកួតលីកនៅរដូវកាលនេះដោយចាញ់ក្រុម Rennes ២-១ កាលពីថ្ងៃអាទិត្យក្រោមជំនួយពីកីឡាករអាយុ ១៦ ឆ្នាំម្នាក់ ក្រោយពីធ្លាប់ចាញ់វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួត French Cup កាលពីខែមេសា។
កីឡាករ Edinson Cavani រកបាន ១ គ្រាប់ ឲ្យក្រុមភ្ញៀវ PSG នៅពេលការប្រកួតបានរយៈពេលជិត ១៥ នាទី ក្នុងតំបន់ Brittanny ប្រទេស បារាំង មុនពេលកីឡាករ Mbaye Niang និងកីឡាករ Romain del Castillo នៃក្លិប Rennes រកបានម្នាក់ ១ គ្រាប់ ឲ្យក្រុមម្ចាស់ផ្ទះវិញ។
ក្រុម PSG មិនបានដាក់ឲ្យខ្សែប្រយុទ្ធ Neymar ចូលលេងក្នុងការប្រកួត ៣ លើក ជាប់ៗគ្នានៅរដូវកាលនេះ ខណៈកីឡាករមានតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពលោករូបនេះកំពុងទទួលបានការចាប់អារម្មណ៍ពីក្លិប Barcelona និង Real Madrid។
កីឡាករ Eduardo Camavinga អាយុ ១៦ ឆ្នាំ បានក្លាយជាតារានៅក្លិប Rennes ដោយសាររូបគេជាផ្នែកដ៏សំខាន់ជួយក្រុមនេះទទួលជ័យជម្នះជាមួយកីឡាករជើងចាស់ Clement Grenier ផងដែរ។
គ្រូបង្វឹកក្លិប Rennes លោក Julien Stephan និយាយថា កីឡាករ Camavinga ជាកីឡាករដំបូង នឹងក្មេងជាងគេទើបកើតនៅខែ មករា ឆ្នាំ ២០០២ ដែលបានលេងនៅលីកកំពូលទាំង ៥ នៅតំបន់អឺរ៉ុបនោះ បានបន្តបង្ហាញទម្រង់លេងយ៉ាងល្អតាំងពីចូលរួមការប្រកួតក្រុមដំបូងរបស់រូបគេកាលពីខែមេសា។
គ្រូបង្វឹករូបនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Canal+ ថា៖ «វាមានរយៈពេលជាង ៦ ខែ ដែលគាត់បាននឹងកំពុងហ្វឹកហាត់ជាមួយកីឡាករអាជីពជាច្រើនទៀត។ គាត់មានទំនាក់ទំនងល្អជាមួយក្លិបនេះ»។
លោក Stephan បានបន្ថែមថា៖ «យើងបានរៀបចំឲ្យគាត់នៅជាមួយកីឡាករ បុគ្គលិក និងក្លិបទាំងមូលដើម្បីឲ្យគាត់អាចមានទំនាក់ទំនងល្អជាមួយពួកគេ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «គាត់បានចាប់ផ្ដើមធ្វើវានៅចុងបញ្ចប់នៃរដូវកាលមុន ហើយគាត់កំពុងបង្ហាញពីទេពកោសល្យទាំងអស់ដែលយើងគិតថា គាត់មាននៅពេលចាប់ផ្ដើមនៃរដូវកាលនេះ»។
ខ្សែការពារ Thiago Silva របស់ក្លិប PSG បានទទួលស្គាល់ថា ក្រុមរបស់គាត់បានអស់កម្លាំងក្រោយពីមានការចាប់ផ្ដើមល្អតាមរយៈការស៊ុតបញ្ចូលទីរបស់កីឡាករ Cavani រួចមក។
ខ្សែការពាររូបនេះបានប្រាប់ Canal+ ថា៖ «យើងបានចាប់ផ្ដើមល្អប៉ុន្តែយើងបានបន្ធូរដៃបន្តិច ហើយខ្ញុំក៏មិនដឹងពីមូលហេតុដែលធ្វើឲ្យយើងបាត់ម្ចាស់ការ និងចាញ់ការប្រកួតនេះទេ»។
ខ្សែការពារ Silva បន្តថា៖ «វាមិនមែនជាក្លិប PSG ពិតទេព្រោះក្រុម Rennes លេងបានល្អជាពិសេសខ្សែការពារពួកគេរឹងមាំ និងប្រយ័ត្នប្រយែងជាងយើង»។
នេះជាការបរាជ័យលើកដំបូងតាំងពីចាប់ផ្ដើមរដូវកាល Ligue 1 ដែលលើកទី១ បានឈ្នះក្រុម Nimes ៣-០ កាលពីថ្ងៃទី ១២ ខែ សីហា ហើយឥឡូវក្រុម PSG កំពុងមាន ៣ ពិន្ទុ និងស្ថិតនៅចំណាត់ថ្នាក់ទី៨ ខណៈក្រុម Rennes មាន ៦ ពិន្ទុ និងស្ថិតនៅចំណាត់ថ្នាក់ទី ២ ក្រោមក្រុម Lyon ក្នុងក្របខ័ណ្ឌ Ligue 1៕ AFP/SN