ភ្នំពេញ: កីឡាករយុគ យក្សផ្លែ បានសុំចុះចាញ់កីឡាករថៃ Theap Kao នៅត្រឹមទឹកទី ៤ ខណៈដែលកីឡាករឡុង ជិន បានបន្តឈ្នះដើម្បីទទួលបាន ៣ ពិន្ទុ ក្នុងការប្រកួតប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៥៧ គីឡូក្រាមសង្វៀនអាស៊ីអាគ្នេយ៍ កាលពីល្ងាចថ្ងៃសៅរ៍។
ក្រោយពីលទ្ធផលទាំងនេះ ឡុង ជិន នៅឈរជើងក្នុងលំដាប់លេខ ១ ក្នុងពូលបណ្តោះអាសន្នសិន ដោយរង់ចាំលទ្ធផលការប្រកួតរបស់ សេរីវ៉ាន់ថង ជាមួយកីឡាករថៃ Phat Thou នៅសប្តាហ៍ក្រោយ។
ជាមួយគ្នានេះ គូប្រដាល់មិត្តភាពអន្តរជាតិកម្ពុជា-ថៃ បានបញ្ចប់ដ៏គួរឲ្យចាប់អារម្មណ៍ ខណៈដែលរឿង សោភ័ណ្ឌ បានផ្តួលកីឡាករចំណូលថ្មីថៃ Thut Tidath ដោយកណ្តាប់ដៃឲ្យសន្លប់ក្នុងទឹកទី ៣។
គិតមកដល់វគ្គជម្រុះចុងក្រោយនេះ ឡុង ជិន មាន ១២ ពិន្ទុនៅលើកំពូលតារាង ហើយកីឡាករចំនួន ២ នាក់ទៀតមានយក្សផ្លែ និងធន់ មករា ត្រូវអស់ឱកាសដោយគ្មានពិន្ទុអាចប្រៀបធៀបជាមួយកីឡាករផ្សេងបាន ពីព្រោះពួកគេសុទ្ធតែទទួលលទ្ធផលចាញ់ ១ លើកដូចគ្នា។ ឡុង ជិន ឈ្នះ ៤ ប្រកួត ក្នុងនោះផ្តួលដៃគូឲ្យសន្លប់ ២ លើក ឈ្នះពិន្ទុ ១ លើក ឈ្នះដោយស្វ័យប្រវត្តិ ១ លើក ហើយរូបគេកំពុងឈក្នុងលំដាប់លេខ ១ បណ្តោះអាសន្ន ដោយតាមពីក្រោយដោយកីឡាករមកពីខេត្តបាត់ដំបង ឈុត សេរីវ៉ាន់ថង ដែលឈ្នះ ៣ លើក និងនៅសល់ការប្រកួត ១ លើកទៀតក្នុងដៃ។
បើគិតតាមរូបមន្តប្រកួតវិលជុំ និងបូកសរុបតាមលក្ខខណ្ឌបច្ចេកទេសនោះ ឈុត សេរីវ៉ាន់ថង ក៏មានឱកាសឡើងបានដែរក្នុងករណីរូបគេផ្តួលដៃគូកីឡាករថៃ Phat Thou ឲ្យសន្លប់រយៈពេលក្រោម ១ នាទី និង ២០ វិនាទី ក្នុងទឹកទី ៣ ក្នុងការប្រកួតជម្រុះចុងក្រោយរបស់ខ្លួន ពីព្រោះកាលពីជុំទី ៣ ឈុតសេរីវ៉ាន់ថង បានផ្តួល Phat Seila កាលពីថ្ងៃទី ១៤ ខែកក្កដា ឲ្យសន្លប់ទឹកទី ១ លឿនជាងឡុង ជិន។
អ្នកស្រីឡុង រ៉ាវី អ្នកគ្រប់គ្រងកីឡាករឡុង ជិន បានអះអាងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យថា៖ «ខ្ញុំកំពុងតាមដានសកម្មភាពប្រកួតរបស់ពួកគេដោយខ្លាចក្រែងកីឡាករថៃ Phat Thou រូបនោះធ្វើពុតជាចាញ់ សេរីវ៉ាន់ថន មុនទឹកទី ៣ ឬក្រុមទីផ្សារងងឹតរៀបចំឈ្នះសន្លប់ជាមុននោះ ដែលនាំឲ្យសិស្សរបស់ខ្ញុំ ឡុង ជិន ទទួលរងការធ្លាក់ដោយអយុត្តិធម៌»។
អ្នកស្រីបានបន្តថា៖ «ខ្ញុំនិយាយនេះមិនមែនមិនទុកចិត្តគណៈកម្មការរៀបចំប្រកួតនោះទេ ប៉ុន្តែ ពេលខ្លះ ពួកឈ្មួញក្នុង មុខរបរភ្នាល់ក្រៅច្បាប់ មានឥទ្ធិពលអាចបង្វែរលទ្ធផលបាន»។
មន្ត្រីសហព័ន្ធសុំមិនឲ្យបញ្ចេញឈ្មោះម្នាក់ បាននិយាយថា៖ «មន្ត្រីបច្ចេកទេសគេកំពុងតាមដានរឿងនេះហើយ ហើយនិងផ្តល់យុត្តិធម៌ជូនកីឡាករស្មើៗគ្នាទាំងអស់ ដោយមិនរើសអើងឡើយ ពិសេសលក្ខខណ្ឌ និងច្បាប់ប្រកួត ពោលគឺគ្មានអ្នកណាមករំលោភបានឡើយ ដោយធានាជូន»៕