ភ្នំពេញ៖ ​កីឡាករ​អាយុ​ក្រោម ១៥ ឆ្នាំ ​ចំនួន ​២៥ នាក់ ​ទទួល​បាន​ឱកាស​ដ៏​ពិសេស​ក្នុង​ការ​វិវឌ្ឍ​ខ្លួន​ទៅ​ជា​កីឡាករ​អាជីព​នាពេល​អនាគត បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) ​សម្រេច​ជ្រើសរើស​យក​ទៅ​ចូល​រួម​ហ្វឹកហាត់ សិក្សា និង​ស្នាក់​នៅ​មជ្ឈមណ្ឌល និង​សាលា​បាល់ទាត់​ជាតិ នៅ​បាទី ក្នុង​ខេត្ត​តាកែវ នោះ។

យុវជន​ទាំង ​២៥ ​នាក់ ដែល​ត្រូវ​បាន FFC អនុញ្ញាត​ទៅ​ចូលរួម​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល និង​សាលា​បាល់​ទាត់​ជាតិ​បាទី ដោយ​មាន​ការ​រ៉ាប់រង​គ្រប់​បែប​យ៉ាង​​​នេះ គឺ​ដោយសារ​តែ​​ពួក​គេ​បាន​ជាប់​នៅ​ក្នុង​ការ​តេស្ត​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​ស្រប​ពេល ​FFC បាន​រំសាយ​ការ​ហ្វឹកហាត់​របស់​យុវជន ​១២ ​នាក់ ចេញ​ពី​សាលា​បាល់​ទាត់​ជាតិ​បាទី​នេះ ដែល​ដល់​អាយុ​កំណត់​ដែរ។

លោក កែវ សារ៉េត អគ្គលេខាធិការ​ FFC ​ថ្លែង​ថា៖ ​«កីឡាករ​ដែល​​អាច​ចូលរួម​ស្នាក់​នៅ សិក្សា និង​ហ្វឹកហាត់ នៅ​សាលា​កីឡា​បាល់​ទាត់​ជាតិ​ គឺ​បាន​ធ្វើ​ការ​ជ្រើសរើស​ចេញ​ពី​សាលា​តម្រង់​ទិស ​២៥ រាជធានី-ខេត្ត និង​តាម​បណ្តា​​ក្លិប​លីគ​កំពូល​កម្ពុជា»។

យ៉ាង​ណា​ក៏​ដោយ តាមរយៈ​ការ​ធ្វើ​តេស្ត​ទាំង​រត់​ល្បឿន​ខ្លី ល្បឿន​វែង លោត បណ្តើរ​បាល់ និង​ទាត់​បញ្ចូល​ទី​ ព្រម​​​ទាំង​​មាន​ការ ចែក​ជា​ក្រុម​លេង​តូចៗ ដើម្បី​មើល​ពី​បច្ចេកទេស និង​ភាព​រហ័ស​រហួន​របស់​​អ្នក​ធ្វើ​តេស្ត​នោះ គឺ​យុវជន​មក​ពី​តាម​បណ្តា​ក្លិប ដែល​លេង​នៅ​លីគ​កំពូល​កម្ពុជា មិន​បាន​ជាប់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ​២៥ ​នាក់​នេះ​​ទេ។

តាម​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ​២៥ នាក់​នេះ គឺ​មាន​តែ​ក្មេងៗ​មក​ពី​ខេត្ត​ចំនួន ​១៦ និង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ដែល​បាន​ជាប់ ចំពោះ​ការ​ធ្វើ​តេស្ត​ក្នុង​នោះ​មាន សុន ថាវិស៊ីវ, រុន ចុងមីង ខេត្ត កណ្តាល ទុំ សុផាត ខេត្ត​កោះកុង សឿន ផានិត ខេត្ត​កំពង់ធំ ធី វាសនា ខេត្ត​ប៉ៃលិន សុង រ៉ានុត ខេត្ត​ឧត្តរមានជ័យ ទ្រី ស៊ីណារិន, ទាំ មករា, ជុ ម៉ូត ខេត្ត​កំពង់ឆ្នាំង ខឿន គៀងវីរៈបុត្រ ខេត្ត​ស្វាយរៀង ស៊ូ ម៉េងហុង, សេង ឆាយរ៉ាយុទ្ធ ខេត្ត​កំពត សំអាត សុម៉ាលី ខេត្ត​កំពង់ចាម ទូច រ៉ាវី ខេត្ត​តាកែវ បេង សុវន, ប៊ន ម៉ៅ, អ៊ុក ដេវីន, នឿម សូនិក ខេត្ត​សៀមរាប អ៊ីត សូនី ខេត្ត​មណ្ឌលគិរី សួន មករា, ផុន ផុន តុលា ខេត្ត​រតនគិរី រូ ស៊ីធន់ រាជធានី​ភ្នំពេញ ញ៉ង ពន្លក, ប៊ុន វិសាលលី ខេត្ត​ស្ទឹងត្រែង និង វារ ដេវីត ខេត្ត​ក្រចេះ។

ដោយ​ឡែក ចំពោះ​យុវជន​ទាំង ​១២ ​នាក់ ដែល​ដល់​អាយុ​កំណត់ ហើយ​​ត្រូវ​បាន FFC ប្រកាស​រំសាយ​ចេញ​ពី​សាលា​បាល់ទាត់​ជាតិ​បាទី កាល​ពី​ថ្ងៃទី ​១៥ ខែ ​មករា ឆ្នាំ ​២០២១ កន្លង​មក​នេះ រួមមាន កីឡាករ រី លាភផេង, ជូ ស៊ីនទី, កយ សាលីម, តាំង ប៊ុនឆៃ, អ៊ីម នែន, ស្រួច ជីវណ្ណ, ភេម តៅសិញ, សេង សម្បត្តិ, ជា សុខម៉េង, ទួត សារ៉ូត, ធី លៀង និង ឈឹម ពេជពន្លឺ ប៉ុន្តែ​​អ្នក​ទាំង​អស់​នេះ សុទ្ធ​តែ​ត្រូវ​បាន​ក្លិប​លេង​នៅ​លីគ​កំពូល​កម្ពុជា​បាន​ទាក់ទង​រួច​រាល់​អស់​ហើយ៕