​​ ភ្នំពេញ៖ ក្រុម​យុវជន​ច្បាប់ ដែល​បាន​បាត់​បង់​​ឱកាស​ប្រជែង​យក​ពាន ក្នុង​ការ​​​ប្រកួត​​​លីក​ខ្មែរ​រៀល​អ៊ីស្ទេត លើក​ទី​ ៧ ឆ្នាំ​ ២០១៨ (Khmer Real Estate League 2018) ​ទៅ​ហើយ​នោះ បែរ​ជានៅ​មាន​​​​លទ្ធភាព​​អាច​បង្អាក់​ដំណើរ​​ក្រុម​ម្ចាស់​ជើង​ឯក Bayon Wanderes សម្រាប់​ការ​ប្រកួត​​ប្រចាំ​សប្តាហ៍ទី​ ១៦​ នេះ និង​ផ្តល់ឱកាស​ឲ្យ​ក្រុម​ Khmer United អាច​ឡើង​ទៅ​កាន់​លេខរៀងទី ​​២​​ ជា​ថ្មី​ម្តង​ទៀត ប៉ុន្តែ Avatar FC នៅ​តែ​បន្ត​ឈរ​លេខ ​១។

សម្រាប់​ការ​ប្រកួតសប្តាហ៍​ទី​ ១៦ ​កាល​ពី​ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ ក្រុម​យុវជន​ច្បាប់ បាន​ស្មើ ៤-៤ ជាមួយ​ក្រុម Bayon។

ការ​​ទទួល​បាន ​១ ពិន្ទុ ដើម្បី​មាន ​២៥ ពិន្ទុនេះ វា​មិន​បាន​ជួយ​ឲ្យ​ក្រុមយុវជន​ច្បាប់ ឡើង​ផុត​ពី​កលេខ ​​១០ ​នោះ​ទេ ប៉ុន្តែ​លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​​ក្រុម Bayon ​បាត់​បង់​ភាគ​រយ​មួយ​ផ្នែក ក្នុង​ការ​​ប្រជែង​យក​ពាន ដោយ​ពួក​គេ​បាន​ធ្លាក់​ពីលេខ​ ២ មក​ឈរ​នៅ​លេខ​​ ៣​ វិញ ដោយ​មាន​ ៤០ ​ពិន្ទុ។

ជាមួយ​លទ្ធផល​ការ​ប្រកួត​គូ​​នេះដែរ ​បាន​បើក​ផ្លូវ​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯករង​២សម័យ​កាល Khmer United ឡើង​ទៅ​ឈរ​នៅ​លេខ ​២ ​វិញ ដោយ​មាន ​៤២ ​ពិន្ទុ បន្ទាប់​ពី​ក្រុម​ធ្លាប់​ឈរ​នៅ​កំពូល​តារាង​​បាន​យូរ​ជាង​គេមួយនេះ បាន​លត់​ក្រុមខ្លាំង Blue Dragon រហូត​ដល់ ៩-២ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ។

​ការ​ឈ្នះ​បាន ​៣ ពិន្ទុ​របស់ Khmer United លើក​នេះ វា​ស្រប​ទៅ​តាម​ផែនការ​របស់​ក្រុម​មួយ​នេះ ក្នុងការ​ឆ្ពោះ​ទៅ​ប្រជែង​យក​ពាន នៅ​ឆ្នាំ​នេះ។

បើ​ទោះ​បីជា នៅ​សប្តាហ៍នេះ Avatar FC បាន​លត់​​ក្រុម Giant FC ៨-១ ដើម្បី​បន្ត​ឈរ​នៅលេខ​ ១ ដោយ​មាន​ ៤៣ ពិន្ទុ ប៉ុន្តែ​ Avatar នៅ​មិនទាន់​ប្រាកដ​ថា អាច​ការពារ​តំណែងនេះ រហូត​ដល់​ចប់​រដូវ​​កាល​នោះ​ទេ ព្រោះ​​ ​៣ ​ប្រកួត​ដែល​នៅសល់ Avatar ក៏​ត្រូវ​ជួប Khmer United ផង​ដែរ។

ផ្ទុយ​ពី​នេះក្រុមចម្រុះ​ដោយ​បរទេស Riel PP ​បាន​ធ្លាក់​ចេញ​ពី​លេខ​រៀងទី ​​៤ មក​ឈរ​នៅ​លេខ​ ៥​វិញ​ម្តង ដោយមាន​ ៣៤​ ពិន្ទុ​ដដែល ព្រោះ​នៅ​សប្តាហ៍នេះ ពួក​គេ​បានចាញ់​ក្រុម​បាសាក់ ៣-១។

ការ​ចាញ់​របស់ Riel PP លើក​នេះ បាន​បើក​ផ្លូវ​ឲ្យក្រុម​យុវជន​កំពង់ចាម ឡើង​ទៅ​ឈរ​នៅ​លេខ​ ៤​ វិញ ដោយ​មាន​ ៣៥ ​ពិន្ទុ ខណៈ​ពួក​គេ​បាន​ឈ្នះ​ ៣ ពិន្ទុ​បមន្ថែម ដោយ​ស្វ័យ​ប្រវត្តិ លើ​​ក្រុម​​កូនខ្មែរ ដែល​បាន​បោះ​បង់​ចោល​ការ​ប្រកួត​នោះ។

ចំណែក​ក្រុម​បាសាក់ បាន​ឡើង​មក​ពី​លេខ ​៧ មក​ឈរ​នៅ​លេខ ​​៦ ​វិញ ​ដោយមាន ​៣៣ ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​ Blue Dragon ដែល​បាន​ធ្លាក់​ពី​លេខ ​៥ ទៅ​ឈរ​នៅ​លេខ ​៧​។ រីឯ​​ទន្សោង​អេហ្វស៊ី បាន​បន្ត​ឈរ​នៅ​លេខ ​​៨ ដោយមាន​ ៣១​ ពិន្ទុ ព្រោះគូ​ប្រកួត​របស់​ពួក​គេ Anvaya FC បាន​បោះ​បង់​ចោលការ​ប្រកួត នាំ​ឲ្យ​ក្រុម​ទន្សោង​អេហ្វស៊ី ទទួល​បាន ​៣ ពិន្ទុ​ ដោយ​មិន​ចាំ​បាច់​ប្រកួត។

ស្រដៀង​គ្នា​នេះ ក្រុម​ RFL បាន​​យក​ឈ្នះ​ក្រុម Mambo PP ៣-១ ដើម្បី​បន្ត​ឈរ​នៅ​លេខ ​​៩ មាន​ ​២៧ ​ពិន្ទុ លើ​ក្រុម​យុវជន​ច្បាប់ ចំណែក​ក្រុម​​យុវជ​តាំង​គោក បាន​លត់​ក្រុម​យុវជន​ស្នោ ១១-២ ដើម្បី​មាន​ ១២ ពិន្ទុ។

ប៉ុន្តែ​ជំនួប​រវាង​ក្រុម​អាណាចក្រ​បៃ​តង និង​​ក្រុម​យុវជន​វត្ត​កោះ ត្រូវបាន​លប់​ចោល ដោយ​សារ​ក្រុមទាំង​២​នេះ មិន​បាន​បង្ហាញ​វត្ត​មាន នៅ​លើ​ទី​លាន​ដូច​គ្នា ហើយ​​ក្រុម V.Train ក៏​បាន​បោះ​បង់​ចោល​ការ​ប្រកួតដែរ ​ធ្វើ​ឲ្យ​ក្រុម HHK ទទួល​បាន​ ៣ ពិន្ទុ ដោយ​ស្វ័យ​ប្រវត្តិ ដើម្បី​មាន ​​១៦ ​ពិន្ទុ៕