ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន បាន​ជំរុញ និង​លើក​ទឹក​ចិត្ត​ឱ្យ​គ្រូ​អប់រំ​កាយ និង​កីឡា ចំនួន ​២៥១ នាក់ ដែល​ទើប​បាន​​បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រូ​បង្រៀន​កម្រិត​មូលដ្ឋាន​ឯកទេស​អប់រំ​កាយ និង​កីឡា ជំនាន់​ទី​២៧ និង​ជំនាន់​ទី​២៨ នៃ​វិទ្យាស្ថាន​ជាតិ​អប់រំកាយ និង​កីឡា​នោះ ត្រូវ​យក​​ចំណេះដឹង​ដែល​ខ្លួន​ទទួល​បាន​ទៅ​ចូលរួម​ជួយ​បណ្តុះបណ្តាល​ថ្នាល​កីឡា​ជំនាន់​ក្រោយ នៅ​តាម​គ្រឹះស្ថាន​សិក្សា​នានា​ក្នុង​​ប្រទេស​​កម្ពុជា។​

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ ជូន​គ្រូ​បង្រៀន​កម្រិត​មូលដ្ឋាន​ឯកទេស​អប់រំ​កាយ និង​កីឡា ជំនាន់​ទី​២៧ (ឆ្នាំ​២០១៨-២០១៩) និង​ជំនាន់​ទី​២៨ (ឆ្នាំ​២០១៩-២០២០) សរុប​ចំនួន ​២៥១ នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ លោក ហង់ជួន ណារ៉ុន បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់​ទៅ​លើ​វិទ្យាស្ថានជាតិ​អប់រំ​កាយ និង​កីឡា ដែល​​ខិតខំ​ប្រឹងប្រែង​បណ្តុះបណ្តាល​​បាន​ធនធាន​មនុស្ស​ជា​គ្រូ​អប់រំ​កាយ និង​កីឡា ទាំង ​២៥១ នាក់។

លោក​រដ្ឋមន្រ្តី​បាន​ថ្លែង​​ថា៖​ «ខ្ញុំ​សូម​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ការងារ​ថ្មីៗ​នេះ របស់​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា រួម​ទាំង​លោក​គ្រូ​ អ្នក​គ្រូ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន ប្រកប​ដោយ​ជោគជ័យ​ក្នុង​ការ​ជួយ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​វិស័យ​អប់រំ​កាយ និង​កីឡា ហើយ​ពួក​គាត់​នឹង​ក្លាយ​ជា​ធនធាន​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ដើរ​ស្រប​គ្នា​ជាមួយ​នឹង​គោល​នយោបាយ​ជាតិ ផែន​ការ​យុទ្ធសាស្រ្ត​វិស័យ​អប់រំ​កាយ និង​កីឡា និង​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ការងារ​អប់រំកាយ និង​កីឡា»។

ជាមួយ​គ្នា​នេះ លោក ណារ៉ុន បាន​លើក​ទឹក​ចិត្ត​ឱ្យ​គ្រូៗ​ទាំង​នោះ​ ត្រូវ​ចូលរួម​ជួយ​បណ្តុះ​ថ្នាល​កីឡា នៅ​តាម​គ្រឹះស្ថាន​សិក្សា។ ​«ខ្ញុំ​សង្ឃឹម​ថា លោកគ្រូ និង​អ្នកគ្រូ ដែល​បាន​បញ្ចប់​ការ​សិក្សា ត្រូវ​យក​ចំណេះ​ដឹង​ទទួល​បាន​នៅ​ទីនេះ ទៅ​អនុវត្ត​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​​ការ​ហាត់​ហ្វឹកហ្វឺន​ក្នុង​ការ​​លើក​កម្ពស់​ប្រភេទ​កីឡា​ផ្សេងៗ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​នៅ​កម្ពុជា គឺ​ធ្វើ​យ៉ាង​ណា​ត្រូវ​​បណ្តុះ​ថ្នាល​កីឡាករ កីឡា​ការិនី​ជំនាន់​ក្រោយ​ឱ្យ​បាន​លទ្ធផល​ល្អ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កសាង​ធនធាន​មនុស្ស​ដោយ​គុណភាព និង​ប្រសិទ្ធ​ភាព ដែល​ក្លាយ​ជា​សសរ​ទ្រូង​អភិវឌ្ឍ​ប្រទេស​​ជាតិ»។

ចំណែក​លោក Mikami Masahiro ឯកអគ្គ​រាជទូត​ប្រទេស​ជប៉ុន ​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នោះ តំណាង​ឱ្យ​អង្គការ JICA និង​អង្គការ​បេះដូង​មាស បាន​ថ្លែង​ថា៖ ​«ខ្ញុំ​សូម​ចូលរួម​អបអរ​អស់​ពី​ដួង​ចិត្ត​ដល់​ក្មួយៗ​ទាំង​អស់​គ្នា ដែល​បាន​សម្រេច​គោលដៅ​សំខាន់​មួយ នៅ​ក្នុង​ជីវិត​របស់​ក្មួយៗ ហើយ​ខ្ញុំ​ជឿជាក់​ថា អ្វី​ដែល​ក្មួយៗ​បាន​សិក្សា​នៅ​ក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំកាយ និង​កីឡា នឹង​ក្លាយ​ជា​ទ្រព្យ​សម្បត្តិ ដ៏​មាន​តម្លៃ ដែល​គ្មាន​អ្វី​អាច​មក​ប្រៀប​ផ្ទឹម​បាន អ៊ីចឹង​ក្មួយៗ​គួរ​តែ​មាន​មោទនភាព ចំពោះ​អ្វី​ដែល​ខ្លួន​បាន​សម្រេច»។

លោក Mikami Masahiro ក៏​មាន​ការ​ជឿជាក់​ដែរ​ថា គ្រូ​អប់រំ​កាយ​ និង​កីឡា​ទាំង​ ​២៥១ ​នាក់​នេះ នឹង​អាច​បំពេញ​ភារកិច្ច ដែល​ថ្នាក់​លើ​បាន​ដាក់​ឱ្យ​គឺ​ការ​ជួយ​បណ្តុះ​ថ្នាល​កីឡា​ជំនាន់​ក្រោយ​នៅ​តាម​គ្រឹះស្ថាន​សិក្សា។ លោក​​បញ្ជាក់​ថា៖​ «ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា លោកគ្រូ អ្នក​គ្រូ ទាំង​អស់ ដែល​កំពុង​ជួប​ជុំ​គ្នា នៅ​ទីនេះ នឹង​បំពេញ​ភារកិច្ច និង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ព្រម​ទាំង​ព្យាយាម​ជម្នះ​រាល់​ឧបសគ្គ ដោយ​ប្រើប្រាស់​នូវ​​បទពិសោធ និង​ចំណេះ​ដឹង ដែល​អ្នក​​ទាំង​អស់​គ្នា​ទទួល​បាន​នៅ​វិទ្យាស្ថានជាតិ​អប់រំកាយ និង​កីឡា ហើយ​ខ្ញុំ​ចង់​​ឱ្យ​អ្នក​ទាំង​អស់​គ្នា​ក្លាយ​ជា​គ្រូ ដែល​គួរ​ឱ្យ​កោត​សរសើរ»៕