ភ្នំពេញ: កីឡាករ​ប្រដាល់​ចិត្តធំ​មកពី​ក្លិប​មោងឫស្សី​ខេត្ត​បាត់ដំបង សរ រាជសីហ៍ ដែល​បាត់​មុខ​ពី​សង្វៀន​ជិត​កន្លះ​ឆ្នាំ​មក​នោះ បាន​ឡើង​ប្រកួត​ជាថ្មី​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ដើម្បី​ផ្តួល​កីឡាករ​ជើង​ខ្លាំង Ser Gei មក​ពី​កៀហ្ស៊ី​ស៊ីស្ថាន ត្រឹម​ទឹក​ទី ៣ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍ ក្នុង​កម្មវិធី Boostrong Fighter on Fire និង​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ទស្សនា។

កម្មវិធី​ប្រកួត Boostrong Fighter on Fire ដែលមាន​គោលដៅ​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​រវាង​ជើង​ខ្លាំង​កម្ពុជា ជាមួយ​កីឡាករ​ភាគ​ច្រើន​មក​ពី​អឺរ៉ុប នោះ បាន​ផ្តល់​នូវ​ការ​ទាក់​ទាញ​ខ្លាំង ខណៈ​ដែល​អ្នក​រៀបចំ​ការ​ប្រកួត ត្រូវ​បាន​អះអាង​ប្រាប់​ថា មាន​ការ​ប្លែក​អារម្មណ៍​ជាង​ប្រកួត​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ។

ក្នុងការ​ប្រកួត​ដ៏​ជក់ចិត្ត​នៅ ២ ទឹក​ដំបូង កីឡា​ករសរ រាជសីហ៍ បាន​ទទួល​រង​នូវ​ស្នៀត​កណ្តាប់​ដៃ​ធ្ងន់ៗ​របស់​កីឡាករ​ជើង​ខ្លាំង Ser Gei។

សរ រាជសីហ៍ នៅ​តែ​ព្យាយាម​ចូល​ឱប​ឡើង​ជង្គង់ និង​ទាត់​ជើង​ក្រោម ប៉ុន្តែ​មើល​ទៅ​ទំនង​ដូច​ចូល​ឲ្យ​គេ​វាយ​ប៉ុណ្ណោះ។ លុះ​ដល់​ចុង​ទឹក​ទី ២ សរ រាជសីហ៍ ដណ្តើម​យក​ការ​មាន​ប្រៀប​ឡើង​វិញ​ដោយ​មាន​ឱកាស​ឡើង​ក្បាច់​ជង្គង់​បាន​ខ្លះ និង​ប្តូរ​ស្នៀត​កែង​មុខ​កាណូត ដែល​បណ្តាល​ឲ្យ​កីឡាករ Ser Gei វង្វេង​វង្វាន់ ខណៈ​អាជ្ញាកណ្តាល​លោក​ឡុង វិបុល បាន​រាប់​ចំនួន ៨ ទៅ​លើក Ser Gei មុន​នឹង​បន្ត​ការ​ប្រកួត​ទៀត។

ការប្រកួត​បាន​បន្ត​ដល់​ទៅ​ទឹក​ទី ៣ ខណៈដែល​សរ រាជសីហ៍ ហាក់បីដូចជា​មានឱកាស​កាន់តែ​ល្អ​ដោយ​ចូល​កៀក ដើម្បី​លេង​ក្បាច់​ជង្គង់​បាន​ល្អ និង​ធ្វើ​ឲ្យ Ser Gei ស្ថិត​ក្នុង​បញ្ហា​លំបាក​ទប់ទល់ និង​បាន​ដួល​ទៅ​លើ​សង្វៀន​ជា​ញឹក​ញាប់ ហើយ​អាជ្ញា​កណ្តាល​លោក​ឡុង វិបុល បាន​បន្ត​រាប់​ចំនួន ២ លើក​ទៀត ក្នុង​ទឹក​ទី ៣។ ក្រោយ​ពី​បាន​បន្ត​ការ​ប្រកួត​ដែល​មើល​ទៅ​ហាក់បី​ដូចជា​អស់​លទ្ធភាព​តដៃ​នោះ លោក​អាជ្ញាកណ្តាល​បាន​បញ្ឈប់​តែ​ម្តង។

កីឡាករ Ser Gei នៅតែ​មិន​អស់ចិត្ត និង​បាន​តវ៉ា​ពី​ការបញ្ឈប់​នេះ ប៉ុន្តែ ទាំង​គ្រូបង្វឹក ទាំង​ប្រតិភូ​នាំ​កីឡាករ​បរទេស​គឺ​លោក​ថៃ អ៊ូ បាន​បញ្ជាក់​ថា៖ «បើ​បន្ត​ឲ្យ​ប្រកួត​ទៀត​អាច​នឹង​ទទួល​រង​គ្រោះ​ថ្នាក់​ខ្លាំង ពីព្រោះ​កីឡាករ​បរទេស​នេះ​ក្រៅ​ពី​កណ្តាប់ដៃ មិន​ចេះ​ស្នៀត​ការពារ​ទេ ដោយ រាជសីហ៍ អាច​ឡើង​ជង្គង់​ដល់​មុខ​ឯណោះ»។

សរ រាជសីហ៍ បានផ្តល់​បទសម្ភាស​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍ ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​ភ្លាមៗ​ថា៖ «ជ័យជម្នះ​នេះ​គឺ​បើក​ផ្លូវ​ឲ្យ​ខ្ញុំ​មាន​ទីផ្សារ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ឡើង​វិញ បន្ទាប់​ពី​ខកខាន​ការ​ប្រកួត​ប្រហែល ៥ ខែ​កន្លង​មក ដែល​ធ្វើ​ឲ្យ​ជីវភាព​លំបាក​សឹង​តែ​ដាច់​បាយ​ម្តង​ម្កាល»។

សរ រាជសីហ៍ បាន​ប្រាប់​បន្តថា៖ «ការខកខាន​ការប្រកួត​គឺ​បណ្តាលមកពី​ចាប់​គូប្រកួត​មិនបាន​ដោយសារ ទី ១ ខ្ញុំ​ឡើង​ទម្ងន់​ដល់ ៧៥ គីឡូក្រាម ទី ២ មួយរយៈ​ចុង​ក្រោយ ខ្ញុំ​ប្រកួត​ចាញ់​ញឹកញាប់ និង​ទី ៣ ខ្ញុំ​វាយ​មិន​សូវ​ល្អ​ដោយ​បញ្ហា​សុខភាព និង​កម្លាំង​ធ្លាក់​ចុះ​ជាង​មុនៗ ហើយ​ការ​ហ្វឹកហាត់​មិន​សូវ​បាន​ល្អ​ផង​ដែរ»។

ក្រោយ​ការប្រកួត​នេះ រាជសីហ៍ បាន​រំពឹងថា៖ «ខ្ញុំ​សង្ឃឹមថា នឹងមាន​សង្វៀន​ផ្សេងៗ​ទទួល​យក​ខ្ញុំ​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​បន្ត​ក្នុង​ប្រភេទ​ទម្ងន់ ៧៥ គីឡូក្រាម»។

បើ​យោងទៅតាម​ប្រវត្តិ​របស់​កីឡា​ករសរ រាជសីហ៍ រូបគេ​ធ្លាប់​ប៉ះ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ច្រើន​ណាស់​មាន​ដូចជា រឿង សោភ័ណ្ឌ, ឡុង សុភី, ម៉ឺន សុភា និង​អ៊ុំ ចំរើន ជាដើម ក្នុង​នោះ​ធ្លាប់​ចូល​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជាច្រើន​លើក ប៉ុន្តែ​បាន​ចំណាត់​ថ្នាក់​ត្រឹម​លេខ ២ ឬ​ជើង​ឯក​រង​ប៉ុណ្ណោះ។ សរ រាជសីហ៍ បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «បច្ចុប្បន្ន ខ្ញុំ​មាន​ប្រពន្ធ និង​កូន ២ នាក់​ហើយ នៅ​ក្នុង​ចំណោម​បង​ប្អូន​បង្កើត ៦ នាក់»។

រាជសីហ៍ មាន​ប្អូនបង្កើត​ម្នាក់ទៀត​ជាប់​ជា​កីឡាករ​គុន​ខ្មែរ​ជម្រើសជាតិ​ថ្នាល​គឺ​កីឡាករ​សរ សូ ដែល​មាន​ប្រភព​មក​ពី​ក្លិប​មោង​ឫស្សី​ខេត្ត​បាត់ដំបង​ដូចគ្នា។ ក្រៅ​ពី​ប្រដាល់ រាជសីហ៍ ធ្វើ​ស្រែ​ចម្ការ​បន្តិច​បន្តួច​ដើម្បី​បំពេញ​ជីវភាព​សាមញ្ញ​នៅ​ខេត្ត​បាត់ដំបង។

ចំណែក​ប្រវត្តិ​ប្រកួត​ពិត​របស់​សរ រាជសីហ៍ រូបគេ​ប្រកួត​បាន​ចំនួន ៦៦ លើក ឈ្នះ ៥៣ លើក ចាញ់ ១៣ លើក ក្នុង​នោះ​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន ១៦ លើក៕