ភ្នំពេញ៖ ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មាន​សមត្ថភាព​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ រិន ​ដេវីដ ​មក​ពី​ក្លិប​នាគ​រាជ​ចតុមុខ​ ដែល​កំពុង​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ​នឹង​ត្រូវ​​ប្រកួត​ជាមួយ​​កីឡាករ​មាន​បទពិសោធ​ល្អ​ ​រឿន ​សុខលី របស់​​ក្លិប​យុវជន​ពន្លក​ថ្មី​ព្រែក​ឯង នៅ​ថ្ងៃសៅរ៍​ ខាង​មុខ​នេះ ដើម្បី​រក​អ្នក​ឈ្នះ​នៅ​ក្នុង​វគ្គ​ជម្រុះ​នៃ​ការ​ប្រកួត​ពាន​រង្វាន់ TV5 Boxing ​Knock Out Series Cellcard Champion។​

សម្រាប់​​ការ​ប្រកួត​ក្នុង​ទម្ងន់ ​៥៤ គ.ក្រ ​ដែល​មាន​តែ ​៣ ​ទឹក​នេះ​ គេ​មិន​ទាន់​ដឹង​ថា​ នរណា​ជា​អ្នក​មាន​លទ្ធភាព​យក​ឈ្នះ​​បាន​ឡើង​ទៅ​វគ្គ​បន្ត​នោះ​ឡើយ​ ព្រោះ​សមត្ថភាព​កីឡាករ​ រិន ដេរីដ និង រឿន សុខលី ​សុទ្ធ​តែ​​ល្អ​ដូច​គ្នា ​និង​​ត្រូវ​ការ​ឈ្នះ​ដូចគ្នា ​ដើម្បី​ឆ្លង​ទៅ​វគ្គ ​៨ នាក់​ចុង​ក្រោយ ​​ប៉ុន្តែ​ រិន​ ដេវីដ ​ប្តេជ្ញា​យក​ឈ្នះ​ឲ្យ​បាន​។

រិន ​ដេវីដ ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ​រឿន ​សុខលី ​បន្តិច ​តែ​ក្បាច់​​គុន ​និង​ទឹក​ចិត្ត​ប្រកួត ​គឺ​មោះមុត​ដូច​គ្នា​ ពិសេស​ការ​ឈាន​ចូល​មក​ក្រុម​ជម្រើស​ជាតិ ​ដោយ​ប្រើ​​សមត្ថភាព​ខ្លាំង​ពិតៗ​ ហើយ​ជើង​ចាស់​មួយ​ចំនួន​បាន​ចាញ់​ជា​បន្ត​បន្ទាប់​។ ​អាវុធ​សំខាន់​របស់ ​រិន ​ដេវីដ មាន​កែង​ ជង្គង់​ល្អ​ និង​វ៉ៃ​បាន​គ្រប់​ស្ថានភាព​ ខណៈ​កីឡាករ​រូប​នេះ ធ្លាប់​ប្រកួត ​៥៧​ ​ឈ្នះ ​៤៣ ​​ចាញ់ ១២ ​និង​ស្មើ​ពិន្ទុ ​២ ​ដង​។​

ចំណែក ​រឿន​ សុខលី​ ​ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ចាស់​ច្រើន​ និង​មាន​សមត្ថភាព​ល្អ​ ប៉ុន្តែ​មាន​ឱកាស​ឡើង​សង្វៀន​មិន​ទៀង​ទាត់ គឺ​​យូរៗ​ឃើញ​ម្តង​។ ​សុខលី​ ជា​អ្នក​​ប្រដាល់​ ដែល​មាន​កល​ល្បិច​ខ្ពស់​ ព្រម​ទាំង​មាន​ទេពកោសល្យ​ប្រើ​ជង្គង់​ ​និង​កែង​បាន​រហ័ស​ ស៊ូ​បំផុត​ ហើយ​ក្នុង​ការ​ប្រកួត​​ ​៤០ ដង សុខលី ​ឈ្នះ ៣០ ​ដង ​ចាញ់ ៩ និង​ស្មើ​ពិន្ទុ ១ ដង​។​

ការ​វិល​មក​ជួបគ្នា​រវាង រឿន​ សុខលី​ និង ​រិន ​ដេវីដ ​នេះ​លំបាក​ទស្សន៍​ទាយ​ ប៉ុន្តែ​ រិន​ ដេវីដ​កំពុង​តែ​មាន​កម្លាំង​ល្អ​ណាស់​ក្នុង​ការ​ប្រកួត ​៣ ​ទឹក ​គឺ​អាច​មាន​ប្រៀប​ជាង​ ​ព្រោះ​កម្លាំង​របស់​គេ​មិន​ងាយ​ស្រុត​ចុះ​ទេ​ ហើយ​ក្នុង​ទម្ងន់ ​៥៤ ​គីឡូក្រាម​​នេះ រិន ដេវីដ ​ល្អ​ដាច់​គេ គឺ​​សូម្បី​តែ​ ពេជ្រ​ ប៊ុនសិដ្ឋ​ ដែល​ទើប​ឡើង​ជើង ក៏​សុំ​ខ្លាច​ រិន​ ដេវីដ​ ព្រោះ​ការ​ប្រកួត ​៣ ​លើក​ ចាញ់​ទាំង ​៣ ​លើក​។

រិន ​ដេវីដ បាន​​និយាយ​ថា​៖ «​គេ​ជើង​ចាស់​ជាង​ខ្ញុំ ​ប៉ុន្តែ​ក្នុង​ការ​ប្រកួត ​៣ ​ទឹក ​ខ្ញុំ​មាន​កម្លាំង​គ្រប់គ្រាន់​ ដើម្បី​យក​ឈ្នះ​ឲ្យ​បាន​។​ អ្វី​ដែល​ខ្ញុំ​មិន​បារម្ភ ​គឺ​ខ្ញុំ​ហាត់​ជា​ប្រចាំ​ត្រៀម​បាន​គ្រប់គ្រាន់​ ដោយ​​សង្ឃឹម​ឈ្នះ ​៧០ ​ភាគរយ​»។​

ចំណែក​លោក ​ម៉ាង ​ម៉ន ​គ្រូ​បង្វឹក​ សុខលី ​និយាយ​ថា​៖ ​«គូ​នេះ​លំបាក​ទស្សន៍​ទាយ​ណាស់​ ​ព្រោះ​ស្នៀត​ប្រយុទ្ធ ​គឺ​មាន​អាវុធ​ចេញ​ល្អ​ដូច​គ្នា ​ប៉ុន្តែ​វា​ស៊ីសង​លើ​ការ​ប្រកួត​ជាក់​ស្តែង​ក្នុង​ការ​ផ្លាស់​ប្តូរ​ល្បិច​ប្រកួត ​ឬ​ចាប់​ចំណុច​ខ្សោយ​ពី​ដៃគូ​។​ ទោះ​​យ៉ាង​ណា​ ក៏​មិន​អាច​ឈ្នះ​ក្នុង​លក្ខណៈ​ស៊ី​ស្រួល​ដែរ​ ​ព្រោះ​ សុខលី ​​ហាត់​បាន​ល្អ​ដែរ ​នឹង​​ត្រូវ​ការ​ឈ្នះ​ដូច​គ្នា ​គឺ​មិន​បន្ធូរ​ដៃ​នោះ​ទេ»​។

យ៉ាង​នេះ​ក្តី​ការ​ទស្សន៍ទាយ​ក្រៅ​ផ្លូវ​ការ​ពី​ក្រុម​ភ្នាល់​លុយ​តាម​តូប​កាហ្វេ​ ចាប់​ផ្តើម​មាន​ហាង​ឆេង​ទីផ្សារ​ងងឹត ​គឺ​ឈ្មួញ​យក​ រិន ​ដេវីដ ត​ឲ្យ ​រឿង​ រឿន សុខ​លី​ ១០ ​ស៊ី ​៧ ​ប៉ុណ្ណោះ​។​ ក្រៅ​ពី​​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ ក៏​មាន​គូ​ចាប់​អារម្មណ៍​ខ្លាំង​មួយ​ទៀត​ ដែល​ជា​ការ​ជួប​គ្នា​រវាង ទូច ដេវីដ​ ​និង ភួង ពិសិដ្ឋ ក្នុង​ទម្ងន់ ​៦០ គ.ក្រ។

សម្រាប់​ការ​ជួប​គ្នា​រវាង​អ្នក​ទាំង ២ ​នេះ ជា​ការ​​ប្រកួត​សង​សឹក ​ព្រោះ​ ពិសិដ្ឋ​ ធ្លាប់​ឈ្នះ​ ដេវីដ​ ដោយ​ពិន្ទុ​ទាំង​វេទនា​ភ្នែក​។ ​ក្បាច់​ប្រកួត​​របស់ ទូច​ ដេវីដ​ ជំនាញ​កណ្តាប់​ដៃ​ ឯ​ ពិសិដ្ឋ​ ជំនាញ​ជង្គង់​ ហើយ​ការ​ចាញ់ ​ឬ​ឈ្នះ ​សម្រាប់​គូ​នេះ ​សុទ្ធ​ក្នុង​លក្ខណៈ​មិន​អាច​ព្យាករ​បាន​មុន​ទេ​ ដោយ​​ពួក​គេ​ប្រកួត​សម្រុក​វ៉ៃ​តាម​បច្ចេទេស​៕​