ក្រុង​ម៉ាឌ្រីដ៖ ក្រុម​អធិរាជ​ស Real Madrid យក​ឈ្នះ​ក្រុម​ហង្ស​ក្រហម Liverpool ក្នុង​ការ​ប្រកួត​ជើង​ទី១ នៃ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​នៅ​ក្របខ័ណ្ឌ Champions League កាល​ពី​យប់​ថ្ងៃ​អង្គារ។ AFP ផ្នែក​កីឡា​សម្លឹង​ឃើញ​រឿង ៣ យ៉ាង ដែល​យើង​ដឹង​ពី​ការ​ធ្វើ​សង្គ្រាម​លើ​វាលស្មៅ​រវាង​ក្លិប​យក្ស ២ នៅ​អឺរ៉ុប​នា​ប្រទេស​អេស្ប៉ាញ ​នេះ។

គ្មាន​ការ​សងសឹក តែ Salah ឱ្យ Liverpool មាន​សង្ឃឹម:

Mohamed Salah បាន​ពើប​ប្រទះ​នូវ​ពេលវេលា​ដ៏​ឈឺ​ចាប់​បំផុត​នៃ​អាជីព អំឡុង​ការ​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ Champions League នេះ ក្នុង​ឆ្នាំ ២០១៨ ដែល Liverpool ចាញ់ Real ៣-១។

ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អេហ្ស៊ីប Salah បាន​ដើរ​ចេញ​ពី​ទីលាន​ទាំង​ទឹកភ្នែក ព្រោះ​ត្រូវ​ប្ដូរ​ចេញ​ដោយសារ​ភ្លាត់​ស្មា បន្ទាប់​ពី​ការ​ជែង​ធ្ងន់ធ្ងរ​ពី​ខ្សែ​ការពារ Sergio Ramos របស់ Real។

ដូច្នេះ ពេល Liverpool មាន​ឱកាស​ជួប​គូសត្រូវ​ចាស់ Real លើក​ដំបូង គិត​តាំង​ពី​រាត្រី​ដ៏​ជូរចត់​នៅ​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន​ នោះ វា​គឺ​ជា​រឿង​ចៀស​មិន​រួច​ទេ ដែល​ការ​ប្រឈម​គ្នា​នេះ នឹង​ក្លាយ​ជា​ការ​ប្រកួត​សងសឹក​សម្រាប់ Salah។

តែ​ការ​អវត្តមាន​របស់​ប្រធាន​ក្រុម Ramos ដោយសារ​របួស​ធ្វើ​គម្រោង​ផែនការ​នេះ អត់​ទៅ​តាម​ការ​គិត​ទុក ហើយ​អម​ដោយ​ទម្រង់​លេង​ធ្លាក់ចុះ​របស់ Liverpool ផង បង្ហាញ​យ៉ាងច្បាស់​ថា នឹង​គ្មាន​ការ​សងសឹក​សម្រាប់ Salah ឡើយ។

យ៉ាងណា​ក៏ដោយ ពេល​ក្រុម​ហង្ស​ក្រហម​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ​នាំមុខ ២-០ Salah វ័យ ២៨ ឆ្នាំ បាន​ផ្ដល់​ក្ដី​សង្ឃឹម​ដ៏​ស្ដួចស្ដើង​សម្រាប់​ក្រុម​នៅ​នាទី​ទី៥១ ដោយ​ការ​ស៊ុត​បញ្ចូល​ទី​បាន ១ គ្រាប់ ដែល​ជា​គ្រាប់​បាល់​ក្រៅ​ទឹកដី​ដ៏​មាន​តម្លៃ សម្រាប់​យក​ទៅ​តទល់​នៅ​ជើង​ទី២។

ក្រុម Real តបស្នង​ចំពោះ​ការ​ទុក​ចិត្ត​របស់ Zidane:

អ្នក​ចាត់ការ​ក្រុម Real លោក Zinedine Zidane មិន​កែប្រែ​ក្រុម​របស់​លោក ដែល​ទទួល​ការ​រិះគន់​ទាំង​មិន​សមហេតុ​សមផល​ពេញ ១ រដូវកាល ខណៈ​ក្រុម​នៅ​មាន​សង្ឃឹម​នៅ​ឡើយ​ក្នុង​ការ​ឈ្នះ​ទាំង​ពាន La Liga និង Champions League។

ទោះ Real មិនមែន​ជា​ក្រុម​ដ៏​មាន​ថាមពល ដែល​ពួក​គេ​មាន​ក្នុង​ថ្ងៃ​ដ៏​ជោគជ័យ កាល​ពី​ជំនាន់ Cristiano Ronaldo ក៏ដោយ ក៏​លោក Zidane នៅ​តែ​ទុក​ចិត្ត​លើ​កីឡាករ​របស់​លោក ដោយ​និយាយ​នៅ​សប្ដាហ៍​នេះ​ថា៖ «នៅ​ទីបំផុត យើង​សម​នឹង​បាន​ទទួល​នូវ​ការ​ជឿជាក់»។

លោក Zidane បាន​បន្ថែម​ថា៖ «តាមរយៈ​ប្រវត្តិសាស្ត្រ​ក្រុម​នេះ កែប្រែ​គ្រប់​យ៉ាង ដែល​ត្រូវ​បាន​និយាយ។ យើង​មិន​បោះបង់​ដាច់ខាត។ ពេល​មាន​ឱកាស យើង​តែង​ខំ​ប្រយុទ្ធ​ជានិច្ច»។

ការ​ប្រថុយ​ដាក់ Keita គឺ​ខុស​ទាំង​ស្រុង:

ការ​សម្រេច​របស់​លោក Jurgen Klopp ក្នុង​ដាក់​ឱ្យ Naby Keita លេង​ជម្រើស​ដំបូង​ជំនួស Thiago Alcantara ជា​រឿង​ខុស​យ៉ាង​ធ្ងន់ធ្ងរ ទោះ​អ្នក​ចាត់ការ​ក្រុម Liverpool បាន​ប្ដូរ​ខ្សែ​បម្រើ​សញ្ជាតិ​ហ្គីណេ​ចេញ​វិញ មុន​ចប់​វគ្គ​ទី១ ក៏​ដោយ។

Keita វ័យ ២៦ ឆ្នាំ ដែល​បង្ហាញ​ខ្លួន​ជា​លើក​ទី២ នៅ​អឺរ៉ុប​នា​រដូវកាល​នេះ មិនសូវ​បាន​លេង​ទៀងទាត់​ឡើយ តាំង​ពី​មក​ចូលរួម​ជាមួយ Liverpool ក្នុង​ឆ្នាំ ២០១៨ ដោយ​ចាកចេញ​ពី RB Leipzig តែ​លោក Klopp យល់​ថា សមត្ថភាព​បណ្ដើរ​បាល់ និង​កម្លាំង​របស់​គេ​នឹង​មាន​ប្រយោជន៍​ក្នុង​ការ​ទប់ទល់​នឹង​តាក់ទិក​លេង​ការពារ​របស់​ក្រុម Real៕ AFP/VN