ភ្នំពេញៈ អ្នកប្រដាល់ លី តឿន មកពីក្លិបមកុដរាជសីហ៍នៃសមាគមប្រដាល់ក្រសួងមហាផ្ទៃបានឈ្នះជើងឯកម៉ារ៉ាតុងនៅសង្វៀនបាយ័នក្នុងទម្ងន់ ៦០ គីឡូក្រាមកាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីផ្តួលកីឡាករក្នុងទម្ងន់ដូចគ្នាឲ្យសន្លប់ចំនួន ២ នាក់ផ្ទួនៗក្នុងការប្រកួតជម្រុះម៉ារ៉ាតុងដែលគ្រោងចំនួន ៨ ទឹកនោះ។
ជ័យជម្នះរបស់ លី តឿន លើកនេះពិតជាមានការភ្ញាក់ផ្អើលខ្លាំងដោយសារតែក្នុងអាជីពប្រដាល់រយៈពេល ១០ ឆ្នាំមិនដែលស្គាល់រសជាតិឈ្នះបានជើងឯកម្តង និងមិនធ្លាប់ទទួលបានឱកាសប្រកួតជាមួយកីឡាករមកពីបរទេសម្តងណាឡើយ។ នៅក្នុងអាជីពប្រដាល់រយៈពេល ១០ ឆ្នាំ លី តឿន បានអះអាងថារូបគេបានត្រឹមតែគូឯករងម្តងម្កាលដោយបញ្ហាការផ្គូផ្គងរបស់គណៈកម្មការប្រកួតមើលមិនឃើញ ឬមិនយឹតយោងអ្នកប្រដាល់ជំនាន់ក្រោយឲ្យបានគ្រប់ជ្រុងជ្រោយនោះឡើយ។
លី តឿន បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ក្រោយពេលឈ្នះជើងឯកនៅសង្វៀនបាយ័នថា៖ «នេះជាជ័យជម្នះលើកទីមួយរបស់ខ្ញុំ ដែលមិនធ្លាប់ដណ្តើមបានសោះ ក្នុងនាមជាអ្នកប្រដាល់គុនខ្មែរប្រហែល ១០ ឆ្នាំហើយជ័យជម្នះរបស់ខ្ញុំលើកនេះមានការប្រកួតចំនួន ២ លើកលក្ខណៈម៉ារ៉ាតុងគឺវគ្គជម្រុះចំនួន ៣ ទឹក និងបន្តឈានចូលវគ្គផ្តាច់ព្រ័ត្រភ្លាមៗចំនួន ៥ ទឹកតែម្តង»។
តាមរយៈការប្រកួតនោះ លី តឿន បានផ្តួលកីឡាករ អៀប លីឆា មកពីក្លិបដំបងដែកមានរិទ្ធខេត្តព្រៃវែងឲ្យសន្លប់ទឹកទី ១ ដោយទាត់ចូលឆ្អឹងជំនីរនៅក្នុងវគ្គជម្រុះ ហើយការឡើងទៅជួបកីឡាករជើងខ្លាំង អេភូថង អេអាំងម៉ារិន្ទ គឺ លី លឿន បានប្រើក្បាច់ទាត់ដដែលក្នុងការផ្តួលកូនប្រុសរបស់លោក អេ ភូថង ម្នាក់នេះឲ្យសន្លប់នៅក្នុងទឹកទី ១ ដើម្បីទទួលបានពានអមដោយទឹកប្រាក់ចំនួន ១ លានរៀល។
លី តឿន បានបន្ថែមថា៖ «តាមការកត់សម្គាល់គឺការប្រកួតរបស់ខ្ញុំ បើមិនផ្តួលដៃគូឲ្យសន្លប់ទេ មិនងាយនឹងទទួលបានជ័យជម្នះនោះឡើយ ពិសេសជាងនេះប្រសិនបើឈ្នះដៃគូត្រឹមពិន្ទុបន្តិចបន្តួចវិញគឺគ្មានសង្ឃឹមគេលើកដៃឲ្យឈ្នះឡើយ ប៉ុន្តែអ្នកប្រដាល់ជំនាន់ខ្ញុំ គេឡើងវ៉ៃគូអន្តរជាតិអស់ទៅហើយ»។
កីឡាករជាកូនកសិករមានស្រុកកំណើតនៅភូមិត្រពាំងព្រៃ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លី តឿន បានចូលហ្វឹកហាត់ជាកីឡាករប្រដាល់លើកដំបូងនៅឆ្នាំ ២០០៨ ជាមួយលោកគ្រូ ប៉ាវ គឹមអាន នៅក្លិបមិត្តប៉ូលិស ហើយជាបន្តបន្ទាប់បានផ្លាស់មកនៅក្លិបមកុដរាជសីហ៍នៃសមាគមប្រដាល់ក្រសួងមហាផ្ទៃ។
លី តឿន បានបន្តថា៖ «ក្នុងប្រវត្តិប្រកួតតាមខេត្ត និងជាកម្មករដើររៀបដំឡើងសង្វៀនប្រដាល់តាមខេត្ត ខ្ញុំបានឡើងប្រកួតជាង ១០០ ដង តែមិនដែលស្គាល់រសជាតិឈ្នះពាន ឬខ្សែក្រវាត់ម្តងណាទេ ហើយក៏មិនដែលបានប្រកួតជាមួយកីឡាករបរទេសណានោះដែរ គឺទើបតែពេលនេះទេដែលខ្ញុំបានឈ្នះពានប្រចាំសង្វៀនបាយ័នក្នុងទម្ងន់ ៦០ គីឡូក្រាម។ បន្ទាប់ពីឈ្នះពានលើកនេះខ្ញុំនឹងប្រឹងហាត់បន្តដើម្បីទទួលបានឱកាសប្រកួតជាមួយកីឡាករបរទេស ក្នុងពេលខាងមុខ»។
បច្ចុប្បន្នកីឡាករ លី តឿន មានអាយុ ២៧ ឆ្នាំ ទម្ងន់ ៦០ គីឡូក្រាមឆ្លងកាត់ការប្រកួតសរុបទាំងតាមខេត្តនានាបានចំនួន ១២០ ដង ឈ្នះ ៨០ ចាញ់ ៣៧ ស្មើ ៣ និងធ្លាប់ឈ្នះបានចំណាត់ថ្នាក់លេខ ២ ជម្រើសជាតិ ឆ្នាំ ២០០៩ ក្នុងទម្ងន់ ៥៧ គីឡូក្រាមម្តង។ ក្រៅពីនេះការប្រកួតរបស់ លី តឿន គឺបានចាញ់ និងឈ្នះក្នុងកម្រិតគូដែលមានតម្លៃខ្លួន ១ លើកត្រឹម ៣០ ម៉ឺនរៀលប៉ុណ្ណោះក្នុង ១ ប្រកួត។
កីឡាករដែលមានកូន ២ នាក់តែប្រពន្ធបានរត់ចោលដោយសារតែគ្មានមុខរបរអ្វីក្រៅពីការឡើងប្រដាល់ លី តឿន បានបញ្ជាក់ថា៖ «ខ្ញុំមានជីវភាពក្រីក្របំផុត ប៉ុន្តែខ្ញុំនៅតែស្រឡាញ់មុខរបរប្រដាល់នេះ ទោះបីជាតម្លៃខ្លួនប្រកួតរបស់ខ្ញុំតិចក៏ដោយ ហើយសម្រាប់អនាគតខ្ញុំចង់ឈានទៅប្រកួតជាមួយគូអន្តរជាតិ និងសុំឲ្យអ៊ំៗខាងសហព័ន្ធប្រដាល់មេត្តាជួយចាប់គូឲ្យខ្ញុំផង»៕