ក្រុង​​មី​ឡាន: លោក Carlo Ancelotti បាន​សន្យា​ថា នឹង​បញ្ចប់​ការ​រង់​ចាំ​រយៈ​ពេល​២៨​ឆ្នាំ​របស់​ក្រុម Napoli សម្រាប់​ការ​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Serie A ក្រោយ​ពី​​លោក​ត្រូវ​បាន​តែង​តាំង​ជំនួស​លោក Maurizio Sarri ក្នុង​នាម​ជា​គ្រូបង្វឹក​​ថ្មី​របស់​ក្លិប​​អ៊ី​តាលី​​មួយនេះ ក្នុង​កិច្ច​សន្យា​រយៈ​ពេល​៣​ឆ្នាំ​ កាល​ពី​ថ្ងៃ​ពុធ​។

លោក Ancelotti ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ក្លិប Bayern Munich កាល​ពី​ខែ​កញ្ញា​នោះ ចូល​កាន់​តំណែង ក្រោយពី​លោក Sarri ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញពី​​កីឡដ្ឋាន San Paolo បន្ទាប់​ពី​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ នៅ​លើ​តារាង​ក្រប​ខ័ណ្ឌ Serie A ពីក្រោយ​ក្រុម Juventus​។

Napoli មិន​ធ្លាប់​បាន​​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Serie A សោះ​ ចាប់​តាំងពី​ថ្ងៃ​ដែល​​អតីត​តា​រាឆ្នើម​​អា​ហ្សង់​ទីន Diego Maradona បាន​ជួយ​ឲ្យ​ពួក​គេ​ឈ្នះ​ពាន​តែ​២លើក​របស់​ពួក​គេ​កាល​ពីឆ្នាំ​១៩៨៧ និង​ឆ្នាំ​១៩៩០​។

លោក Ancelotti បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅលើ​គេហ​ទំ​ព័រ​​ផ្ទាល់​ខ្លួន​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​វិល​ទៅ​កាន់​ប្រទេស​របស់​ខ្ញុំ​វិញ និង​​ទៅ​​កាន់​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រទេស​អ៊ី​តាលី​។ គោល​បំណង​គឺ​ការ​គ្រប់​គ្រង​​ពាន Scudetto ក្រោយពី​រយៈ​ពេល​២៨​ឆ្នាំ​។ យើង​ពិត​ជា​រំភើប​ចំពោះ​ការ​ប្រជែង​នេះ និង​ត្រៀម​រួច​រាល់​ក្នុង​ការ​បើក​ទំ​ព័រ​ថ្មី​ក្នុង​កីឡា​បាល់​ទាត់​»​៕ IS

លោក Carlo Ancelotti សន្យា​ថា នឹង​បញ្ចប់​ការ​រង់​ចាំ​របស់​ក្រុម Napoli ក្នុង​​ការ​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Serie A​។ AFP