ក្រុងប៉ារីស: រយៈពេល២ថ្ងៃ ក្រោយពីការរងបរាជ័យដ៏អាម៉ាសកាលពីពេលថ្មីៗនេះ លោក Joachim Loew គ្រូបង្វឹកនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ហាក់ដូចជាត្រៀមខ្លួនរួចរាល់ នៅពេលដែលលោកបានជួបជាមួយនឹងក្រុមបណ្តាញសារព័ត៌មាន កាលពីថ្ងៃចន្ទ នៅមុនពេលការប្រកួតជាមួយនឹងក្រុមជម្រើសជាតិបារាំង។
នៅមុនពេលការប្រកួតក្នុងយុទ្ធនាការ Nations League ជាមួយនឹងក្រុមម្ចាស់ជើងឯកពិភពលោក នាកីឡដ្ឋាន Stade de France នៅរាត្រីនេះ លោក Loew បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ខ្ញុំអាចដោះស្រាយការរិះគន់បានយ៉ាងល្អ»។
ក្រោយពីក្រុមរបស់លោកបានរងបរាជ័យក្នុងលទ្ធផល ៣-០ ក្រោមស្នាដៃក្រុមជម្រើសជាតិហូឡង់ កាលពីថ្ងៃសៅរ៍ លោក Loew ហាក់ដូចជាមានការខឹងសម្បា និងស្មុគស្មាញ ខណៈដែលលោកបានបដិសេធក្នុងការឆ្លើយតបទៅនឹងសំណួរផ្សេងៗពីសំណាក់បណ្តាញសារព័ត៌មានអាល្លឺម៉ង់ អំពីអនាគតរបស់លោក។
ការបរាជ័យនោះ បានធ្វើឲ្យក្រុមអាល្លឺម៉ង់ ស្ថិតនៅបាតតារាងនៃពូលក្នុងការប្រកួត Nations League របស់ខ្លួន ដែលនាំឲ្យសំណួរជាច្រើនថា លោកគួរតែរក្សាការងាររបស់លោក ឬយ៉ាងណា ក្រោយពីការធ្លាក់ចេញពី World Cup យ៉ាងឆាប់រហ័ស។
លោក Loew បាននិយាយកាលពីថ្ងៃចន្ទថា៖ «ពិតណាស់ ការបរាជ័យនៅហូឡង់ បានផ្តល់ការខូចខាតជាច្រើន ពោលគឺដល់បុគ្គលិក កីឡាករ និងអ្នកគាំទ្រភាគច្រើន។ វាពិតជាមិនបានផ្តល់ការភ្ញាក់ផ្អើលដល់ខ្ញុំឡើយ។ ក្រោយពី World Cup វាជាដំណើរការមួយដែលយើងត្រូវតែគ្រប់គ្រង។ វានឹងមានការខកចិត្ត ឬការបរាជ័យជាច្រើន។ ខ្ញុំមិនភ្ញាក់ផ្អើលចំពោះលទ្ធផលនោះឡើយ»។
ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕ IS