ភ្នំពេញៈ អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​ប៊ែវើ​រិ​ជី​ស លោក ភីតធើរ លាង (Peter) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន​ជីប ម៉ុង នោះ បាន​ដក់​ចិត្ត​កាន់​តែ​ជ្រៅ ទៅ​ក្នុង​ការ​ចូលរួម​លេង​កីឡា និង​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា ហើយ​នៅ​ពេល​នេះ បុរស​ជន​ជាតិ​ខ្មែរ​វ័យ ៣៨ ឆ្នាំ​រូបនេះ កំពុង​តែ​ជំរុញ​ឲ្យ​ក្រុម​ការងារ​របស់​លោក ធ្វើការ​ស្ទាប​ស្ទង់​ទៅ​លើ​សមត្ថភាព​ពិត​របស់​ក្រុម​អត្តពលិក​នៅ​កម្ពុជា ដែល​អាច​ប្រកួត​លើ​ប្រភេទ​កីឡា ៣ ក្នុង​ពេល​តែ​មួយ ដើម្បី​លោក​អាច​ឈាន​ទៅ​ដល់​ការ​បង្កើត​នូវ​ព្រឹត្តិការណ៍​កីឡា​ថ្មី​មួយ​ឈ្មោះ​ថា Ironman។

ការបង្ហាញ​មហិច្ឆតា ក្នុងការ​ជំរុញ​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍ Ironman ដែល​អត្ត​ពលិក​ម្នាក់ៗ​ត្រូវ​ធ្វើ​ឲ្យ​បាន នូវ​ការ​ហែល​ទឹក​ចម្ងាយ ៣,៨៦ គីឡូម៉ែត្រ រួច​ជិះ​កង់​ចម្ងាយ ១៨០ គីឡូម៉ែត្រ និង​ចុង​ក្រោយ​ត្រូវ​រត់​ចម្ងាយ ៤២ គីឡូម៉ែត្រ​ទៀត​នោះ គឺ​លោក Peter បាន​ប្រាប់​ឲ្យ​ដឹង បន្ទាប់​ពី​លោក​ធ្វើ​បាន​សម្រេច នូវ​ការ​តាំង​ចិត្ត​ជិះ​កង់ ចម្ងាយ ១១៧ គីឡូម៉ែត្រ ក្នុង​កម្មវិធី​ជិះ​កង់ ដើម្បី​កុមារ និង​ការ​រត់​ចម្ងាយ ២១ គីឡូម៉ែត្រ នៅ​ក្នុង​ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង នៅ​អង្គរ កាល​ពី​ថ្ងៃ​អាទិត្យ។

លោក ភី​ត​ធើរ លាង បាន​ថ្លែងថា៖ «ដោយ​មើលឃើញ​ពី​ការកើនឡើង នូវ​ការចូលរួម​កម្មវិធី​កីឡា​រត់​ប្រណាំង​នេះ គួរ​ឲ្យ​កត់​សម្គាល់ ខ្ញុំ​និង​ក្រុម​ការងារ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក នឹង​ចាប់​ផ្តើម​រៀបចំ​ផែនការ​មើល​ទៅ​លើ​លទ្ធភាព ដែល​អាច​ទៅ​រួច ក្នុង​ការ​រៀបចំ​កម្មវិធី Ironman នៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​គោល​បំណង​សប្បុរស​ធម៌ និង លើក​ទឹកចិត្ត​ឲ្យ​ប្រជាជន​កម្ពុជា​ចូលរួម​លេង​កីឡា​ឲ្យ​បាន​ច្រើន និង​ដក​ស្រង់​បទពិសោធ​នូវ​អ្វី​ដែល​ថ្មី»។

ជុំវិញ​គម្រោង​នៃ​ការបង្កើត​ឲ្យ​មាននូវ​ព្រឹត្តិការណ៍ Ironman នេះ លោក Michael Sovann ដែល​ជា​ប្រធាន​ផ្នែក​កម្មវិធី នៃ​ក្រុមហ៊ុន​ខ្មែរ​ប៊ែវើ​រិជីស (Khmer Beverages) បាន​ប្រាប់​ថា ក្រុម​ការងារ​របស់​លោក នឹង​ត្រូវ​ទៅ​ពិភាក្សា និង​ធ្វើ​ការងារ​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​សហព័ន្ធ​កីឡា​ជាតិ ដែល​មាន​ជំនាញ​ខាង​នេះ ដើម្បី​រួមគ្នា​បង្កើត​នូវ​ព្រឹត្តិការណ៍​កីឡា​ថ្មី​មួយ​នេះ នៅ​កម្ពុជា។

លោក Michael បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា៖ «គិត​មកដល់​ពេល​នេះ យើង​នៅ​មិន​ទាន់​បាន​កំណត់​ពេលវេលា​ជាក់​លាក់ ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​នូវ​ឡើយ​ទេ ព្រោះ​យើង​ត្រូវការ​ពេល​វេលា​យូរ​ដែរ ក្នុង​ការ​ស្ទាប​ស្ទង់​មតិ​មើល​សិន ថា​តើ​នៅ​ស្រុក​ខ្មែរ​យើង​នេះ មាន​កីឡាករ​ប៉ុន្មាន​នាក់ អាច​ចូលរួម​កម្មវិធី​នេះ​បាន ដោយសារ Ironman ជា​កីឡា ដែល​ទាមទារ​ឲ្យ​អ្នក​ចូល​រួម មាន​សមត្ថភាព និង​កម្លាំង​កាយ​មាំមួន​ខ្លាំង​មែន​ទែន ដ្បិត​អី​ចម្ងាយ​នៃ​ការ​ហែល​ទឹក ជិះ​កង់ និង​រត់​ចម្ងាយ វា​ឆ្ងាយ​មែន​ទែន»។

យ៉ាងណាក៏ដោយ លោក Michael ដែលជា​អ្នក​និយម​ចូលចិត្ត​លេង​កីឡា​ប្រណាំង​កង់ និង​រត់​ចម្ងាយ​ដែរ​នោះ អះអាង​ថា ព្រឹត្តិការណ៍​ថ្មី​នេះ អាច​នឹង​កើត​មាន​ឡើង​នៅ​កម្ពុជា ព្រោះ​លោក ភីតធើរ លាង មាន​បំណង​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍ Ironman នេះ​យូរ​មក​ហើយ ហើយ​បើសិន​ជា​ព្រឹត្តិការណ៍​នេះ ដំណើរការ​ទៅ​ជោគ​ជ័យ ឬ​មាន​ការ​ទាក់​ទាញ​ខ្លាំង នឹង​មាន​ការ​បើក​ឲ្យ​អត្តពលិក​មក​ពី​ប្រទេស​ផ្សេងៗ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ។

លោក Michael បញ្ជាក់ថា៖ «យើង​នៅមាន​ការបារម្ភ​ដែរ ទៅលើ​ចំនួន​កីឡាករ​ក្នុង​ស្រុក ដែល​មាន​សមត្ថភាព​ខ្លាំង អាច​នឹង​ចូលរួម​ការ​ប្រកួត​នេះ ប៉ុន្តែ​បើសិន​ជា​ការ​ស្ទាប​ស្ទង់​ឃើញ​ថា មាន​កីឡាករ​តិច​អាច​ចូលរួម​ព្រឹត្តិការណ៍​នេះ គឺ​យើង​អាច​បន្ថយ​នូវ​ចម្ងាយ​ហែល​ទឹក ជិះ​កង់ ឬ​រត់​ចម្ងាយ អ៊ីចឹង​ខ្ញុំ​គិត​ថា កម្មវិធី Ironman នេះ អាច​ធ្វើ​ទៅ​បាន និង​កើត​មាន​នៅ​ស្រុក​ខ្មែរ»។

កំលោះ​វ័យ ៣៥ ឆ្នាំ​រូបនេះ បន្ថែមថា៖ «ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រិ​ជី​ស មាន​លទ្ធភាព​ផ្នែក​ហិរញ្ញ​វត្ថ រៀបចំ​កម្មវិធី Ironman នេះ​បាន ចំណែក​ខាង​ធនធាន​បច្ចេកទេស យើង​នឹង​ធ្វើការ​ជាមួយ NOCC និង​សហព័ន្ធ​កីឡា​ជាតិ ហើយ​មហិច្ឆតា​ក្នុង​ការ​បង្កើត​កម្មវិធី Ironman នេះ គឺ ហ៊ា Peter គាត់​ចង់​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ថ្មី​នេះ​នៅ​ស្រុក​ខ្មែរ ក្នុង​គោល​បំណង​សប្បុរស​ធម៌ និង​ទាក់​ទាញ​ប្រជាជន​កម្ពុជា​លេង​កីឡា​ឲ្យ​បាន​ច្រើន ដើម្បី​សុខភាព ពិសេស​ជួយ​ពង្រឹង​សមត្ថភាព​អត្តពលិក​របស់​យើង​ឲ្យ​កាន់​ខ្លាំង ត្រៀម​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ផ្សេងៗ​តំណាង​ឲ្យ​ជាតិ»៕