ក្រុងម៉ាឌ្រីដ: លោក Zinedine Zidane គ្រូបង្វឹក​របស់​ក្រុម Real Madrid បាន​បញ្ជាក់​ប្រាប់​ក្លិប Liverpool ថា ក្រុម​របស់​លោក​មាន​ការ​ស្រេក​ឃ្លាន​ជាង​ក្នុងការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ Champions League បើ​ទោះបី​បាន​ឈ្នះ​ពាន ៣ ក្នុង​រយៈពេល ៤ ឆ្នាំ​ចុង​ក្រោយ​ក៏ដោយ។

Real នឹងត្រូវ​ធ្វើការ​ប្រជែង​ដើម្បី​ឈ្នះ​ពាន​ជា​លើក​ទី ៣ ជាប់ៗ​គ្នា​មិន​ធ្លាប់​មាន​ពី​មុន​មក ក្នុង​យុទ្ធនាការ​នេះ នៅ​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ ស្រប​ពេល​ក្រុម Liverpool បាន​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​លើក​ទី ១ បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០០៧។

លោក Zidane បាន​ឲ្យ​ដឹងថា៖ «គ្មាន​នរណាម្នាក់​អាច​យក​ការ​ស្រេក​ឃ្លាន​ចេញ​ពី​យើង​ឡើយ។ ខ្ញុំ​មិន​អាច​និយាយ ពី​គូ​ប្រកួត​ឡើយ ប៉ុន្តែ យើង​ចង់​សង្កាត់​ធ្ងន់​ថា យើង​នឹង​តែង​តែ​មាន​ការ​លើក​ទឹកចិត្ត​ដូចគ្នា។ គ្មាន​នរណា​ម្នាក់​អាច​ប្រាប់​យើង​ថា យើង​មាន​ការ​ស្រេក​ឃ្លាន​តិច​ជាង​គូ​ប្រកួត​ឡើយ»។

គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​ប្រាប់​បន្តថា៖ «យើង​គឺ​ក្រុម Real Madrid ហើយ​បើទោះបី​យើង​ឈ្នះ​ពាន​ច្រើន​ក៏ដោយ យើង​តែង​តែ​ចង់​ឈ្នះ​ពាន​បន្ថែម​ទៀត ហើយ​ត្រូវ​តែ​ប្រឹង​អស់​ពី​សមត្ថភាព​ក្នុង​ការ​ឈ្នះ​ពាន​បន្ថែម​ទៀត»។

បទពិសោធ​របស់​ក្រុម Real ក្នុង​ក្របខ័ណ្ឌ Champions League បាន​ស្ថិតក្នុង​កម្រិត​ដ៏​ជ្រៅ បើ​ធៀប​ទៅ​នឹង​ក្រុម Liverpool ដែល​មិន​មាន​សូម្បី​តែ​កីឡាករ​ម្នាក់​ក្នុង​ការ​ឈាន​ដល់​ដំណាក់កាល​នេះ​កាល ពី​មុន។

លោក Zidane ក៏​សម្រេច​បាន​នូវ​សមិទ្ធផល​ផ្ទាល់​ខ្លួន​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ ក្រោយ​ពី​បា​នឈ្នះ​ពាន​ដ៏​ធំ​បំផុត​ក្នុង​កីឡា​បាល់ទាត់​កម្រិត​ក្លិប​មួយ​នេះ ចំនួន ៣ លើក​ក្នុង​នាម​ជា​កីឡាករ និង​ជា​អ្នក​ចាត់ការ​ទូទៅ។

ក្រុម Real ហ្វឹកហាត់ត្រៀម​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ។ AFP

លោក Zidane បាន​បញ្ជាក់​ថា៖ «វា​ពិតណាស់​ដែល​ខ្ញុំ​បាន​រស់នៅ​រយៈពេល ១៨ ឆ្នាំ​ក្នុង​នាម​ជា​កីឡាករ​ម្នាក់​ក្នុង​បន្ទប់​ផ្លាស់ប្តូរ​សម្លៀក​បំពាក់ ជាមួយ​នឹង​គ្រូបង្វឹក​ជាច្រើន ជាមួយ​នឹង​កីឡាករ​ជាច្រើន រួម​ជាមួយ​នឹង​ភាព​អាត្មា​និយម​ច្រើន​ដូច​ខ្ញុំ​អ៊ីចឹង។ ខ្ញុំ​ដឹង​ពី​បន្ទប់​ផ្លាស់ប្តូរ​សម្លៀក​បំពាក់ ហើយ​ខ្ញុំ​ដឹង​ពី​ចិត្ត​កីឡាករ​ម្នាក់ ហើយ​នោះ​គឺជា​រឿង​ដ៏​សំខាន់​សម្រាប់​ខ្ញុំ ប៉ុន្តែ វា​មិន​មែន​ជា​ចំណុច​ពិសេស​តែ ១ ឡើយ»។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ថា៖ «ខ្ញុំ​មិន​មែន​ជា​គ្រូបង្វឹក​ដ៏​ឆ្នើម​បំផុត​ឡើយ ប៉ុន្តែ ខ្ញុំ​មាន​ចំណុច​ជា​ច្រើន​ផ្សេង​ទៀត ដូចជា​ការ​ស្រេក​ឃ្លាន ការ​លើក​ទឹកចិត្ត​ជាដើម ហើយ​ចំណុច​ទាំង​នោះ​ពិត​ជា​មាន​តម្លៃ​ខ្លាំង​ជាង»។

អ្នកគាំទ្រ​ខ្លះ​បាន​ចាត់ទុក​ថា ការប្រកួត​នៅ​ចុង​សប្តាហ៍​នេះ គឺជា​ការ​ប្រជែង​រវាង​ខ្សែប្រយុទ្ធ Cristiano Ronaldo និង Mohamed Salah ប៉ុន្តែ នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា រូបគេ​នឹង​ផ្លាស់ប្តូរ Ronaldo ជាមួយ​នឹង​តារា​ឆ្នើម​របស់​ក្រុម Liverpool ឬ​យ៉ាង​ណា លោក Zidane បាន​ឆ្លើយ​ដោយ​សាមញ្ញ​ថា៖ «ទេ»។

ទាក់ទង​នឹង​ឥទ្ធិពល​របស់ Ronaldo ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ លោក Zidane បាន​ឲ្យ​ដឹងថា៖ «ឥទ្ធិពល​ច្រើន​បំផុត។ រូបគេ​ជា​កីឡាករ​ដ៏​ឆ្នើម​បំផុត ហេតុ​នេះ រូបគេ​នឹង​មាន​ឥទ្ធិពល​ដ៏​ច្រើន»៕