ភ្នំពេញ៖ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី១ ឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ ដើម្បីបន្តអាណត្តិថ្មីទី២ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីព្រឹកថ្ងៃចន្ទ ក្រោមវត្តមានសំខាន់ៗតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា NOCC ព្រមទាំងសមាជិកសហព័ន្ធ និងកីឡាករកីឡាការិនីជាច្រើននាក់ទៀត។
លោក សោម សុទ្ធរិទ្ធិពង្ស ជាអគ្គលេខាធិការសហព័ន្ធបានអានរបាយការណ៍ និងបង្ហាញសមិទ្ធផលអាណត្តិចាស់ ព្រមទាំងប្រកាសសមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ចំនួន ៩ រូប ក្នុងនោះលោក ថាង ហ្គោដុន ដែលជាប្រធានចាស់បានទទួលការគាំទ្រឱ្យធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មីនេះបន្តទៀត។
ទោះយ៉ាងណា លោក ថាង ហ្គោដុន ដែលជាអនុប្រធាន NOCC ផងនោះ មិនមានវត្តមានផ្ទាល់នៅក្នុងមហាសន្និបាតនេះទេ ដោយសារបញ្ហាកូវីដ ១៩ ប៉ុន្តែមហាសន្និបាតបានគាំទ្រលោកក្នុងសំឡេង ១០០ ភាគរយ។ ជាមួយគ្នានោះ អង្គមហាសន្និបាតសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានអនុម័តផ្តល់សេចក្តីទុកចិត្តដល់សមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួនសរុប ៨ នាក់ទៀត រួមមានលោក ថោង រដ្ឋសក្តិ អនុប្រធានទី១ លោក វ៉ាត់ ចំរើន អនុប្រធានទី២ លោក សោម សុទ្ធរិទ្ធិពង្ស ជាអគ្គលេខាធិការ និងកញ្ញា ងួន តរុណី ជាអគ្គហេរញ្ញិក ខណៈ ៤ រូបទៀតជាសមាជិក។
លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «ថ្វីដ្បិតតែលោកប្រធាន ថាង ហ្គោដុន ដែលបច្ចុប្បន្នស្ថិតនៅប្រទេសសិង្ហបុរី មិនបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងមហាសន្តិបាតនេះ ដោយសារវិបត្តិជំងឺកូវីដ ១៩ ប៉ុន្តែសហព័ន្ធមានឯកឧត្តម ថោង រដ្ឋសក្តិ ជាអនុប្រធានទី១ តែងតែប្រកាន់ជាប់នូវសាមគ្គីផ្ទៃក្នុងការសម្របសម្រួលបានល្អ ដើម្បីធ្វើសកម្មភាពបានល្អទាំងទៅលើរដ្ឋបាលបច្ចេកទេស និងការបំផុសអភិវឌ្ឍវិស័យកីឡាទូកក្តោងកម្ពុជា រួមទាំងសមាជិកប្រតិបត្តិទាំងអស់ ដោយមានការអនុញ្ញាតពីឯកឧត្តមប្រធានដូចគ្នាដែរ»។
លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ NOCC ផងនោះ បានថ្លែងបន្ថែមថា៖ «យើងមានលទ្ធភាពក្នុងការរៀបចំលក្ខណសម្បត្តិគ្រប់គ្រាន់តាមនីតិវិធីលក្ខន្តិកៈច្បាស់លាស់ ហើយសហព័ន្ធកីឡាទូកក្តោងកម្ពុជាកំពុងតែខិតខំ ពង្រឹងប្រភេទកីឡាអូឡាំពិកដ៏មានសក្តានុពលរបស់អន្តរជាតិមួយនេះ ឱ្យមានដំណើរការល្អទាក់ទាញ និងមានប្រជាប្រិយភាព ខណៈកន្លងមកសហព័ន្ធបានធ្វើសកម្មភាពច្រើន ដូចជាចូលរួមប្រកួតអន្តរជាតិ បញ្ជូនក្រុមជម្រើសជាតិទៅហ្វឹកហាត់នៅក្រៅប្រទេសជាច្រើនលើក។
លោកបានបន្ថែមទៀតថា៖ «ប្រភេទកីឡាទូកក្តោង ក៏មាននៅក្នុងបញ្ជីសម្រាប់ត្រៀមការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ ផងដែរ ហេតុនេះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) កំពុងជំរុញឱ្យសហព័ន្ធកីឡាទូកក្តោង មានការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសរបស់ក្រុមជម្រើសជាតិឱ្យកាន់តែល្អប្រសើរ ដើម្បីស្វែងរកនូវឧត្តមភាពក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣»៕