ភ្នំពេញ៖ ​វិបត្តិ​ជំងឺ​កូវីដ ​១៩ ជា​លក្ខណៈ​សកល​លោក​បាន​​​​ធ្វើ​ឲ្យ​អតីត​​កីឡាករ​បាល់ទាត់​ដ៏​ល្បីល្បាញ​របស់​កម្ពុជា ​លោក​ ប៉ែន​ ផាត ​ជាប់​គាំង និង​​​​បន្ត​រស់នៅ​ក្នុង​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ ទាំង​គ្មាន​ជម្រើស បើ​ទោះបី​ជា​ លោក​បាន​ផុត​កុងត្រា​ពី​តួនាទី​ជា​អ្នក​គ្រប់គ្រង​បច្ចេកទេស​របស់​សាលា​បាល់​ទាត់​ថ្នាល​ TKS Academy ​នៅ​ទីនោះ​តាំង​ពី​ខែ​មេសា ហើយ​មាន​បំណង​មក​លេង​ប្រទេស​កំណើត​ មុន​បន្ត​ទៅ​​ប្រទេស​បារាំង ជា​ផ្ទះ​របស់​លោក​​ក៏​ដោយ។

លោក ​ប៉ែន​ ផាត​ ដែល​បច្ចុប្បន្ន​មាន​អាយុ ​៧២ ​ឆ្នាំ​ទៅ​ហើយ​នោះ ​​បាន​ក្លាយ​​ជា​គ្រូ​បង្វឹក​បាល់ទាត់​ដ៏​ឆ្នើម ​១ ​រូប​ដ៏​មាន​បទពិសោធ​ ​ខណៈ​​ក្នុង​អំឡុង​​ទសវត្សរ៍ ៦០ ​និង ​៧០​ លោក​ជា​កីឡាករ​លេង​បាល់ទាត់​ឲ្យ​ប្រទេស​ថៃ ហើយ​​បន្ទាប់​មក​លោក​បាន​ទៅ​រស់នៅ​ និង​ធ្វើ​ជា​គ្រូ​បង្វឹក​ឲ្យ​សាលា​បាល់​ទាត់​កម្រិត​ថ្នាល​មួយ ​នៅ​ប្រទេស​បារាំង ​​ប៉ុន្តែ​​លោក​នៅ​តែ​មាន​ទំនាក់​ទំនង​លើ​វិស័យ​បាល​ទាត់​នៅ​កម្ពុជា​​។​

លោក​ ប៉ែន ​ផាត ​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​តាម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ចន្ទ​​ថា​៖ «​សាលា​បាល់ទាត់​ថ្នាល TKS ​Academy ​​នៅ​ខេត្ត​ឈុន​បុរី ​ប្រទេស​ថៃ ​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ខ្ញុំ​ ដើម្បី​ធ្វើ​គ្រូ​បង្វឹក​ផ្នែក​បច្ចេកទេស​នៅ​ទី​នោះ​ បាន​រយៈពេល ​៣ ​ឆ្នាំ​មក​ហើយ ​ដែល​ក្នុង​នោះ​ កិច្ច​សន្យា​ធ្វើ​ក្នុង​រយៈពេល​ ​៦ ​ខែ​ម្ដង​​ ប៉ុន្តែ​​ពេល​នេះ​កិច្ច​សន្យា​ ត្រូវ​បាន​ចប់​ជា​បណ្តោះអាសន្ន ​ស្រប​ពេល​ដែល​ជំងឺ​កូវីដ ​១៩​ មិន​ទាន់​បាន​បាត់​នាំ​ឲ្យ​កិច្ច​សន្យា​ មិន​អាច​បន្ត​​ទៀត​បាន ខណៈ​សាលា​នេះ​​ក៏​ត្រូវ​បាន​​បិទ​​ផង​ដែរ»​។​

លោក​បាន​​​បន្ត​ថា​៖ ​«លំនៅឋាន​អចិន្រ្តៃយ៍​របស់​ខ្ញុំ នៅ​​ឯ​ប្រទេស​បារាំង ​ដោយ​ខ្ញុំ​មាន​សញ្ជាតិ​បារាំង​ និង​ប្រទេស​កម្ពុជា​ ​ជា​ទី​កំណើត​របស់​ខ្ញុំ ​ដែល​ខ្ញុំ​នៅ​តែ​ចាត់​ទុក​ថា​ ជា​ផ្ទះ​របស់​ខ្ញុំ​ដោយ​​អាច​ចេញ​ចូល​បាន​។ ប៉ុន្តែ​​បញ្ហា​ជំងឺ​​កូវីដ​នេះ​ មិន​ទាន់​អនុញ្ញាត​ឲ្យ​ខ្ញុំ​មាន​ឱកាស​បាន​ទៅ​មាតុ​ប្រទេស​កម្ពុជា ​ឬ​ទៅ​ប្រទេស​បារាំង ​នោះ​ឡើយ ​គឺ​នាំ​ឲ្យ​ខ្ញុំ​គ្មាន​ការងារ​អ្វី​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ​»។

គួរ​រំឭក​​ថា​ ​លោក ​ប៉ែន ​ផាត​ ​បាន​ទៅ​រស់នៅ​ប្រទេស​ថៃ​តាំង​ពី​ឆ្នាំ ​១៩៧២​ ក្នុង​ពេល​ដែល​កម្ពុជា​មាន​សង្រ្គាម។ ​ក្នុង​រយៈពេល​នោះ លោក​បាន​​លេង​ឲ្យ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ថៃ ​ដែល​មាន​រហ័ស្ស​នាម​ថា​ «ពស់​កេង​កង»​ ហើយ​​លោក​ជា​​កីឡាករ​ឆ្នើម​របស់​​កម្ពុជា​តែ​ម្នាក់​គត់ ​ដែល​ធ្លាប់​លេង​បាល់​ជាមួយ​ស្តេច​បាល់​ទាត់​ប្រេស៊ីល ​Pele​។

អតីត​កីឡាករ​ដ៏​ឆ្នើម​រូប​នេះ បាន​បន្ត​ទៀត​ថា៖ ​«​​ខ្ញុំ​ចង់​វិល​ទៅ​​ស្រុក​ខ្មែរ ​ដើម្បី​ជួប​ជាមួយ​មិត្ត​ភក្តិ​ចាស់ៗ​ និង​ហូប​បាយ​ជាមួយ​គ្នា ​រំឭក​ពី​អនុស្សាវរីយ៍​កន្លង​មក ​ដែល​ធ្លាប់​ជា​អ្នក​កីឡា​ដូច​គ្នា ​បន្ទាប់​មក​ខ្ញុំ​ចង់​ត្រឡប់​ទៅ​កាន់​ប្រទេស​បារាំង ​វិញ ​ដើម្បី​រង់ចាំ​ទទួល​កិច្ច​សន្យា​ថ្មី ​ប៉ុន្តែ​មិន​ដឹង​ថា ​ពេល​ណា​គេ​បើក​វិញ​ទេ​»​។

ទាក់ទង​នឹង​ជីវភាព​រស់នៅ​ក្នុង​ពេល​​​ជាប់​គាំង​នៅ​ប្រទេស​ថៃ ​នេះ ​​លោក ​ប៉ែន​ ផាត បាន​ឆ្លើយ​តប​ថា​៖ «​ពេល​កិច្ច​សន្យា​បញ្ចប់ ខ្ញុំ​គ្មាន​​​ប្រាក់​ឈ្នួល​​ទៀត​ទេ ​ប៉ុន្តែ​ក្នុង​មនោសញ្ចេតនា គឺ​ខាង​សាលា TKS ​Academy ​បាន​​ជួយ​ខ្ញុំ​ ត្រឹម​ហូប​ចុក ​ស្នាក់​នៅ ​ជា​បណ្តោះ​អាសន្ន​ដោយ​រង់ចាំ​ជំងឺ​​ឆ្លង​ស្ងប់ស្ងាត់ ​គេ​បើក​ផ្លូវ​ហោះហើរ​ចេញ​ចូល​បាន​សិន ​ទើប​ខ្ញុំ​មាន​ឱកាស​ទៅ​ស្រុក​ខ្មែរ»​៕​