ភ្នំពេញ៖ អតីត​អ្នក​ប្រដាល់​សកល ​ហ៊ិន ​សៃហេង ​ដែល​បច្ចុប្បន្ន​មាន​មុខ​របរ​ជា​ចៅក្រម​អាជ្ញា​កណ្តាល​ ព្រម​ទាំង​ជា​រត់​ម៉ូតូ​កង់​បី​ និង​ជា​មន្ត្រី​នគរបាល​ផង​នោះ​ ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ផ្សារ​ភ្ជាប់​ជាមួយ​សកម្មភាព​ប្រដាល់ ​និង​ចង់​ប្រជែង​ធ្វើ​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ផ្នែក​ប្រដាល់​សកល​ ខណៈ​លោក​​មាន​បទពិសោធ​ជា​កីឡាករ​ជម្រើស​ជាតិ​អស់​រយៈពេល​ ​១០ ​ឆ្នាំ ដោយ​​ទទួល​បាន​មេដាយ​សំរឹទ្ធ​ចំនួន ​៣ ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​ជូន​ជាតិ​​។​

បំណង​ប្រាថ្នា​របស់​អតីត​អ្នក​ប្រដាល់​សកល​ ហ៊ិន សៃហេង ​ក្រោយ​ពេល​ដែល​ឆ្លង​ផុត​ចេញ​ពី​ជីវភាព​កីឡាករ​នោះ​ បច្ចុប្បន្ន​នៅ​តែ​មាន​ឆន្ទៈ​ចង់​ប្រជែង​យក​តំណែង​គ្រូ​បង្គោល ​ឬ​គ្រូ​ជំនួយ​ប្រដាល់​សកល ​ប៉ុន្តែ​ឱកាស​នៅ​សល់​តូច​ចង្អៀត ​ស្រប​ពេល​ដែល​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​ត្រូវ​បាន ហ៊ិន ​សៃ​ហេង​ អះអាង​ថា ​ធ្លាប់​ចូល​ប្រកួត​ប្រជែង​តាមរយៈ​ការ​បោះ​ឆ្នោត​ជាប់ ​ ប៉ុន្តែ​មិន​ដឹង​ជា​នៅ​​ខ្វះ​ចំណុច​ត្រង់​ណា ​ទើប​លោក​មិន​ដែល​ទទួល​បាន​ឱកាស​ជា​គ្រូ​ជម្រើស​ជាតិ​ ម្តង​ណា​សោះ​ឡើយ​។​

លោក ហ៊ិន ​សៃ​ហេង ​បាន​​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ ថា​៖ ​«​ខ្ញុំ​ជាប់​ជម្រើស​ជាតិ​ តាំង​ពី​មាន​ប្រាក់​ខែ ​១២ ​ម៉ឺន​រៀល​ និង ​១៥ ​ម៉ឺន​រៀល ​ក្នុង​លក្ខណៈ​តស៊ូ​លំបាក​បំផុត​ មិន​មែន​បាន​ច្រើន​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ​ហើយ​ខ្ញុំ​​ធ្លាប់​ចេញ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​ រួម​ទាំង ​អឺរ៉ុប និង​​អាស៊ី​ផង​ដែរ។ ​ជាមួយ​គ្នា​នេះ​ ខ្ញុំ​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ​៣ ពី​​ស៊ីហ្គេម​ លើក​ទី ​២២ ​នៅ​​វៀតណាម ឆ្នាំ ​២០០៣​ ស៊ីហ្គេម​ លើក​ទី ​២៣ ​នៅ​ហ្វីលីពីន ​ឆ្នាំ ​២០០៥ ​និង​ស៊ីហ្គេម​ លើក​ទី ​២៥ ​នៅ​ឡាវ ​ក្នុង​ឆ្នាំ​ ២០០៩​»។

ហ៊ិន​ សៃហេង បាន​​បន្ត​ថា៖ ​«បច្ចុប្បន្ន​ ខ្ញុំ​ជា​កូន​កំព្រា ​មាន​ប្រពន្ធ​ និង​មាន​​កូន ​៣ ​នាក់​ក្នុង​បន្ទុក​ ដោយ​ទទួល​បាន​ក្របខ័ណ្ឌ​ជា​នគរបាល​ជាតិ​។​ ទោះបី​ជា​ខ្ញុំ​​នៅ​តែ​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​ម្នាក់​ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​ ធ្វើ​ដូច​ម្តេច​បាន​ជាប់​ បើ​លក្ខខណ្ឌ​នៃ​ការ​ចូល​វា​ស្ថិត​នៅ​ក្នុង​ការ​ប្រជែង​ ដែល​មាន​លក្ខណៈ​មិន​ច្បាស់​លាស់​ រី​ឯ​ការ​ប្រជុំ​ជ្រើសរើស​មិន​ទាន់​ដឹង​ថា ​ផ្អែក​ទៅ​លើ​អ្វី​នោះ​ទេ»​។

អតីត​អ្នក​ប្រដាល់​ដែល​​ជាប់​ជា​ជម្រើស​ជាតិ​តាំង​ពី​ឆ្នាំ ​១៩៩៨ លោក ហ៊ិន សៃហេង បាន​រំឭក និង​បញ្ជាក់​ថា៖ ​​«​កន្លង​មក​ ខ្ញុំ​ធ្លាប់​ចូល​រួម​ការ​ជ្រើសរើស​ដែរ ​ហើយ​តាមរយៈ​ការ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​បេក្ខជន ​១០ ​នាក់​នោះ ​ខ្ញុំ​បាន​ជាប់​សំឡេង​ច្រើន​ជាង​គេ ​ប៉ុន្តែ​លទ្ធផល​នៅ​តែ​មិន​អាច​ប្រជែង​ជាមួយ​គេ​បាន​ឡើយ​»​។

បន្ថែម​លើ​ការ​ខក​ចិត្ត​នោះ ការ​ចិញ្ចឹម​ចិត្ត​ប្រជែង​ធ្វើ​ជា​គ្រូ​ជម្រើស​ជាតិ របស់​លោក ហ៊ិន សៃហេង ត្រូវ​បាន​រលាយ​បាត់ ​១ ​ឆ្នាំ​ទៀត​ហើយ ព្រោះ​លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​បាន​ប្រាប់​កាល​ពី​ថ្ងៃ​អង្គារ​ថា គ្រូ​បង្វឹក​ក្រុម​ធំ​ជម្រើស​ជាតិ​សកល​កម្ពុជា ឆ្នាំ ​២០២០ ​នេះ បាន​ជ្រើសរើស​រួច​ហើយ ដោយ​លោក វ៉ែន សុផល និង​គ្រូ​គុយបា លោក Rolando Castellno នៅ​តែ​ជាប់​ជា​គ្រូ​បង្គោល និង​គ្រូ​ជំនួយ​ ចំណែក​ក្រុម​​ថ្នាល​វិញ មាន​លោក ជ័យ ដារ៉ា ជាគ្រូ​បង្គោល និង​លោក ឡុង សាលីន ជាគ្រូ​ជំនួយ។

គួរ​បញ្ជាក់​ថា លោក ហ៊ិន សៃហេង ​មាន​ស្រុក​កំណើត​នៅ​​ភូមិ​តា​អេង ​ឃុំ​កំពង់បាយ ​​ស្រុក​កំពង់បាយ ​ខេត្ត​កំពត ហើយ​បច្ចុប្បន្ន លោក​រស់​នៅ​ភូមិ​ត្រពាំងថ្លឹង ​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍សែនជ័យ ហើយ​ ហ៊ិន សៃហេង បាន​បញ្ចប់​អាជីព​ជា​កីឡាករ ក្រោយ​​ចូលរួម​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០១១ នៅ​ឥណ្ឌូនេស៊ី ដោយ​មកធ្វើ​​ត្រឹម​ជា​អាជ្ញា​កណ្តាល ​ចៅក្រម​ នៅ​តាម​សង្វៀន​នានា​រហូត​មក​ដល់​ពេលនេះ៕​