ភ្នំពេញ៖ អ្នកជំនាញផ្នែកកីឡាកររបស់គណៈកម្មការធិការជាតិ រៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានអះអាងថា ការ៉ាតេកម្ពុជា បាននឹងកំពុងដុតដៃដុតជើង ធ្វើយ៉ាងណាឲ្យប្រភេទកីឡានេះ ក្លាយជាកីឡាមានសក្តានុពល ដើម្បីឈានទៅដណ្តើមបានមេដាយស៊ីហ្គេម ឆ្នាំ ២០២៣ ជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ។
លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «ការទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ នៅសល់ពេល ២ ឆ្នាំកន្លះទៀតប៉ុណ្ណោះ នៃពេលវេលា ដែលបានកំណត់ ដូច្នេះគណៈកម្មការបច្ចេកទេស និងគណៈកម្មការជំនាញរបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា កំពុងតែរៀបចំធ្វើការដុតដៃដុតជើង ធ្វើយ៉ាងណាឲ្យវិស័យកីឡាការ៉ាតេកម្ពុជា ក្លាយជាប្រភេទកីឡាដ៏មានសក្តានុពល ដើម្បីត្រៀមខ្លួន ប្រកួតប្រជែងយកមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះ នាពេលនោះ»។
ការលើកឡើងរបស់អ្នកជំនាញកីឡារូបនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២០ នៅសាលសាកលវិទ្យាល័យសាកលភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រនេះ ខណៈការប្រកួតនៅឆ្នាំនេះ មានអ្នកចូលរួមចំនួន ២៣៦ នាក់ មកពីក្លិបចំនួន ២៣ នៅទូទាំងប្រទេសកម្ពុជា ហើយពួកគេ ត្រូវប្រជែងលើការប្រកួតសម្តែងកាតា និងប្រយុទ្ធ សរុបចំនួន ៣៦ វិញ្ញាសា។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ផងនោះ ក៏បានបង្ហាញពីផែនការ និងការងារ ដែលសហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានសហព័ន្ធ ត្រូវធ្វើ និងត្រៀមអនុវត្ត មុនពេលឈានទៅដល់ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ ផងដែរ។
លោក វ៉ាត់ ចំរើន បានថ្លែងបន្តថា៖ «ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យសហព័ន្ធកីឡាការ៉ាតេកម្ពុជា រៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតជ្រើសរើសជើងឯកការ៉ាតេ អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២១ ដែលយើងទាំងអស់គ្នា ត្រូវតែត្រៀមខ្លួន ចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ឲ្យទទួលបានជោគជ័យ ហើយនៅឆ្នាំ ២០២២ យើងនឹងត្រៀមការប្រកួតមុនស៊ីហ្គេម ឬហៅថា Pre-SEA Games»។
អគ្គលេខាធិការគណៈកម្មការធិការជាតិ រៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ « ចាប់ពីឆ្នាំ ២០២១ ទៅ សហព័ន្ធកីឡាការ៉ាតេកម្ពុជា នឹងត្រូវរៀបចំការប្រកួតកីឡាការ៉ាតេ កម្រិតអន្តរជាតិ ឬជាលក្ខណៈ Open នៅក្នុងតំបន់ ដើម្បីយើងទទួលបាននូវបទពិសោធបន្ថែម ហើយការធ្វើបែបនេះ ដើម្បីយើងអាចឈានទៅរកការប្រជែងបានមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា»៕