ភ្នំពេញៈ ការ​ប្រកួត​ថ្នាក់​ខេត្ត​ពានរង្វាន់​សម្តេច​ហ៊ុនសែន លើក​ទី ១២ ឆ្នាំ ២០១៨ នឹង​ត្រូវ​ធ្វើការ​ប្រកួត​វគ្គ​ខ្វែង ១៦ ក្រុម​ចុង​ក្រោយ នៅ​លើ​ទីលាន​ចំនួន ៨ ផ្សេង​ពី​គ្នា នា​រសៀល​ម៉ោង ៣ ដូចគ្នា ថ្ងៃ​ពុធ​នេះ ដើម្បី​ស្វែង​រក​ក្រុម​ឈ្នះ​ចំនួន ៨ ក្រុម ឡើង​ទៅ​ប្រកួត​វគ្គ ១/៤ ផ្តាច់​ព្រ័ត្រ ជា​បន្ត​ទៀត។

តាមរយៈ​ការចាប់​ឆ្នោត​កន្លងមក​នេះ ក្រុម​ពូល C ខេត្ត​មណ្ឌលគិរី ដែល​បាន​ឡើងមក​ដល់​វគ្គ ១៦ ក្រុម​នេះ ដោយ​ស្វ័យប្រវត្តិ ព្រោះ​មាន​តែ ១ ក្រុម ត្រូវ​ស្វាគមន៍​ក្រុម​លេខ ១ ពូល A ខេត្ត​ប៉ៃលិន នៅ​លើ​កីឡដ្ឋាន​ខេត្ត​មណ្ឌលគិរី ឯ​ក្រុម​លេខ ៣ ពូល D ខេត្ត​កោះកុង ត្រូវ​ធ្វើជា​ម្ចាស់​ផ្ទះ ក្នុង​ការ​ទទួល​ក្រុម​លេខ ៣ ពូល B ខេត្ត​ត្បូងឃ្មុំ។

ចំណែក​ក្រុម​លេខ ៤ ល្អ​ពូល D ខេត្ត​កំពត ត្រូវ​ស្វាគមន៍​ក្រុម​លេខ ៣ ពូល A ខេត្ត​បាត់ដំបង នៅ​កីឡដ្ឋាន​ខេត្ត​កំពត ស្រប​ពេល​ក្រុម​លេខ ៤ ល្អ​ពូល B ខេត្ត​ព្រៃវែង ត្រូវ​ទទួល​ក្រុម​លេខ ៤ ល្អ​ពូល E ខេត្ត​កំពង់ធំ នៅ​កីឡដ្ឋាន​ខេត្ត​ព្រៃវែង ហើយ​ក្រុម​លេខ ១ ពូល B ខេត្ត​កំពង់ចាម ត្រូវ​ប្រកួត​ជាមួយ​ក្រុម​លេខ ១ ពូល E ខេត្ត​សៀមរាប នៅ​កីឡដ្ឋាន​ខេត្ត​កំពង់ចាម។

ជាមួយគ្នានេះ ក្រុម​លេខ ២ ពូល A គិរីវង់​អេ​ហ្វ​ស៊ី និង​ត្រូវ​ជួប​ក្រុម​លេខ ២ ពូល B យុវជន​ក្រសួង​ការពារ​ជាតិ នៅ​កីឡដ្ឋាន​គិរីវង់ ហើយ​ក្រុម​លេខ ២ ពូល E ស៊ីម៉ាក់​អេហ្វស៊ី ត្រូវ​ស្វាគមន៍​ក្រុម​លេខ ២ ពូល D ខេត្ត​ព្រះសីហនុ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ក្រុម​លេខ ៣ ពូល E ខេត្ត​ឧត្តរ​មានជ័យ ត្រូវ​ប្រឈម​ជាមួយ​ក្រុម​លេខ ១ ពូល D យុវជន​បាល់ទាត់​ជាតិ U18 នៅ​លើ​ទឹកដី​ខ្លួន​ឯង គឺ​កីឡដ្ឋាន​ខេត្ត​ឧត្តរ​មានជ័យ។

យោងតាម​ការចាប់​ឆ្នោត​នេះ វា​បានបង្ហាញ​ឲ្យ​ឃើញ​ពី​រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ ខណៈ​ក្រុម​ដែល​មាន​ប្រភព​ចេញ​ពី​ពូល​ជាមួយ​គ្នា មិន​បាន​ជួបគ្នា​សូម្បី​តែ ១ គូ​នោះ ស្រប​ពេល​ក្រុម​ខ្លាំងៗ ត្រូវ​ជួបគ្នា ប៉ុន្តែ​ក្រុម​ខេត្ត​ព្រៃវែង ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពត ដែល​បាន​ឡើង​មក​ដល់​វគ្គ ១៦ ក្រុម​នេះ ក្នុង​នាម​ជា​ក្រុម​លេខ ៤ ល្អ​នោះ បែរ​ជា​គេច​ផុត​ពី​ក្រុម​ខ្លាំងៗ​ទៅ​វិញ។

នៅក្នុង​ចំណោម​ការប្រកួត​ទាំង ៨ គូ​នេះ ត្រូវបាន​គេ​មើលឃើញថា ការជួបគ្នា​រវាង​ក្រុម​ខេត្ត​កំពង់ចាម និង​ខេត្ត​សៀមរាប ព្រម​ទាំង​ការ​ប៉ះគ្នា​របស់​គិរីវង់​អេហ្វស៊ី និង​យុវជន​ក្រសួង​ការពារ​ជាតិ រួម​ជាមួយ​ជំនួប​រវាង​ក្រុម​ស៊ីម៉ាក់​អេហ្វស៊ី និង​ខេត្ត​ព្រះសីហនុ គឺអាច​នឹងមាន​ភាព​តាន​តឹង​ខ្លាំង ពិបាក​ក្នុងការ​ព្យាករ​រក​ក្រុម​ឈ្នះ ព្រោះ​ក្រុម​ទាំង ៦ នេះ សុទ្ធ​តែ​ធ្វើ​បាន​ល្អ ក្នុងការ​ប្រកួត​ជម្រុះ​តាម​ពូល​កន្លង​មក​នេះ។

ប៉ុន្តែ​ក្រុម​ខេត្ត​ឧ​ត្ត​រ​មានជ័យ អាច​នឹងមាន​ការលំបាក ក្នុងការ​ទប់ទល់​ជាមួយ​ក្រុម​យុវជន​បាល់​ទាត់​ជាតិ U18 ឆ្នាំ ព្រោះ​ក្រុម​ថ្នាល​មួយ​នេះ មាន​ការ​ហ្វឹកហាត់​យ៉ាង​ត្រឹម​ត្រូវ នៅ​មជ្ឈមណ្ឌល​និង​សាល​បាល់ទាត់​ជាតិ​បាទី ក្រោម​ការ​ទំនុក​បម្រុង​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ហើយ​ពួកគេ ជា​ក្តី​សង្ឃឹម​របស់​កម្ពុជា ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕