ភ្នំពេញៈ អ្នកប្រដាល់ជំនាញប្រើកែង វង្ស ណយ បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការយកឈ្នះអ្នកប្រដាល់មានទម្ងន់ ៧១ គីឡូក្រាមរបស់ថៃ Phat Many ដើម្បីរូបគេអាចសាងបានភាពល្បីឡើងវិញ សម្រាប់ការវិលមកប្រកួត នៅសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ បន្ទាប់ពីរូបគេបានអាក់ខានឡើងប្រកួតនៅសង្វៀននេះប្រហែល ៣ ឆ្នាំ។
វង្ស ណយ ជាអ្នកប្រដាល់ជើងចាស់ជំនាញកែង និងជង្គង់ល្អ ព្រមទាំងមានចិត្តធំក្លាហានប៉ុន្តែភាពល្បីល្បាញរបស់គេ មិនសូវបានយូរ ខណៈដែលពេលខ្លះការប្រកួតចាញ់របស់គាត់យ៉ាងផុយស្រួយ និងពេលខ្លះផ្តួលគូប្រកួតបានលឿន គឺលិច និងអណ្តែត មិនទៀងទាត់ ព្រមទាំងផ្លាស់ប្តូរក្លិបជាច្រើនមកហើយ។
សម្រាប់ការវិលមកប្រកួតថ្មីនៅសង្វៀន SEATV នេះ បានធ្វើឲ្យអ្នកតាមដានការប្រដាល់មួយចំនួនធំ ចាប់អារម្មណ៍ ហើយកីឡាករមានកម្ពស់ ១,៧០ ម៉ែត្រ ធ្លាប់ប្រកួត ១៨៨ ដង ឈ្នះ ១៣០ ចាញ់ ៥៥ និងស្មើ ៣ ដងរូបនេះ ហាក់មិនចង់ផ្តល់បទសម្ភាសទេ ព្រោះខ្លាចរអាទៅនឹងសារព័ត៌មានខ្លះធ្លាប់រិះគន់ ពិសេសពេលប្រកួតចាញ់ម្តងៗ គឺចោទថា ប្រកួតមិនអស់សមត្ថភាព។
វង្ស ណយ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «សព្វថ្ងៃខ្ញុំចេញវ៉ៃសង្វៀនណាក៏បានដែរ ដោយខ្ញុំបានផ្លាស់មកនៅក្លិបកុលបុត្រគុនខ្មែរ ខណៈពីមុនធ្លាប់នៅក្លិបកងពលលេខ ៣១ សមាគមប្រដាល់ក្រសួងការពារជាតិ និងក្លិបអាណាចក្រគុនខ្មែរ ហើយការជួបថៃ Phat Many នៅថ្ងៃសៅរ៍ គឺខ្ញុំហ្វឹកហាត់ត្រៀម និងតាំងចិត្តយកឈ្នះក្នុងទំនុកចិត្តរហូតដល់ ៨០ ភាគរយ»។
កីឡាកររូបនេះបានបន្ថែមថា៖ «ខ្ញុំចង់ឈ្នះការប្រកួតនេះខ្លាំង ព្រោះខ្ញុំចង់ល្បីល្បាញលើសង្វៀន SEATV ជាថ្មី ក្រោយពេលខ្ញុំខកខាននៅទីនេះរយៈពេលប្រហែល ៣ ឆ្នាំមកហើយ ប៉ុន្តែចំណុចខ្សោយរបស់ខ្ញុំ គឺព្រួយផ្នែកបញ្ហាកម្លាំងប្រកួតចំនួន ៥ ទឹក ដែលអាចខ្សោយនៅចុងទឹកណាមួយ ដោយសារសព្វថ្ងៃខ្ញុំចាស់ហើយដែរ»។
លោក ញាន សុធី អ្នកគ្រប់គ្រងកម្មវិធីប្រកួតនៅ SEATV បានប្រាប់ថា ៖«វង្ស ណយ ទោះបីជាចាស់វស្សា តែប្រកួតល្អ មិនទៀងទាត់ ប៉ុន្តែសម្រាប់ប្រិយភាពនៅតែមានអ្នកគាំទ្រច្រើន ក្នុងលំដាប់ជួរមុខ ហើយខាងផ្នែកពាណិជ្ជកម្មតែងតែសួររក វង្ស ណយ ឲ្យឡើងសង្វៀនជារឿយ ៗ»។
តាមគណៈកម្មការផ្គូផ្គងបានឲ្យដឹងថា កីឡាករថៃ Phat Many មានកម្ពស់ ១,៧០ ម៉ែត្រហើយមានបទពិសោធឡើងប្រកួតតិចជាង វង្ស ណយ ចំនួន ១០៣ ដង គឺគេធ្លាប់ប្រកួតបានត្រឹម ៨៥ ដង ឈ្នះ ៧៣ និងចាញ់ ១២ ដង។ ប៉ុន្តែលោក ថៃ អ៊ូ ប្រតិភូនាំកីឡាករថៃមកប្រកួត ប្រាប់ថា Phat Many ល្អគួរសម អាចប្រហែល វង្ស ណយ ព្រោះគេមានកម្លាំង និងក្បាច់ជង្គង់ល្អ។
ចំណែក លោក ថាញ់ វ៉ាឡែក គ្រូបង្វឹកកីឡាករថៃ និយាយថា៖ «សមត្ថភាពរវាង PhatMany និង វង្ស ណយ គឺមានបច្ចេកទេសវ៉ៃល្អម្យ៉ាងម្នាក់ ហើយតាមរយៈមើលវីដេអូ ប្រកួតកន្លងមក ខ្ញុំគិតថា វង្ស ណយ អាចឈ្នះបានក្នុងក្បាច់កែងដោយចៃដន្យប៉ុណ្ណោះ ប៉ុន្តែបើ Phat Many បិទបានល្អ និងលេងក្បាច់ជង្គង់នោះ គឺមានប្រៀបឈ្នះ វង្ស ណយ ៨០ ភាគរយ។ រីឯការមកប្រកួតនៅកម្ពុជា ២ ទៅ ៣ លើកកន្លងមក Phat Many ឈ្នះទាំងអស់ មិនធ្លាប់ចាញ់ទេ»៕