ភ្នំពេញ៖ អ្នកប្រដាល់ វង្ស ណយ ត្រូវឡើងសង្វៀន TV5 Boxing Knock-Out Serie ដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃ Kwan Ek ថ្ងៃសៅរ៍ ទី ១៧ ខែសីហា ស្អែកនេះជាគូមិត្តភាពអន្តរជាតិកំដរគូដណ្តើមពានរង្វាន់ TV5 Boxing Knock-Out Serie by K-Cement នៅសង្វៀនព្រែកកំពឹស។
វត្តមានរបស់ វង្ស ណយ មកកាន់សង្វៀន TV5 ជាថ្មីនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនដែលដាក់ចម្ងល់ថា «តើ វង្ស ណយ អាចស៊ូ ជាមួយអ្នកលេងជង្គង់ថៃ Kwan Ek បានដែរឬយ៉ាងណា?»។
មួយរយៈចុងក្រោយនេះ វង្ស ណយ បានប្តូរក្លិបថ្មីគឺមកនៅក្លិបកុលបុត្រគុនខ្មែរ ហើយការប្រកួតភាគច្រើននៅសង្វៀនបាយ័នក្រោមការជួយទំនុកបម្រុងខ្លះពីអ្នកគ្រប់គ្រងកម្មវិធីដែលភាគច្រើនត្រូវគេសង្ស័យថា ទទួលលុយចិញ្ចឹមប្រចាំខែដើម្បីបម្រើការប្រកួតរបស់គេផ្តាច់មុខនៅសង្វៀននេះដូចគ្នានឹងកីឡាករ កែវ រំចង់ អ៊ីចឹងដែរ។
ការប្រកួតរវាងជើងខ្លាំងទាំង ២ ក្នុងប្រភេទទម្ងន់ ៧៣ គីឡូក្រាមនេះធ្វើឲ្យអ្នកទស្សនារំពឹងថា ជាការប្រកួតមួយអស្ចារ្យណាស់ព្រោះអ្នកប្រដាល់ថៃរូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ និងធ្លាប់ចាញ់-ឈ្នះស្មើជាមួយជើងខ្លាំង ឡុង សុភី ផងដែរ។
ចំពោះ វង្ស ណយ គឺជាអ្នកប្រដាល់ដែលមានអាជីពឡើងចុះមិនទៀងទាត់ ចួនកាលខ្លាំងផ្តួលដៃគូឲ្យសន្លប់យ៉ាងលឿន ប៉ុន្តែពេលខ្លះក៏ភ្លាត់ចាញ់សន្លប់យ៉ាងផុយស្រួយតែម្ដង ខណៈកិត្តិនាមរបស់រូបគេវិញចួនកាលល្បីល្បាញ ពេលខ្លះក៏ធ្លាក់ចុះ។
វង្ស ណយ ល្បីល្បាញខ្លាំងក្រោយឈ្នះ កែវ រំចង់ ពីប៉ុន្មានឆ្នាំមុននៅសង្វៀនបាយ័ន ខណៈ កែ រំចង់ ត្រូវគេពង្វាងលែងឲ្យជួបគ្នាជាថ្មី ប៉ុន្តែពីដើមឆ្នាំ ២០១៩ នេះកីឡាកររូបនេះធ្លាប់ចាញ់ រឿង សោភ័ណ្ឌ នៅសង្វៀន CNC ក្នុងជំនួបដ៏ជក់ចិត្ត និងកម្របំផុត។
អ្នកតាមដានប្រដាល់និយាយថា៖ «នេះជាជំនួបប្រកួតគ្នាដោយកម្រ និងគូទម្ងន់ជាង ៧៣ គីឡូក្រាមគួរឲ្យចង់ទស្សនា ប៉ុន្តែពួកគេសុទ្ធតែរំពឹងថា ការឈ្នះ ឬចាញ់លំបាកនឹងប្រកួតបាន ៥ ទឹកពេញណាស់ពោលគឺអាចប្រើពេល ប្រកួតខ្លី ឬសន្លប់មុនទឹកទី ៥»។
កីឡាករ វង្ស ណយ និយាយថា៖ «បច្ចុប្បន្នសង្វៀនណាក៏ខ្ញុំចេញប្រកួតបានដែរឲ្យតែប្រាប់មុន ដើម្បីត្រៀមហាត់ឲ្យបានល្អហើយពេលនេះខ្ញុំមិនជាប់កិច្ចសន្យាផ្តាច់មុខឲ្យសង្វៀនណានោះឡើយ ហើយជំនួបនេះ ខ្ញុំគិតថាគ្មានឧបសគ្គធំនោះទេពីព្រោះស្នៀតល្អរបស់គេ (កីឡាករថៃ) បានតែឱបកាច់ឡើងជង្គង់ប៉ុណ្ណោះ ប៉ុន្តែបើខ្ញុំមានឱកាសចេញកែង ឬវាយប្រយោលបានអាចសន្លប់ក្រោមកែងខ្ញុំក៏ថាបានពីព្រោះវ៉ៃគ្នាមិនទៀងទេ»។
កីឡាកររូបនេះបន្ថែមថា៖ «ខ្ញុំក៏មានចំណុចខ្សោយខ្លះគឺបញ្ហាកម្លាំងលំបាកធានានៅចុងទឹក ព្រោះអាយុរាងចាស់ដែរហើយកម្លាំងក៏មិនរឹងមាំដូចកាលនៅក្មេងដែរ»។
ទោះជាយ៉ាងណាកីឡាករជើងចាស់រូបនេះអះអាងថាធានាវ៉ៃអស់ពីសមត្ថភាពរឿងចាញ់ ឬឈ្នះមិនហ៊ាននិយាយមុនទេ ចាំមើលការប្រកួតជាក់ស្តែង។
លោក ថៃ អ៊ូ អ្នកនាំកីឡាករថៃមកប្រកួតបាននិយាយថា៖ «កីឡាករថៃ Kwan Ek Sor Sophap នេះជំនាញឱបឡើងជង្គង់ ប៉ុន្តែបញ្ហាចំណុចខ្សោយគឺថាបើបិទកែង វង្ស ណយ មិនបានទេអាចចាញ់ត្រង់បែកឈាម ឬសន្លប់នេះតែម្តង ប៉ុន្តែបើការប្រកួតធម្មតាតាមក្បាច់មិនវ៉ៃប្តូរគ្នានោះទេ Kwan Ek មានប្រៀបជាង វង្ស ណយ»។
រីឯព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement សម្រាប់ថ្ងៃសៅរ៍ ទី ១៧ ខែសីហានេះ អ្នកប្រដាល់ជើងថ្មី ភួង ណាំហុង ក្លិបរស្មីកំព្រា ត្រូវជួបជាមួយជើងចាស់ ស៊ឹម ប៊ុនឆៃ ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងដែលការប្រកួតនេះជាការប្រកួតជុំទី ១ នៃវគ្គជម្រុះចាញ់ធ្លាក់ក្នុងទម្ងន់ ៦០ គីឡូក្រាម៕