ភ្នំពេញៈ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​រក​ឃើញ​គ្រាប់​បាល់​ដំបូង សម្រាប់​ការ​វិល​មក​លេង​នៅ​លីក​កំពូល​កម្ពុជា ឆ្នាំ ២០១៨ របស់​ខ្លួន​ហើយ ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ដ៏​មាន​ន័យ​បំផុត ក្នុង​ការ​ជួយ​ក្រុម​បឹងកេត​ដែរ ចំណែក​អ្នក​ចាំទី សំ ពៅ បាន​ធ្វើ​ឲ្យ​ក្រុម​ណាហ្គាវើល ជួប​ការ​ខក​ចិត្ត​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប ជាមួយ​ការ​សង្គ្រោះ​បាល់​ដ៏​អស្ចារ្យ​របស់​គេ ឯ​ក្រសួង​ការពារ​ជាតិ បាន​បង្កើត​កំណត់ត្រា​ច្រំដែល ក្នុង​ការ​យក​ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប។

ចាន់ វឌ្ឍនាកា ត្រូវបាន​គ្រូបង្វឹក​លោក ហៅ សុជាតិ ដាក់​ឲ្យ​ចូល​លេង​នៅក្នុង​ជម្រើស ១១ នាក់​ដំបូង ជា​លើក​ទី ១ បន្ទាប់​ពី​រូបគេ មិន​បាន​បង្ហាញ​ខ្លួន កាល​ពី​សប្តាហ៍​មុន។ ការ​ប្រកួត នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​សៅរ៍​នោះ វឌ្ឍនាកា បាន​តែត​បាល់​បញ្ចូល​ទី​ជួយ​ឲ្យ​ក្រុម​បឹងកេត ឈ្នះ​ក្រុម​ប៉ូលិស ១-០ ទាំង​លំបាក នៅ​នាទី​ទី ៧២ ខណៈ Gbenga បាន​លើក​បាល់​កាត់​ចូល​ក្នុង​តំបន់​គ្រោះ​ថ្នាក់​យ៉ាង​ល្អ​នោះ។

បើទោះបីជា ការ​ឈ្នះ​ប៉ូលិស ត្រឹម ១-០ នេះ​វា​បានបង្ហាញ​ពី​ការ​ថមថយ​នូវ​ចំនួន​គ្រាប់​បាល់ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ជួបគ្នា​ជើង​ទី ១ ដែល​បឹងកេត បាន​ឈ្នះ​ប៉ូលិស រហូត​ដល់ ៥-១ ប៉ុន្តែ ១ គ្រាប់​របស់ វឌ្ឍនាកា នេះ​បាន​ក្លាយជា​ជ័យជម្នះ​យ៉ាង​សំខាន់​បំផុត ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​បឹងកេត មាន​ភាគរយ កាន់​តែ​ខ្ពស់ ក្នុង​ការ​ប្រជែង​យក​ពាន​នៅ​ឆ្នាំ​នេះ។

ការ​មាន ៣៦ ពិន្ទុ បានធ្វើ​ឲ្យ​ក្រុម​បឹងកេត មាន ៤ ពិន្ទុ ដាច់​ពី​ក្រុម​ណាហ្គា​វើ​ល ដែលជា​គូប្រជែង​របស់​ខ្លួន ព្រោះ​ការ​ប្រកួត​ជើង​ទី ២ ជាមួយ​ក្រុម​អង្គរ​ថាយហ្គឺរ នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​អាទិត្យ ណាហ្គាវើល ទទួល​បាន​ត្រឹម ១ ពិន្ទុ ដើម្បី​មាន ៣២ ពិន្ទុ។ ណាហ្គាវើល បាន​ត្រឹម​ស្មើ ១-១ ជាមួយ​អង្គរ​ថាយហ្គឺរ ដែល​ពួកគេ​ធ្លាប់​ឈ្នះ ៣-០ កាល​ពី​ជើង​ទី ១។

ខ្សែប្រយុទ្ធ Joichiro បា​នរក​គ្រាប់​បាល់​នាំមុខ​ឲ្យ​ក្រុម​អង្គ​រថា​យហ្គឺរ ១-០ តាំងពី​នាទី​ទី ១៥ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Matthew Osa វាយ​បក​បាន ១ គ្រាប់​វិញ​ឲ្យ​ណាហ្គាវើល នៅ​នាទី​ទី ៤០។ ក្រោយ​ការ​តាម​ស្មើ​នេះ ណាហ្គាវើល បាន​បង្កើន​ការ​វាយ​លុក​ទៅ​លើ​ក្រុម​អង្គរ​ថាយហ្គឺរ យ៉ាង​ខ្លាំង ហើយ​បាន​បង្កើត​ឱកាស​ក្នុង​ការ​ស៊ុត និង​តែត​បាល់​ចំ​គោល​ដៅ​ជិត ១០ គ្រាប់ ប៉ុន្តែ​អ្នក​ចាំទី សំ ពៅ សង្គ្រោះ​បាល់​ទាំង​នោះ បាន​យ៉ាង​ជោគ​ជ័យ។

សំ ពៅ ត្រូវបាន​អ្នកទស្សនា ចាត់ទុកថា​ជា​កំពូល​អ្នក​សង្គ្រោះ​បាល់ ដែល​បាន​ជួយ​ឲ្យ​ក្រុម​អង្គរ​ថាយហ្គឺរ ចែក ១ ពិន្ទុ​ជាមួយ​ក្រុម​ណាហ្គាវើល លើក​នេះ ដើម្បី​មាន ១២ ពិន្ទុ ប៉ុន្តែ​លទ្ធផល​ស្មើគ្នា​នេះ បាន​ធ្វើ​ឲ្យ​គ្រូ​បង្គោល​ក្រុម​ណាហ្គាវើល លោក មាស ចាន់ណា មិន​សប្បាយ​ចិត្ត​នោះ​ទេ ហើយ​វា​ក៏​ជា​ពេល​ដែល​ណាហ្គា​ត្រូវ​ធ្វើ​ការងារ​កាន់​តែ​ធ្ងន់ ក្នុង​ការ​ប្រជែង​យក​ពាន​នៅ​ឆ្នាំ​នេះ​ផង​ដែរ។

ចំណែក​ក្រុម​ទ័ព បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ៣-១ បន្ថែម​ទៅលើ​ការ​ឈ្នះ ២-១ កាលពី​ជើង​ទី ១ ហើយ​ការ​ឈ្នះ ៣-១ នេះ​វា​ដូច​គ្នា​ទៅ​នឹង​ការ​ប្រកួត​ជម្រុះ​វគ្គ ១៦ ក្រុម​ថ្នាក់​ជាតិ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ​អ៊ីចឹង​ដែរ​ដោយ ទ័ព បាន​ឈ្នះ អាស៊ី​អឺរ៉ុប ៣-១ ដូចគ្នា។ ការ​ទទួល​បាន ៣ ពិន្ទុ​នេះ បាន​ជួយ​ឲ្យ​ក្រុម​ទ័ព មាន ៣០ ពិន្ទុ ខណៈ​ក្រុម​សូល​ទីឡូ​អង្គរ ក៏បាន​បន្ត​ឈ្នះ​ក្រុម​ឈរ​នៅ​បាត​តារាង​វេស្ទើន ៣-០ ដើម្បី ១៤ ពិន្ទុ។

ចំពោះ ២ ប្រកួត​ទៀត ដែល​ធ្វើឡើង​កាលពី​យប់​ថ្ងៃអាទិត្យ ម្សិលមិញ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៤-២ ដើម្បី​មាន ២០ ពិន្ទុ ហើយ​ជ័យជម្នះ​នេះ​ក៏​ជា​ពេល​ដែល ណុប តុលា រក​បាន ២ គ្រាប់​តែ​ម្នាក់​ឯង​ជាថ្មី​ផង​ដែរ ខណៈ ប្រាក់ មុន្នីឧត្តម និង Silva Junior រក​បាន​ម្នាក់ ១ គ្រាប់ ឯ ២ គ្រាប់​របស់​អគ្គិសនី​កម្ពុជា រក​បាន​ដោយ ម៉ាត់ នូរុណ។ រីឯ​ក្រុម​មាន ២៩ ពិន្ទុ​ស្រាប់ វិសាខា បាន​យក​ឈ្នះ​ក្រុម​មាន ២១ ពិន្ទុ ភ្នំពេញ​ក្រោន ៣-១៕